តូរ៉ុនតូ (កាណាដា) ៖ យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលតា (Delta Airlines) បានក្រឡាប់ផ្ងារជើងឡើងលើ និងបានផ្ទុះឆេះ ខណៈពេលចុះចតនៅអាកាសយានដ្ឋាន តូរ៉ុនតូ (Toronto) ប្រទេសកាណាដា មានមនុស្សរបួស ១៥នាក់ ក្នុងនោះ ៣នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ កាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោងក្នុងស្រុក ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ជើងហោះហើរលេខ 4819 របស់ក្រុមហ៊ុនអាកាសចរណ៍ Delta បានធ្លាក់ក្នុងដី ខណៈកំពុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ តូរ៉ុនតូ ភៀរសិន (Toronto Pearson) ប្រទេសកាណាដា នៅវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោងក្នុងស្រុក។
មន្ត្រីអាកាសយានដ្ឋាន បានបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ដែលធ្វើដំណើរពីទីក្រុង មីននៀប៉ូលិស (Minneapolis) ក្នុងសហរដ្ឋអាមេរិក ហើយក្រោយកើតហេតុភ្លាមៗ ក្រុមសង្គ្រោះបន្ទាន់ បានចុះប្រតិបត្តិការឆ្លើយតបនឹងឧប្បត្តិហេតុនេះ ហើយបានរកឃើញអ្នកដំណើរ និងយា និកទាំងអស់។ ទន្ទឹមនឹងនោះ រូបភាពដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺរណិត បានបង្ហាញឲ្យឃើញពីយន្តហោះបានក្រឡាប់នៅលើផ្លូវរត់ដែលមានព្រិលធ្លាក់។

ការិយាល័យប៉ូលិសក្រុង អនថារីអូ (Ontario) បានបញ្ជាក់ថា អ្នកដំណើរ និងនាវិកទាំង 80 នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះ ហើយភាគច្រើនមិនរងរបួសទេ។ មន្ត្រីសង្គ្រោះបន្ទាន់ បាននិយាយថា មនុស្ស ១៥ នាក់ បានរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងនោះមាន ៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្នុងចំណោមនោះ មានកុមារម្នាក់ និងស្ត្រីពីរនាក់ទៀត របួសស្រាល និងមធ្យម៕