Saturday, January 18, 2025
Homeព័ត៌មានអន្តរជាតិដូណាល់ ត្រាំ រកវិធានការជួយការពារ TikTok មុនពេលត្រូវហា.../មឃាត់នៅសហរដ្ឋអាមេរិក

ដូណាល់ ត្រាំ រកវិធានការជួយការពារ TikTok មុនពេលត្រូវហា…/មឃាត់នៅសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក ៖ ទីប្រឹក្សាសន្តិសុខរបស់លោកដូណាល់ ត្រាំ (Donald Trump) បាននិយាយថា ប្រធានា ធិបតីជាប់ឆ្នោត កំពុងស្វែងរកវិធានការរក្សាទុក TikTok មុនពេលវាត្រូវបានហាមឃាត់ប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក នាចុងសប្តាហ៍នេះ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ លោកម៉ៃខ៍ វ៉ាលហ្ស៍ (Mike Walz ) សមាជិកសភា មកពីរដ្ឋផ្លរីដា ជាទីប្រឹក្សាសន្តិសុខជាតិ ដែលនឹងត្រូវបានតែងតាំងក្នុងពេលឆាប់ៗនេះ របស់លោកដូណាល់ ត្រាំ បានបង្ហើបថា អនាគតប្រធានា ធិបតីអាមេរិក នឹងធ្វើអន្តរាគមន៍ ប្រសិនបើតុលាការកំពូល សម្រេចហាមឃាត់កម្មវិធី TikTok នៅសហរដ្ឋអា មេរិក ប្រសិនបើអាជីវកម្ម មិនត្រូវបានលក់ ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

មួយសប្តាហ៍មុន រដ្ឋបាលលោកចូ បៃដិន (Biden) ក៏កំពុងស្វែងរកការទប់ស្កាត់ការបាត់ខ្លួនភ្លាមៗនៃកម្មវិធីចែករំលែកឃ្លីបដ៏ពេញនិយមនេះ ខណៈដែលក្រុមហ៊ុន ByteDance របស់ចិនដែលជាម្ចាស់ TikTok បាននិយាយថា ពួកគេគ្រោងនឹងបិទកម្មវិធីនេះមានសម្រាប់អ្នកប្រើប្រាស់ ១៧០លាននាក់របស់ខ្លួន នៅសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ នេះ ។

លោកម៉ៃខ៍ វ៉ាលហ្ស៍ បាននិយាយថា “យើងនឹងចាត់វិធានការដើម្បីការពារ TikTok ពីការបិទ” ដោយបន្ថែមថាច្បាប់អនុញ្ញាតឱ្យមានការពន្យារពេលបន្ថែមរយៈពេល ៩០ថ្ងៃ ដើម្បីស្វែងរកអ្នកទិញ ប្រសិនបើ ByteDance មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការលក់អាជីវកម្ម»។

ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយ Fox News លោកម៉ៃខ៍ វ៉ាលហ្ស៍ បាននិយាយថា លោកត្រាំ គ្រោងនឹងប្រើប្រាស់បទបញ្ជាប្រតិបត្តិមួយ ដែលជាអំណាចរបស់ប្រធានាធិបតី ដើម្បីផ្អាកការហាមប្រាម TikTok ប៉ុន្តែមិនច្បាស់ទេថា តើមានវិធានការណាដែលអាចគេចផុតពីច្បាប់ដែលអនុម័តដោយសភា?

កម្មវិធី TikTok ត្រូវបានហាមឃាត់ដោយហេតុផលសុវត្ថិភាព ពីការព្រួយបារម្ភថា ព័ត៌មានអ្នកប្រើប្រាស់ អាចត្រូវបានប្រមូលនិងផ្តល់ទៅឱ្យរដ្ឋាភិបាលចិន។ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ កាលពីខែមេសា ឆ្នាំមុន ដោយផ្តល់ឱ្យក្រុមហ៊ុន ByteDance  ៩ខែ ដើម្បីស្វែងរកអ្នកទិញ ដែលនឹងត្រូវបានទទួលយកដោយសហរដ្ឋ អាមេរិក ឬត្រូវបានហាមឃាត់ មិនឱ្យផ្តល់សេវាកម្មនៅក្នុងសហរដ្ឋអាមេរិក។ ច្បាប់នេះមិនហាមប្រាម TikTok នោះទេ ប៉ុន្តែតម្រូវឱ្យក្រុមហ៊ុន IT ធំៗ ដូចជា Apple និង Google បញ្ឈប់ការធ្វើបច្ចុប្បន្នភាពកម្មវិធី ដែលវានឹងធ្វើឱ្យកម្មវិធីនេះ ស្លាប់បន្តិចម្តងៗទៅតាមពេលវេលា។

លោកត្រាំ បានធ្លាប់បានព្យាយាមសុំឱ្យតុលាការកំពូល ពន្យារពេលថ្ងៃកំណត់ក្នុងការហាមឃាត់ TikTok មួយថ្ងៃ មុនពេលលោកស្បថចូលកាន់តំណែង ដូច្នេះលោកអាចរកដំណោះស្រាយនយោបាយបាន។ ទាំងលោកត្រាំ និងលោកបៃដិន បានផ្លាស់ប្តូរទិសដៅរបស់ពួកគាត់នៅលើ TikTok ដោយលោកត្រាំ បានជំរុញឱ្យមានការហាមឃាត់លើកម្មវិធីក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ជាប្រធានាធិបតី។ ប៉ុន្តែក្នុងយុទ្ធនាការបោះឆ្នោត កន្លងមក គាត់បាននិយាយថា គាត់នឹងការពារ TikTok ខណៈដែលលោក ចូ បៃដិន ដែលបានចុះហត្ថលេខាលើច្បាប់បង្ខំឱ្យក្រុមហ៊ុន ByteDance លក់ TikTok កំពុងស្វែងរកការការពារកម្មវិធី ពីការហាមឃាត់៕

RELATED ARTICLES