អ៊ុយ ក្រែន ៖ លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានសម្តែងការសោកស្តាយ ចំពោះការឈ្លោះជាមួយលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋ អាមេរិក ចំពោះការផ្តល់ផែនការដំបូងដើម្បីបញ្ចប់សង្រ្គាម ហើយលោកបានបញ្ជាក់ថា អ៊ុយក្រែន បានត្រៀមខ្លួនជាស្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករំលែកអត្ថប្រយោជន៍រ៉ែកម្រ ជាមួយសហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៉ី។

តាមប្រភពបណ្តាញព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ថា លោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា វាជារឿងដ៏សោកសៅមួយ ចំពេលមិនប្រាកដប្រជា បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសផ្អាកការបញ្ជូនជំនួយទៅអ៊ុយក្រែន។
លោកហ្សេឡេនស្គី បាននិយាយថា “កិច្ចប្រជុំរបស់យើងនៅវ៉ាស៊ីងតោន នៅសេតវិមាន កាលពីថ្ងៃសុក្រ វាជារឿងដ៏សោកសៅ ដែលវាបានកើតឡើងដូចនេះ។ ប៉ុន្តែវាដល់ពេលហើយ ដើម្បីធ្វើរឿងឲ្យបានត្រឹមត្រូវ»។លោកហ្សេឡេនស្គី បន្តថា អ៊ុយក្រែន មិនចង់បានសង្គ្រាមគ្មានទីបញ្ចប់ទេ គឺត្រៀមខ្លួនវិលមកតុចរចា ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ដូច្នេះសន្តិភាពដែលស្ថិតស្ថេរបានខិតជិតដល់ហើយ។
លោកហ្សេឡេនស្គី ថ្លែងថា “គ្មាននរណាម្នាក់ចង់បានសន្តិភាពជាងអ៊ុយក្រែនទេ។ ក្រុមការងាររបស់ខ្ញុំ និងខ្ញុំ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការក្រោមការដឹកនាំដ៏រឹងមាំរបស់ប្រធានាធិបតី ត្រាំ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង។ យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងឆាប់រហ័ស ដើម្បីបញ្ចប់សង្គ្រាម»។
ជាមួយគ្នានេះ លោកហ្សេឡេនស្គី ក៏បានស្នើជំហានដំបូង ឆ្ពោះទៅរកការបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី រួមមាន ការដោះលែងអ្នកទោសសង្គ្រាម និងការបញ្ឈប់ការទម្លាក់គ្រាប់បែកពីលើអាកាស ហាមឃាត់ការប្រើប្រាស់មីសស៊ីល និងយន្តហោះគ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយ ហាមឃាត់ការទម្លាក់គ្រាប់បែកប្រឆាំងនឹងរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយបញ្ឈប់ការវាយប្រហារនៅសមុទ្រ ជាបន្ទាន់ ។ ប្រសិនបើរុស្ស៊ី ធ្វើបានដូចគ្នា នឹងឈានទៅបញ្ចប់សង្គ្រាមបានឆាប់។
ហ្សេឡេនស្គី ថ្លែងបន្តថា “បន្ទាប់មក ជំហានបន្ទាប់ យើងនឹងធ្វើការជាមួយសហរដ្ឋអាមេរិក យល់ព្រមលើកិច្ចព្រមព្រៀងចុងក្រោយដ៏រឹងមាំមួយ»។

ហ្សេឡេនស្គី បានបញ្ចប់សេចក្តីថ្លែងការណ៍របស់គាត់ ដោយសង្កត់ធ្ងន់ថា «អ៊ុយក្រែន អរគុណជំនួយកន្លងមករបស់អាមេរិក ចំពោះយើង ពិតជាមានតម្លៃណាស់។ ជាមួយនឹងអ្វីដែលសហរដ្ឋអាមេរិក បានធ្វើ ដើម្បីជួយអ៊ុយក្រែន រក្សាអធិបតេយ្យ និងឯករាជ្យភាពរបស់ខ្លួន ផ្តល់ឱ្យយើងនូវកាំជ្រួច Javelin យើងសូមអរគុណចំពោះការជួយនេះ»។
មេដឹកនាំអ៊ុយក្រែន ក៏បាននិយាយដែរថា លោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏កម្រ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក៕