សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានធ្វើទស្ស នកិច្ចនៅសហរដ្ឋអាមេរិក និងពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន ជាមួយលោកដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក។ លោកម៉ាក្រុង បានសង្កត់ធ្ងន់ថា សន្តិភាព មិនត្រូវបានមកដោយតម្លៃនៃការបោះបង់អ៊ុយក្រែន ឡើយ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា លោក ម៉ាក្រុង ប្រធា នាធិបតីបារាំង បានធ្វើសន្និសីទកាសែតជាមួយលោកត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅសេតវិមាន ទីក្រុងវ៉ាស៊ីងតោន ឌីស៊ី កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីមេដឹកនាំទាំងពីរ បាននិយាយយ៉ាងយូរ អំពីសង្គ្រាមនៅអ៊ុយក្រែន ដែលពេលនេះឈានចូលដល់ឆ្នាំទី៤ ហើយ។
លោកម៉ាក្រុង បានបញ្ជាក់ថា លោកនិងលោកត្រាំ បានពិភាក្សាអំពីបំណងរបស់ភាគីទាំងពីរសម្រាប់ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងអំពីការធ្វើឱ្យកិច្ចព្រមព្រៀងឈប់បាញ់មួយដែលមានវិសាលភាពអាចផ្ទៀងផ្ទាត់បាន និងធ្វើឱ្យការចរចាដើម្បីសន្តិភាព ប្រកបដោយនិរន្តរភាពអាចធ្វើទៅបាន។
មេដឹកនាំបារាំង ក៏បាននិយាយពីការធានាស្ថិរភាពដើម្បីរក្សាសន្តិភាពនេះឲ្យបានយូរអង្វែង ហើយបានបញ្ជាក់ជាថ្មី នូវពាក្យសម្ដីរបស់លោកត្រាំ ដែលគាត់ចង់ក្លាយជាអ្នកជំរុញសន្តិភាពនៅតំបន់នេះ។ លោកម៉ាក្រុង បានសង្កត់ធ្ងន់ថា សន្តិភាពនោះ មិនត្រូវមានន័យថាបោះបង់ចោលអ៊ុយក្រែន ឬបញ្ឈប់ភ្លើងសង្គ្រាមដោយគ្មានការធានានោះទេ។
លោកម៉ាក្រុង បានថ្លែងថា “យើងត្រូវតែផ្តល់ឱ្យអ៊ុយក្រែន នូវអធិបតេយ្យរបស់ខ្លួន អនុញ្ញាតឱ្យអ៊ុយក្រែន ចរចាជាមួយភាគីពាក់ព័ន្ធផ្សេងទៀតដែលរងផលប៉ះពាល់ដោយបញ្ហានេះ»។
លោកត្រាំ បាននិយាយថា ការចំណាយ និងបន្ទុកនៃការរក្សាសន្តិភាព ក៏ត្រូវតែបង់ដោយប្រជាជាតិអឺរ៉ុប ផងដែរ មិនមែនតែសហរដ្ឋអាមេរិក តែមួយនោះទេ។ លោកម៉ាក្រុង បានបញ្ជាក់ថា អឺរ៉ុប នឹងមិនគេចពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការជួយអ៊ុយក្រែន ឡើយ ព្រោះអ៊ុយក្រែនជាអ្នកការពារសន្តិសុខសមូហភាពរបស់អឺរ៉ុប ទាំងមូល។

លោកត្រាំ ក៏បានបង្ហាញពីបំណងចង់នាំយកលុយដ៏ច្រើនមហាសាល ដែលសហរដ្ឋអាមេរិក បានចំណាយដើម្បីជួយអ៊ុយក្រែន ត្រឡប់មកវិញផងដែរ ដោយលោកត្រាំ បានអះអាងថា សហរដ្ឋអាមេរិក បានចំណាយជាង ៣០០ពាន់លានដុល្លារ ទោះបីបើតាមទិន្នន័យដែលបានចេញផ្សាយថា សហរដ្ឋអាមេរិក បានចំណាយត្រឹមប្រហែល ១២០ពាន់លានដុល្លារ។
លោកដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក ត្រូវតែមានកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន លើការចែកប្រាក់ចំណូលពីរ៉ែ និងធាតុកម្ររបស់ផែនដីផ្សេងៗ ដែលយន្តការនេះកំពុងដំណើរការ៕