Friday, February 28, 2025
Homeព័ត៌មានអន្តរជាតិម៉ាឡេស៊ី ចាប់ដៃក្រុមហ៊ុនឯកជនអង់គ្លេស បន្តស្វែងរកយន្តហោះ MH370 បា.../ត់ខ្លួន១១ឆ្នាំ

ម៉ាឡេស៊ី ចាប់ដៃក្រុមហ៊ុនឯកជនអង់គ្លេស បន្តស្វែងរកយន្តហោះ MH370 បា…/ត់ខ្លួន១១ឆ្នាំ

ម៉ាលេស៊ី ៖ ប្រទេសម៉ាឡេស៊ី បានចាប់ដៃជាមួយក្រុមហ៊ុនឯកជន មកពីប្រទេសអង់គ្លេស បន្តចាប់ផ្តើមស្វែងរកយន្តហោះដឹកអ្នកដំណើរ MH370 ដែលបាត់ខ្លួនអស់១១ឆ្នាំ ទៅហើយ។

តាមប្រភព cbsnews បានរាយការណ៍នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ក្រុមហ៊ុន អូស៊ាន អ៊ីនហ្វីនីធី (Ocean Infinity) ដែលជាក្រុមហ៊ុនឯកជនដែលមានជំនាញក្នុងការប្រើប្រាស់មនុស្សយន្តអង្កេតសមុទ្រ នឹងចាប់ផ្តើមការស្វែងរកថ្មីមួយសម្រាប់យន្តហោះដឹកអ្នកដំណើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បន្ទាប់ពីយន្តហោះនេះ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងជិត ១១ឆ្នាំមុន។

លោកអែនថូនី គូក (Anthony Loke) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ព័ត៌មានលម្អិតនៃកិច្ចសន្យារវាងម៉ាឡេស៊ី និងក្រុមហ៊ុន Ocean Infinity កំពុងត្រូវបានបញ្ចប់។ ប៉ុន្តែម៉ាឡេស៊ី ស្វាគមន៍ការសាទររបស់ Ocean Infinity ក្នុងការបញ្ជូនកប៉ាល់ ដើម្បីចាប់ផ្តើមការស្វែងរក។

លោកអែនថូនី ឡូក បន្ថែមថា ពួកគេមិនទាន់បានចរចាលម្អិតថា តើការស្វែងរក នឹងមានរយៈពេលប៉ុន្មាននោះទេ។ ប៉ុន្តែលោកមិនបានលាតត្រដាងឡើយថា តើក្រុមហ៊ុនឯកជនអង់គ្លេសនមួយនេះ នឹងចាប់ផ្ដើមការស្រាវជ្រាវរុករកនៅពេលណា?

គួរបញ្ជាក់ថា យន្តហោះម៉ាឡេស៊ី Boeing 777 ជើងហោះហើរ MH370 ដែលមានអ្នកដំណើរ និងយានិក ចំនួន ២៣៩នាក់ នៅលើយន្តហោះ បានបាត់ពីអេក្រង់រ៉ាដា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ពេលកំពុងធ្វើ ដំណើរពីទីក្រុងគូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។

បន្ទាប់ពីនោះ យន្តហោះនោះត្រូវបានគេជឿថាបានធ្លាក់ក្នុងសមុទ្រ ហើយប្រតិបត្តិការស្វែងរកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ បានចាប់ផ្តើម មានរយៈពេលបីឆ្នាំ និងគ្របដណ្តប់លើផ្ទៃដី 46,300ម៉ៃល៍ការ៉េ នៅក្នុងមហាសមុទ្រឥណ្ឌា ប៉ុន្តែមានតែបំណែកមួយចំនួនប៉ុណ្ណោះ ត្រូវបានរកឃើញ មុនពេលការស្វែងរកត្រូវបានលុបចោលក្នុងខែមករា ឆ្នាំ២០១៧។

ក្រោយមក ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន Ocean Infinity បានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីស្វែងរក MH370 ដែលបានបាត់ អស់រយៈពេល ៦ខែ ប៉ុន្តែរកមិនឃើញ។

បន្ទាប់មក ការស្វែងរក ត្រូវបានបញ្ឈប់ជាច្រើនឆ្នាំ រហូតដល់ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា ពួកគេបានយល់ព្រមចាប់ផ្តើមការស្វែងរកយន្តហោះ MH370 ឡើងវិញតាមរយៈកិច្ចសន្យារយៈពេល ១៨ខែ ក្នុងតម្លៃ ៧០លានដុល្លារ ជាមួយក្រុមហ៊ុន Ocean Infinity ។ Ocean Infinity បានផ្តល់ជូនដូចគ្នានឹងការ ស្វែងរកពីមុនដែរ គឺ “ប្រសិនបើរកមិនឃើញទេ កុំបង់ប្រាក់”។

លោកអែនថូនី  ឡូក បាននិយាយកាលពីខែធ្នូ ថា ការស្វែងរក នឹងធ្វើឡើងនៅក្នុងតំបន់ថ្មី 5,800ម៉ៃល៍ការ៉េ ក្នុងមហាសមុទ្រឥណ្ឌា។ ពួកគេត្រូវបានជ្រើសរើសដោយផ្អែកលើព័ត៌មានចុងក្រោយបំផុត និងលទ្ធផលនៃការវិភាគទិន្នន័យដោយអ្នកជំនាញ និងអ្នកស្រាវជ្រាវ៕

RELATED ARTICLES