សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) ភ្លាមៗបន្ទាប់ពីបានឡើងកាន់តំណែងជាផ្លូវការ កាលពីថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដកសហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (World Health Organization -WHO) ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិ ធ្វើការជាមួយអង្គភាពរដ្ឋាភិបាល និងដៃគូផ្សេងទៀត ដើម្បីកែលម្អសុខ ភាពរបស់មនុស្ស និងសហគមន៍ទូទាំងពិភពលោក គិតត្រឹមថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ មានរដ្ឋសមាជិក ចំនួន១២៤ រួមទាំងសហរដ្ឋអាមេរិក ផងដែរ។
សហរដ្ឋអាមេរិក បានចូលរួមជាមួយអង្គការសុខភាពពិភពលោក នៅឆ្នាំ១៩៤៨ ។ លោក ត្រាំ បានដកការចូល រួមរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ នៅឆ្នាំ ២០២០ តែត្រូវបានបញ្ចូលសហរដ្ឋអា មេរិក ទៅក្នុងរដ្ឋសមាជិកអង្គការសុខភាពពិភពលោកឡើងវិញ ដោយអតីតប្រធានាធិបតី ចូ បៃដិន (Joe Biden) នៅឆ្នាំ២០២១ ។
នៅលើគេហទំព័ររបស់អង្គការសុខភាពពិភពលោក (WHO) គិតត្រឹមល្ងាចថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ និ យាយថា “សហរដ្ឋអាមេរិក ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ WHO ដើម្បីការពារនិងធ្វើឱ្យសុខភាពរបស់ប្រជាជនអាមេរិក និងប្រជាជននៅជុំវិញពិភពលោក កាន់តែប្រសើរឡើង” ។
លោកត្រាំ បានលើកឡើងថា ការចំណាយលើការចូលរួម គឺខ្ពស់ពេកសម្រាប់សហរដ្ឋអាមេរិក ដោយលោកបាននិយាយថា សហរដ្ឋអាមេរិក បានចំណាយប្រាក់ចំនួន ៥០០លានដុល្លារដើម្បីគាំទ្រអង្គការ WHO ខណៈដែលប្រទេសចិន ចំណាយត្រឹមតែ ៣៩លានដុល្លារប៉ុណ្ណោះ។
លោកដូណាល់ ត្រាំ បានមានប្រសាសន៍ថា “ប្រទេសចិន បង់ ៣៩លាន ហើយយើងបង់ ៥០០លាន ហើយប្រទេសចិន ជាប្រទេសធំជាងយើង ដូច្នេះវាហាក់ដូចជាអយុត្តិធម៌បន្តិចហើយ”៕