សហរដ្ឋអាមេរិក ៖ ឧបទ្ទវហេតុផ្លូវអាកាសមួយ នៅសហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងយ៉ាងតិច ៤នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលយន្តហោះមួយគ្រឿងបានរអិលចេញពីផ្លូវរត់ បុកយន្តហោះមួយផ្សេងទៀត ពេលចុះចតនៅអាកាសយានដ្ឋាន ស្កុតដេល (Scottsdale) រដ្ឋអារីហ្សូណា (Arizona)។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គ្រោះថ្នាក់មួយបានកើតឡើង នៅពេលដែលយន្តហោះ Learjet 35A ១គ្រឿង បានបាត់បង់ការគ្រប់គ្រង ហើយបានរអិលចេញពីផ្លូវរត់ បន្ទាប់ពីចុះចត ហើយបានបុកយន្តហោះជំនួញ Gulfstream 200 នៅអាកាសយានដ្ឋាន Scottsdale រដ្ឋអារីហ្សូណា នាវេលាម៉ោង ២:៤៥នាទី រសៀល ម៉ោងក្នុងស្រុក នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងយ៉ាងតិច ៤នាក់ទៀត រងរបួស ក្នុងនោះ មានម្នាក់ជាប់នៅខាងក្នុងយន្តហោះ។ ក្រុមសង្គ្រោះ បានប្រញាប់ប្រញាល់ជួយជនរងគ្រោះ ខណៈ៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ជាមួយគ្នានេះដែរ មានសេចក្តីរាយការណ៍ថា យន្តហោះដែលបាត់បង់ការគ្រប់គ្រងក្នុងឧបទ្ទវហេតុនេះ ជាកម្មសិទ្ធិរបស់លោក វីនស៍ ណេល (Vince Neil) ដែលជាអ្នកចម្រៀង ដឹកនាំក្រុម Motley Crue ប៉ុន្តែអ្នកចម្រៀងរូបនេះមិនបាននៅលើយន្តហោះទេ នៅពេលកើតហេតុ។

ឧបទ្ទវហេតុនេះបានកើតឡើង ខណៈពេលដែលភាគីជាច្រើន កំពុងឃ្លាំមើលសុវត្ថិភាពអាកាសចរណ៍នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីប៉ុន្មានសប្តាហ៍កន្លងមកនេះ មានគ្រោះថ្នាក់អាកាសចរណ៍ ចំនួន៣លើក ចាប់តាំងពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានធ្លាក់ឧទ្ធម្ភាគចក្រ Black Hawk នៅអាកាសយានដ្ឋានរីហ្គែន (Reagan) ទីក្រុងវ៉ាស៊ីងតោន ឌីស៊ី បណ្តាលឲ្យមនុស្ស ៦៧នាក់ បានស្លាប់, ការធ្លាក់យន្តហោះពេទ្យ នៅទីក្រុងភីឡាដែលភី (Philadelphia) សម្លាប់មនុស្ស ៧នាក់ និងយន្តហោះធុនតូចមួយ បានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ នៅ អាឡាស្កា ដែលបានសម្លាប់អ្នកបើកយន្តហោះ និងមនុស្ស ១០នាក់ នៅលើយន្តហោះ៕