ភ្នំពេញ ៖ ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការ សម្រេចបញ្ចប់តំណែងប្រធានសាលាដំបូងខេត្តតាកែវ របស់លោកស្រី ពេជ ម៉ារ៉ែន ដោយបញ្ជាក់មូលហេតុលោកស្រីប្រធានតុលាការ បានប្រព្រឹត្តកំហុសឆ្គងក្នុងការសម្រេចដោះលែងអ្នកទោសម្នាក់ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ១១ឆ្នាំ ពីបទ “ឃាតកម្ម” ដែលជាប្រភេទបទឧក្រិដ្ឋ (សម្លាប់សង្សារ) ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចុះថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពី «វិន័យការងាររបស់លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ» មានខ្លឹមសារទាំងស្រុងថា «នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានបង្ហោះ វីដេអូឃ្លីប តាមបណ្តាញសង្គម ដោយបានលើកឡើងថា “…ខ្លួនមានកំហុសបន្តិចបន្តួច បែរជាត្រូវចាប់ទោស អូសដំណើរ ដោយគ្មានការលើកលែង ដោយគ្មានការសន្តោស និងដោយគ្មានការទុកឱកាសឱ្យខ្លួនជាដើម ទោះបីខ្លួនខិតខំកែលម្អហើយក៏ដោយ…”។
ចំពោះករណីនេះ ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សូមជម្រាបជូនដល់អង្គចៅក្រម និងសាធារណជន មេត្តាជ្រាបថា ៖
១-ក្រុមប្រឹក្សាវិន័យ បានទទួលចាត់ការសំណុំរឿងវិន័យ តាមលិខិតលេខ ១២៨២ កយ.អគ្គា/២៤ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងករណីលោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្ត តាកែវ ដែលបានសម្រេចដោះលែងដោយមានលក្ខខណ្ឌចំពោះទណ្ឌិត ១រូប ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ១១ឆ្នាំ ពីបទ “ឃាតកម្ម” ដែលជាប្រភេទបទឧក្រិដ្ឋ។ បន្ទាប់ពីទទួលបាននូវសំណុំរឿងវិន័យនេះ ប្រធានក្រុមប្រឹក្សាវិន័យ បានចាត់ឱ្យក្រុមអធិការកិច្ច នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ និងបានធ្វើរបាយការណ៍ជូនប្រធានក្រុមប្រឹក្សាវិន័យ។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យនិងសម្រេចលើសំណុំរឿងវិន័យខាងលើនេះ ដោយបានអញ្ជើញលោកជំទាវ ពេជ ម៉ារ៉ែន ឱ្យចូលមកការពារខ្លួន នៅចំពោះមុខក្រុមប្រឹក្សាវិន័យ។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមអធិការកិច្ច ការបំភ្លឺរបស់សាមីខ្លួន ការសួរដេញដោលពីក្រុមប្រឹក្សាវិន័យ និងបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាវិន័យ បានរកឃើញថា ៖
-លោកជំទាវ ពេជ ម៉ារ៉ែន បានចេញដីកាសម្រេចដោះលែងដោយមានលក្ខខណ្ឌ លេខ ០៦/២០២៤ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឱ្យទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តតាកែវ តាមរយៈសាលដីកាស្ថាពរលេខ ៩២ ក្រវរ ណ ចុះថ្ងៃទី២៨ ខែធ្នូ ខែធ្នូ ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍ ដែលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ១១ឆ្នាំ ពីបទឃាតកម្ម។

-ការសម្រេចដោះលែងទណ្ឌិតដែលជាប់ទោសពីបទឃាតកម្មនេះ គឺជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរលើមាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ យោងតាមមាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីអាចដោះលែងដោយមានលក្ខខណ្ឌនូវទណ្ឌិតដែលកំពុងជាប់ទោសនៅ ពន្ធនាគារបាន លុះត្រាតែទណ្ឌិតនោះបានអនុវត្តទោសបានយ៉ាងតិច ២/៣ នៃទោសសរុបរបស់ខ្លួន ក្នុងករណីដែលទណ្ឌិតនោះ រងទោសដាក់ពន្ធនាគារ លើសពី១ឆ្នាំ។ ចំពោះករណីខាងលើនេះ ទណ្ឌិតទើបតែបានអនុវត្តទោសជាក់ស្តែងក្នុងពន្ធនាគារ បាន៥ឆ្នាំ ១ខែ និង២ថ្ងៃ ប៉ុ ណ្ណោះ ដោយគិតពីការឃុំខ្លួន នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃសម្រេចដោះលែងដោយមានលក្ខខណ្ឌ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ពោលគឺមិនទាន់គ្រប់ចំនួន ២/៣ នៃទោសសរុប ដែលត្រូវស្មើនឹង ៧ឆ្នាំ ៤ខែ នោះទេ។
