អ៊ុយក្រែន ៖ មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់ថា ពួកគេនឹងមិនទទួលយកកិច្ចព្រមព្រៀងសន្តិភាពដែលពួកគេមិនមានចំណែករួមណាមួយនោះទេ ទន្ទឹមនឹងសហភាពអឺរ៉ុប បានព្រមានថា សហរដ្ឋអាមេរិក និងរុស្ស៊ី មិនគួរធ្វើកិច្ចព្រមព្រៀងនៅពីក្រោយខ្នងរបស់ពួកគេ ជាមួយអ៊ុយក្រែន ឡើយ។
![](https://norkorthom.com/wp-content/uploads/2025/02/d3-1.jpg)
តាមប្រភពទីភ្នាក់សារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៥ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ នៅតំបន់ភាគខាងលិច នៃប្រទេសថា អ៊ុយក្រែន នឹងមិនទទួលយកកិច្ចព្រមព្រៀងសន្តិភាពដែលយល់ព្រមដោយសហ រដ្ឋអាមេរិក ជាមួយរុស្ស៊ី ដោយគ្មានការចូលរួមពីរដ្ឋបាលក្រុងគៀវ នោះទេ។
លោកហ្សេឡេនស្គី បាននិយាយថា “ជាប្រទេសឯករាជ្យ យើងមិនអាចទទួលយកលក្ខខណ្ឌណាមួយដែលយើងមិនអាចចូលរួមបានទ ហើយខ្ញុំចង់បញ្ជាក់ឱ្យច្បាស់អំពីរឿងនេះ ទៅកាន់ដៃគូរបស់យើង គឺមិនទទួលយកការចរចាទ្វេភាគីណាមួយឡើយលើអ៊ុយក្រែន ដោយគ្មានការចូលរួមរបស់យើងឡើយ»។
ការថ្លែងបញ្ជាក់របស់លោកហ្សេឡេនស្គី ខាងលើនេះ បានធ្វើឡើងតែមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) បានពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន តាមទូរស័ព្ទ ដោយលោកត្រាំ បានបង្ហាញតាមរយៈ Truth Social ថា ការចរចាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នឹងចាប់ផ្តើមភ្លាមៗ។
ទោះបីជាយ៉ាងណា លោកស្រី កាចា កាលឡាស (Kaja Kallas) ប្រធាននាយកដ្ឋានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានប្រកាសថា ពួកគេនឹងគាំទ្រអ៊ុយក្រែន ប្រសិនបើអ៊ុយក្រែន បដិសេធកិច្ចព្រមព្រៀងសន្តិភាព ដែលពួកគេមិនបានអនុម័ត។ លោកស្រី បានព្រមានថា កិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន យ៉ាងឆាប់រហ័ស គឺជា «កិច្ចព្រមព្រៀងកខ្វក់»។
លោកស្រី កាលឡាស មានប្រសាសន៍ថា អឺរ៉ុប និងអ៊ុយក្រែន ចាំបាច់ត្រូវតែចូលរួមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយ ប្រសិនបើអ្នកចង់ឱ្យវាដំណើរការ ហើយកិច្ចព្រមព្រៀង មិនគួរកើតឡើងនៅពីក្រោយខ្នងរបស់ពួកគេនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា លោកប្រធានា ធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក បាននិយាយថា ការចរចាដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន នឹងចាប់ផ្តើមភ្លាមៗ បន្ទាប់ពីគាត់ទើបតែមានការសន្ទនាដ៏យូរ និងមានប្រសិទ្ធភាពបំផុត ជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោងក្នុងស្រុក។ ចំណែកភាគីវិមានក្រឹមឡាំង បញ្ជាក់ថា លោកត្រាំ និងលោកពូទីន បាននិយាយគ្នាជិត ៩០នាទី។
ការសន្ទនាតាមទូរស័ព្ទបែបនេះ វាជាលើកដំបូង ចាប់តាំងពីលោកត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដែលបានកើតឡើងនៅពេលដែលលោកត្រាំ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ទីប្រឹក្សារបស់គាត់។ លោកត្រាំ ចង់ឲ្យសង្គ្រាមអ៊ុយក្រែន បញ្ចប់យ៉ាងឆាប់រហ័ស។ មន្ត្រីរដ្ឋបាលលោកដូណាល់ ត្រាំ ជាច្រើននាក់បាននិយាយថា ពួកគេសង្ឃឹមសម្រាប់ការដោះដូរអ្នកទោស នៅថ្ងៃអង្គារ វានឹងជាសញ្ញានៃការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយជិតដល់ឆ្នាំទី៤ហើយ ឥឡូវនេះមេដឹកនាំទាំងពីរ បានត្រលប់មកនិយាយគ្នាវិញហើយ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរុស្ស៊ី បានស្ងៀមស្ងាត់អំពីគ្នាទៅវិញទៅមក អស់ជាច្រើនឆ្នាំ។
![](https://norkorthom.com/wp-content/uploads/2025/02/d2.jpg)
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា “យើងពិភាក្សាអំពីអ៊ុយក្រែន មជ្ឈិមបូព៌ា ថាមពល បញ្ញាសិប្បនិម្មិត អំណាចនៃប្រាក់ដុល្លារ និងបញ្ហាជាច្រើនទៀត។ យើងបានយល់ព្រមធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ រួមទាំងការទៅទស្សនកិចប្រទេសគ្នាទៅវិញទៅមក យើងក៏បានយល់ព្រមថា ក្រុមប្រតិភូរបស់យើង នឹងចាប់ផ្តើមការចរចាភ្លាមៗ ហើយយើងនឹងចាប់ផ្តើមដោយការអំពាវនាវទៅកាន់ប្រធានាធិបតី ហ្សេឡេនស្គី នៃអ៊ុយក្រែន ប្រាប់គាត់ពីការសន្ទនា។ នេះជាអ្វីដែលខ្ញុំកំពុងធ្វើនៅពេលនេះ»៕