Thursday, January 23, 2025
Homeព័ត៌មានអន្តរជាតិលោកដូណាល់ ត្រាំ ពិចារណាដំឡើងពន្ធ10% លើការនាំចូលទំនិញចិន ចាប់ពីខែកុម្ភៈ

លោកដូណាល់ ត្រាំ ពិចារណាដំឡើងពន្ធ10% លើការនាំចូលទំនិញចិន ចាប់ពីខែកុម្ភៈ

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) បន្ទាប់ពីបានឡើងកាន់តំណែងជាផ្លូវការភ្លាម បានប្រកាសថា នឹងដំឡើងពន្ធលើទំនិញនាំចូលពីសហភាពអឺរ៉ុប ហើយបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិចារណាដំឡើងពន្ធ 10% លើការនាំចូលពីប្រទេសចិន ។

តាមប្រភព Reuters បានរាយការណ៍នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ថា ប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក បានប្រកាសថា ជាមួយនឹងការដំឡើងពន្ធលើទំនិញនាំចូលពីសហភាពអឺរ៉ុប រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិភាក្សាអំពីការដំឡើងពន្ធ 10% លើទំនិញនាំចូលពីប្រទេសចិន។

លោកដូណាល់ ត្រាំ បានធ្វើការគំរាមកំហែងចុងក្រោយបំផុតនៃពន្ធ ក្នុងអំឡុងពេលសម្ភាសន៍ជាមួយអ្នកសារ ព័ត៌មាន នៅសេតវិមាន មួយថ្ងៃបន្ទាប់ពីឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ជាលើកទី២ ។ ដោយមិនដំឡើងពន្ធភ្លាមៗ ដូចដែលបានសន្យាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោកត្រាំ បានកំណត់យកថ្ងៃថ្ងៃទី១ ខែកុម្ភៈ ខាងមុខ សម្រាប់ពន្ធនាំចូលលើផលិតផលពីប្រទេសកាណាដា និងម៉ិកស៊ិក ២៥% រួមទាំងពន្ធនាំចូលលើផលិតផលពីប្រទេសចិន និងសហភាពអឺរ៉ុប។

លោកត្រាំ បាននិយាយថា សហភាពអឺរ៉ុប និងប្រទេសផ្សេងទៀត ក៏មានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋ អាមេរិកផងដែរ។

លោកដូណាល់ ត្រាំ បាននិយាយ “សហភាពអឺរ៉ុប មិនល្អសម្រាប់យើងទាល់តែសោះ។ ពួកគេនឹងត្រូវបង់ពន្ធនាំចូល។ នោះជាមធ្យោបាយតែមួយគត់ដែលអ្នកនឹងទទួលបានយុត្តិធម៌។ យើងកំពុងពិចារណាដំឡើងពន្ធលើការនាំចូលពីកាណាដា និងម៉ិកស៊ិក លើកលែងតែប្រទេសទាំងពីរ បង្ក្រាបការជួញដូរមនុស្សខុសច្បាប់ និងថ្នាំហ្វេនតានីល (fentanyl) រួមទាំងការបញ្ជូនសារធាតុគីមីមុនគេ ពីប្រទេសចិន ឆ្លងកាត់ព្រំដែនអាមេរិក»។

លោកត្រាំ ធ្លាប់បានគំរាមដំឡើងពន្ធ 10% លើការនាំចូលទំនិញរបស់ចិន នៅពេលលោកឡើងកាន់តំណែងភ្លាម ប៉ុន្តែពេលនេះត្រូវបានពន្យារពេលដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នា២០២៥ ។

ទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន លោកភីធឺរ ណាវ៉ាររ៉ូ) (Peter Navarro) បានប្រាប់ CNBC នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ថា លោកត្រាំ បានគំរាមយកពន្ធលើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ដើម្បីដាក់សម្ពាធប្រទេសទាំងពីរ ឱ្យបញ្ឈប់ជនអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន ចូលសហរដ្ឋអាមេរិក។

លោកភីធឺរ ណាវ៉ាររ៉ូ បានថ្លែងថា «មូលហេតុដែលគាត់ពិចារណាយកពន្ធនាំចូល ២៥,២៥%  និង ១០% ឬអ្វីក៏ដោយនឹងកើតឡើងចំពោះប្រទេសកាណាដា ម៉ិកស៊ិក និងចិន ពីព្រោះជនជាតិអាមេរិក កាន់តែច្រើន បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំ fentanyl ច្រើនពេក ជារៀងរាល់ថ្ងៃ»។

កាលពីថ្ងៃចន្ទ លោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈពាណិជ្ជកម្មជាច្រើន ដោយបានបញ្ជាឱ្យភ្នាក់ងារសហព័ន្ធ ស៊ើបអង្កេតបញ្ហាពាណិជ្ជកម្មផ្សេងៗ ឲ្យទូលំទូលាយត្រឹមថ្ងៃទី១ ខែមេសា រួមទាំងការវិភាគអំពីឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលកើតឡើងជាបន្តបន្ទាប់ ពាណិជ្ជកម្មអយុត្តិធម៌ និងការរៀប ចំរូបិយប័ណ្ណរវាងប្រទេសសម្ព័ន្ធមិត្ត រួមទាំងអនុស្សរណៈរបស់លោកត្រាំ ស្នើសុំការផ្តល់យោបល់លើដំណោះ ស្រាយ រួមទាំងពន្ធបន្ថែមលើសកល ។

ប្រទេសម៉ិកស៊ិក និងកាណាដា បានឆ្លើយតបទៅនឹងកាលបរិច្ឆេទកំណត់ថ្ងៃទី១ ខែកុម្ភៈ របស់ លោកត្រាំ។ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លូឌៀ ឆេនបូម (Claudia Chainbaum) បាននិយាយថា លោកស្រីនឹងសង្កត់ធ្ងន់លើអធិបតេយ្យនិងឯករាជ្យភាពរបស់ប្រទេសម៉ិកស៊ិក ហើយនឹងឆ្លើយតបទៅនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក “មួយជំហានម្តងៗ”។ ប៉ុន្តែលោកស្រីបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងមិនចាំបាច់ត្រូវចរចាឡើងវិញ រហូតដល់ឆ្នាំ២០២៦ នោះទេ ៕

RELATED ARTICLES