-ម៉្យាងទៀត ចំពោះសំណុំរឿងដោះលែងដោយមានលក្ខខណ្ឌនេះ គណៈកម្មការជាតិ ដោះលែងដោយមានលក្ខខណ្ឌ នៃក្រសួងយុត្តិធម៌ បានផ្តល់យោបល់យ៉ាងច្បាស់ តាមលិខិតចុះថ្ងៃទីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់សាលាដំបូងខេត្តតាកែវ ថាមិនគប្បីសម្រេចឱ្យមានការដោះលែង ដោយមានលក្ខខណ្ឌ ទៅលើទណ្ឌិតខាងលើនោះទេ ដោយសាររយៈពេលនៃការអនុវត្តទោស នៅក្នុងពន្ធនាគារ របស់ទណ្ឌិតរូបនេះ មិនទាន់គ្រប់ ២/៣ នៃទោស ដូចមានកំណត់ក្នុងមាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌឡើយ។
២-ដូចនេះ ការសម្រេចដោះលែងទណ្ឌិតខាងលើ ដែលមានទោសឧក្រិដ្ឋ ជាប់ពន្ធនាគាររហូតដល់ ១១ឆ្នាំ ពីបទឃាតកម្ម តាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងជាការរំលោភ បំពានធ្ងន់ធ្ងរនូវមាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះទេ ហើយថែមទាំងបង្កើតបានជាកំហុសធ្ងន់ធ្ងរនៅក្នុងការអនុវត្តវិជ្ជាជីវៈជាចៅក្រម។ ផ្អែកលើមូលដ្ឋាននេះ ក្រុមប្រឹក្សាវិន័យ បានពិភាក្សាយ៉ាងល្អិតល្អន់ និងបានសម្រេចជាឯកច្ឆន្ទ ដាក់ទណ្ឌកម្មថ្នាក់ទី២ ត្រង់ចំណុច “ក” និង “គ” នៃមាត្រា៥៥ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជ អាជ្ញា ក្រោមរូបភាពផ្លាស់ដោយបង្ខំ ទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ ចំពោះសាមីចៅក្រមដែលបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរនេះ។ សេចក្តីសម្រេចនេះ ត្រូវបានដាក់ជូនឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពិនិត្យនិងសម្រេច ក្នុងសម័យប្រជុំលើកទី៣៨ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ សេចក្តីសម្រេចនេះ បិទផ្លូវតវ៉ា តាមបញ្ញត្តិនៃមាត្រា២៦ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
៣-សូមបញ្ជាក់ជូនថា ជនដែលត្រូវបានប្រធានសាលាដំបូងខេត្តតាកែវ ដោះលែងនេះ មិនមែនជាជនជាប់ឃុំបណ្តោះអាសន្ននោះទេ ប៉ុន្តែគឺជាទណ្ឌិតដែលកំពុងអនុវត្តទោសឧក្រិដ្ឋ ពីបទឃាតកម្ម តាមអំណាចសាលដីកាស្ថាពររបស់តុលាការ ហើយប្រសិនបើមានមូលហេតុចាំបាច់នៃការដោះលែង ដោយផ្អែកលើគោលការណ៍មនុស្សធម៌ណាមួយ ក៏មិនមែនជាសមត្ថកិច្ចរបស់តុលាការដែរ ប៉ុន្តែគឺជាបុព្វសិទ្ធិរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើសំណើថ្វាយព្រះមហាក្សត្រ សុំលើកលែងទោសឱ្យទណ្ឌិតណាមួយ នៅពេលណាក៏បាន ដោយផ្អែកតាមមាត្រា៧៧ នៃច្បាប់ស្តីពីពន្ធនាគារ។

៤-ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សូមបញ្ជាក់ជូនថា យោងតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិស័យយុត្តិធម៌ នៅទូទាំងប្រទេស ឆ្នាំ២០២៤ ក្រុមប្រឹក្សាវិន័យបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាលើកកម្ពស់ទំនុកចិត្តក្នុងការអនុវត្តច្បាប់របស់តុលាការ ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមអង្គចៅក្រម និងសាធារណជន ជា្របជាព័ត៌មាន»៕