ភ្នំពេញ៖ស្រីស្អាតសឹម ស្រីនិច្ច បានបង្ហាញសញ្ញាច្បាស់លាស់ជាមួយពិធីករលោកសុខ សាន់នី ដោយថ្មីៗនេះពួកគេទៅថតឈុតកូនកំលោះ-ក្រមុំ កាន់ផ្កា ស្រដៀងឈុតPre-Wedding ហើយក្រុមតារារួមអាជីពបានសាទរពួកគេថាជិតមានដំណឹងល្អ(ចូលរោងការ)ហើយ ។ប៉ុន្ដែ គេពិបាកយល់ព្រោះគ្រាន់តែមិត្តរួមអាជីពខមិនគាំទ្រពួកគេថាសាកសមគ្នា ហើយជម្រុញ ឲ្យចូលរោងការឆាប់នោះមិនទាន់ចប់ផង ស្រាប់តែលោកសាន់នី ទៅថតអោបរឹត ជាមួយនាង ពេជ្រ សូលីដា ហៅជីជី ក្នុងឈុតកូនកំលោះ-ក្រមុំ ចិន ដោយស្អិតល្មូតគ្នាលើសស្រីនិច្ច។បញ្ហានេះធ្វើឲ្យមានការលើកឡើងថាលោកសាន់នី មិនខ្លាចចិត្តស្រីនិច្ច ប៉ុនក្រចកដៃឡើយ ខណៈមានពេលខ្លះពិធីកររូបនេះថែមទាំងឲ្យជីជី និងគៀត សុវណ្ណាឡាង ចាប់ថើបលោកទៀតផង ដែលសកម្មភាពបែបនេះបើស្រីនិច្ច ចេះតែនៅសម្ងំស្ងៀមទៀត ច្បាស់ជាលោកពិធីកររូបនេះរឹតតែបានដៃជាមិនខាន។



គួរបញ្ជាក់ថាសឹម ស្រីនិច្ច ក្រោយចែកផ្លូវអតីតគូស្នេហ៍ជាអ្នកជំនួញវិស័យអចលនទ្រព្យម្នាក់នោះជាង២ឆ្នាំមកនេះ បុរសដែលនាងទុកចិត្តជាងគេគឺលោកសុខ សាន់នី នេះហើយដោយថែមទាំងបណ្ដើរគ្នាទៅរ៉ូមែនទិកនៅថៃតែ២នាក់ទៀតផង ។ស្រីនិច្ច ក៍ធ្លាប់បង្ហើបក្រោយចែកផ្លូវគូស្នេហ៍ចាស់នោះថានាងត្រូវការបុរសសស្មោះស្នេហ៍ តែពេលនេះប៉ះលោកសាន់នី បុរសសាច់សខ្ចីសាច់ដុំធំៗរូបនេះបែជាស្និតជាមួយស្រីផ្សេង ដូចជាមួយនាងដែរទៅវិញ ទើបមានការលើកឡើងថាតើស្រីនិច្ច រកបានសង្សារថ្មីនេះជាសុភាពបុរសដូចនាងប៉ងមែន ឬប៉ះព្រាននារី ?


លោកសុខ សាន់នី និងកញ្ញាពេជ្រ សូលីដា ហៅជីជី
សឹម ស្រីនិច្ច ជាតារាសម្ដែងលេចធ្លោនាពេលបច្ចុប្បន្នក្នុងចំណោមនាងមាន សូនីតា និងសិទ្ធី នីកា ជាដើម ។ស្រីនិច្ច រំពឹងលេចធ្លោជាងនេះនៅពេលដែលភាពយន្ដរឿង«អប្សរា មហាអង្គរ » ដែលនាងសម្ដែងជាតួឯក និងលេងដល់ទៅតួ៣ផ្សេងគ្នានោះដាក់បញ្ចាំងនាពេលខាងមុខនេះ ព្រោះគ្រាន់តែនាងចំណាយហាត់របាំដើម្បីថតរឿងនេះចំណាយពេលដល់ទៅ១ឆ្នាំ ។ប្រភពបានឲ្យដឹងថាប្រសិនបើស្រីនិច្ច ក្លាយទៅជាគូស្នេហ៍របស់លោកសាន់នី ពិតប្រាកដមែន នោះគេជឿថា នាងប្រាកដជាមិនអាចសម្ងំនៅស្ងៀមពេលដែលឃើញពិធីករសង្ហាររូបនេះគិតតែពីទៅកៀកកើយស្រីស្អាតៗសឹងតែគ្រប់គ្នាបែបនេះឡើយ។ ប៉ុន្ដែមូលហេតុដែលស្រីស្រស់ស្រីនិច្ច គ្មានប្រតិកម្មលើលោកសាន់នី ត្រូវបានគេជឿថាអាចមកពីនាងនៅមិនទាន់មានភាពច្បាស់លាស់ជាមួយលោកពិធីករដែលចិត្តល្អបណ្ដោយឲ្យស្រីស្អាតៗថើបតាមចិត្ត អត់គិតក្វល់ពីដៃគូខ្លួនឯងបែបនេះឡើយ ។


ក្រៅពីសឹម ស្រីនិច្ច តារាដែលកំពុងមើលចិត្តគូស្នេហ៍ជាតារាដូចគ្នាតែគ្មានដំណឹងរៀបការមានដូចជាពេជ្រ សោភា ,ឈិន មុនីនាថ និងនាងឈីន រតនៈ ជាដើម ។អ្នកនៅក្នុងសិល្បៈបានសរសើរស្រីនិច្ច ថាតាមពិតនាងមានជម្រើសស្នេហ៍ច្រើន ហើយបើចង់ធ្វើជំទាវ ក៍តំណែងមួយនេះមិននៅឆ្ងាយពីកណ្ដាប់ដៃនាងឡើយ ។តែស្រីនិច្ច ប្រាថ្នាចង់បានបុរសស្មោះស្ម័គ្រស្នេហា ព្រោះមិនចង់ខកចិត្តជាលើកទី២ តែពេលនេះលោកសាន់នី បែជាបង្ហាញកាយវិការស្មោះតែចំពោះមុខនាង តែក្រោយខ្នងផ្អែមល្ហែមជាមួយតារាស្រីផ្សេងទៀតលើសស្រីនិច្ច ហើយក្នុងជំនួបជាមួយអ្នកកាសែតលោកពិធីករថែមទាំងថាគូព្រេងលោកមិនទាន់កើតទៀតផង ។គេថាស្នេហាស្រីនិច្ច កំពុងប្រឈមហានិភ័យ ព្រោះដៃគូមើលឃើញស្រីផ្សេងសំខាន់ជាងនាង ៕

