សហរដ្ឋអាមេរិក ៖ មានករណីភ្ញាក់ផ្អើលមួយ នៅលើជើងហោះហើរ Southwest Airlines ដែលហៀបនឹងចេញដំណើរពីទីក្រុងហ៊ូស្តុន (Houston) ទៅកាន់ទីក្រុងផូអ៊ីនិច (Phoenix) ក្នុងសហរដ្ឋអាមេរិក នៅពេលដែលអ្នកដំណើរស្រីម្នាក់ បានដោះសម្លៀកបំពាក់ចេញទាំងអស់ ស្រាតននល ហើយដើរទៅមក រហូតដល់ត្រូវបានប៉ូលិសចាប់យកចុះចេញពីហោះ។

យោងតាមឃ្លីបវីដេអូ ដែលថតបានដោយអ្នកដំណើរម្នាក់ និងចេញផ្សាយដោយស្ថានីយទូរទស្សន៍ KPNX នៅទីក្រុង Phoenix បានបង្ហាញពីស្ត្រីម្នាក់ អាក្រាតទាំងស្រុង ហើយដើរទៅមកក្នុងយន្តហោះ ដោយស្រែកផង។ ឧប្បត្តិហេតុនេះ បានរំខានដល់ជើងហោះហើរដែលរៀបនឹងចេញដំណើរពីអាកាសយានដ្ឋាន ហូបប៊ី (Hobby) ក្នុងទីក្រុងហ៊ូស្តុន (Houston) ត្រូវពន្យារពេលការហោះហើរលើសពី ១ម៉ោង។

សាក្សីបាននិយាយថា មុនពេលកើតហេតុ ស្ត្រីរូបនោះនៅតែស្លៀកសម្លៀកបំពាក់ ហើយដើរចូលក្នុងយន្តហោះ ។ បន្ទាប់មក នាងចាប់ផ្តើមស្រែកខ្លាំងៗ មុនពេលដោះសម្លៀកបំពាក់ចេញ ហើយដើរចុះឡើងក្នុងយន្តហោះ មុនពេលប៉ូលិសចាប់ស្ត្រីនោះចុះពីលើយន្តហោះ ហើយបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលជំងឺសរសៃប្រសាទ និងផ្លូវចិត្ត នៃមន្ទីរពេទ្យ Harris Ben Taub ក្នុងទីក្រុងហ៊ូស្តុន ដើម្បីឆ្លងកាត់ការវាយតម្លៃសុខភាពផ្លូវចិត្តបន្ថែមទៀត។ រហូតមកដល់ពេលនេះ មិនទាន់មានការចោទប្រកាន់ណាមួយមកលើស្ត្រីរូបនោះទេ ហើយឈ្មោះស្ត្រីរូបនេះក៏មិនត្រូវបានបញ្ចេញដែរ។

ក្រុមហ៊ុន Southwest Airlines បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ដោយនិយាយថា ប៉ូលិសក្នុងតំបន់ បានឆ្លើយតបទៅកាន់អ្នកដំណើរ បន្ទាប់ពីយន្តហោះដែលរៀបចេញដំណើរ ត្រូវត្រលប់ទៅកាន់ច្រកចំណតវិញ ដោយសារមានហេតុការស្ត្រីម្នាក់ស្រាតដើរក្នុងយន្តហោះខាងលើ ហើយក្រុមហ៊ុនអាកាសចរណ៍ បានសុំអភ័យទោសពីអ្នកដំណើរលើជើងយន្តហោះ ចំពោះការពន្យារពេលចេញដំណើរ ប្រមាណ ១ម៉ោង៕