Thursday, February 27, 2025
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីថៃ ទុកពេលឲ្យ ៣០ថ្ងៃ ប៉ូលិសត្រូវបង្ក្រាបបារីអេឡិចត្រូនិក ឲ្យអស់

នាយករដ្ឋមន្ត្រីថៃ ទុកពេលឲ្យ ៣០ថ្ងៃ ប៉ូលិសត្រូវបង្ក្រាបបារីអេឡិចត្រូនិក ឲ្យអស់

បាងកក (ថៃ) ៖ លោកស្រីនាយករដ្ឋមន្ត្រី បានចេញបតបញ្ជាឲ្យសមត្ថកិច្ចថៃ បង្ក្រាបការលក់ដូរនិងប្រើប្រាស់បារីអេឡិចត្រូនិក ឲ្យអស់ ដោយទុកពេលឲ្យ ៣០ថ្ងៃ ជាកំហិត។

តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍ថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ហៅអ៊ុងអ៊ិង នាយករដ្ឋមន្ត្រីថៃ បានបើកកិច្ចប្រជុំមួយ ដើម្បីដោះស្រាយបញ្ហាបារីអេឡិចត្រូនិក ជាមួយលោកស្រី ជិរ៉ាផន ស៊ិន្ធុប្រៃ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្រ្តី និងលោកឧត្តមសេនីយ៍ឯក គិទិរ៉ាត់ ផាន់ផេត (កិត្តិរដ្ឋ ព័ន្ធពេជ្រ) អគ្គស្នងការនគរបាលភូមិន្ទថៃ (អគ្គស្នងការប៉ូលិស) ។ ក្រោយកិច្ចប្រជុំនោះ លោកស្រីនាយករដ្ឋមន្ត្រី បានបង្ហោះសារតាមរយៈបណ្តាញសង្គម ធ្វើតធឺរ  ពីលទ្ធផលនៃកិច្ចប្រជុំនេះថា ត្រូវតែបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ហើយច្បាប់ត្រូវអនុវត្តយ៉ាងតឹងរ៉ឹង ដោយបានប្រគល់ឱ្យ ឧត្តមសេនីយ៍ឯក គិទិរ៉ាត់ និងលោកស្រីជិរ៉ាផន មើលការខុសត្រូវលើបញ្ហានេះជាចម្បង តំបន់នៅជិតសាលារៀន និងគ្រឹះស្ថានអប់រំ មិនត្រូវលក់ឱ្យយុវជនឡើយ  ហើយស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយណែនាំពីគ្រោះថ្នាក់នៃបារីអេឡិចត្រូនិក និងបញ្ហាផ្លូវច្បាប់ ជូនប្រជាពលរដ្ឋ ឲ្យបានយល់ដឹងត្រឹមត្រូវ។

លោកស្រីនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍ដែរថា នឹងចាប់ផ្តើមចាត់វិធានការយ៉ាងហ្មត់ចត់ជាមួយអ្នកនាំចូល និងចាប់អ្នកលក់ ដោយទុកពេលឲ្យប៉ូលិសថៃ ៣០ថ្ងៃ។ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ និងនាយកដ្ឋានគយ ត្រូវតែបង្ក្រាបជាដាច់ខាត វាជាកាតព្វកិច្ចទូទៅរបស់មនុស្សគ្រប់រូបក្នុងសង្គម ក្នុងការថែរក្សាបញ្ហានេះ។ លោកស្រីនាយករដ្ឋមន្ត្រី សុំការសហការពីគ្រប់គ្នា គ្រប់វិស័យ ដើម្បីជួយថែរក្សាយុវជនក្នុងសង្គម បើឃើញជនណាលក់បារីអេឡិចត្រូនិក ឲ្យកុមារ និងយុវជន សូមជូនដំណឹងទៅសមត្ថកិច្ច ដើម្បីឃាត់ខ្លួនយកមកចាត់ការតាមច្បាប់។

លោកដានុឆា ភីតឆាយាណាន់  អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ (NESDB) បានបង្ហាញរបាយការណ៍ស្តីពីស្ថានភាពសង្គមថៃ ក្នុងត្រីមាសទី៤ និងរូបភាពរួមសម្រាប់ឆ្នាំ២០២៤ គឺត្រូវតាមដានដោយប្រុងប្រយ័ត្ននូវការលក់អាហារសម្រន់ដែលមានការវេចខ្ចប់ដើម្បីមើលទៅដូចជាបារីអេឡិចត្រូនិក។ អាហារសម្រន់ប្រភេទនេះ គឺជាម្សៅដែលមានរសជាតិជូរ វាត្រូវតែបឺតចូលទៅក្នុងមាត់ ដោយប្រើបំពង់បឺត ហើយអាចផ្លុំចេញជាផ្សែង ដែលធ្វើឱ្យកុមារធ្វើតាម ដែលនេះជាបង្កើនឱកាសដើម្បីសាកល្បងបារីអេឡិចត្រូនិក នាពេលអនាគត។ ភ្នាក់ងារពាក់ព័ន្ធ គួរតែមានវិធានការគ្រប់គ្រងការលក់ផលិតផលបែបនេះផងដែរ៕   

RELATED ARTICLES