សហរដ្ឋអាមេរិក ៖ លោកដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហើបថា ការចរចាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នឹងចាប់ផ្តើមភ្លាមៗ បន្ទាប់ពីលោកបាននិយាយតាមទូរស័ព្ទជាមួយលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី ។

តាមប្រភពទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក បាននិយាយថា ការចរចាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នឹងចាប់ផ្តើមភ្លាមៗ បន្ទាប់ពីគាត់ទើបតែមានការសន្ទនាដ៏យូរ និងមានប្រសិទ្ធភាពបំផុត ជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅព្រឹកថ្ងៃពុធ ទី១២ ខែ កុម្ភៈ ឆ្នាំ២០២៥ ម៉ោងក្នុងស្រុក។

ការសន្ទនាតាមទូរស័ព្ទបែបនេះ វាជាលើកដំបូង ចាប់តាំងពីលោកត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដែលបានកើតឡើងនៅពេលដែលលោកត្រាំ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ទីប្រឹក្សារបស់គាត់។ លោកត្រាំ ចង់ឲ្យសង្គ្រាមអ៊ុយក្រែន បញ្ចប់យ៉ាងឆាប់រហ័ស។ មន្ត្រីរដ្ឋបាលលោកដូណាល់ ត្រាំ ជាច្រើននាក់បាននិយាយថា ពួកគេសង្ឃឹមសម្រាប់ការដោះដូរអ្នកទោស នៅថ្ងៃអង្គារ វានឹងជាសញ្ញានៃការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយជិតដល់ឆ្នាំទី៤ហើយ ឥឡូវនេះមេដឹកនាំទាំងពីរ បានត្រលប់មកនិយាយគ្នាវិញហើយ បន្ទាប់ពីរដ្ឋាភិបាលសហ រដ្ឋអាមេរិក និងរុស្ស៊ី បានស្ងៀមស្ងាត់អំពីគ្នាទៅវិញទៅមក អស់ជាច្រើនឆ្នាំ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា “យើងពិភាក្សាអំពីអ៊ុយក្រែន មជ្ឈិមបូព៌ា ថាមពល បញ្ញាសិប្បនិម្មិត អំណាចនៃប្រាក់ដុល្លារ និងបញ្ហាជាច្រើនទៀត។ យើងបានយល់ព្រមធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ រួមទាំងការទៅទស្សនកិចប្រទេសគ្នាទៅវិញទៅមក យើងក៏បានយល់ព្រមថា ក្រុមប្រតិភូរបស់យើង នឹងចាប់ផ្តើមការចរចាភ្លាមៗ ហើយយើងនឹងចាប់ផ្តើមដោយការអំពាវនាវទៅ កាន់ប្រធានាធិបតី ហ្សេឡេនស្គី នៃអ៊ុយក្រែន ប្រាប់គាត់ពីការសន្ទនា។ នេះជាអ្វីដែលខ្ញុំកំពុងធ្វើនៅពេលនេះ»។

អ្នកវិភាគបានលើកឡើងថា បន្ទាប់ពីមានពីសេចក្តីថ្លែងការណ៍របស់សេតវិមាន នៃសហរដ្ឋអាមេរិក និងវិមានក្រឹមឡាំង របស់រុស្ស៊ី ជុំវិញការសន្ទនាតាមទូរស័ព្ទ រវាងលោកត្រាំ និងលោកពូទីន គេជឿថា មេដឹកនាំប្រទេសទាំងពីរ និយាយគ្នាយ៉ាងស្និទ្ធស្នាល ខណៈដែលភាគីវិមានក្រឹមឡាំង បញ្ជាក់ថា លោកត្រាំ និងលោកពូទីន បាននិយាយគ្នាជិត ៩០នាទី៕