
ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំកម្មវិធីវេទិកាសារព័ត៌មាន ស្ដីពី “ទស្សនទានរបស់អគ្គលេខាធិអាស៊ានស្ដីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥” នៅសណ្ឋាគារសាន់វេ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ជាវាគ្មិន ដោយមានលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ជាអ្នកសម្របសម្រួល និងមានការចូលរួមពីអ្នកសារព័ត៌មាន មកពីច្រើនអង្គភាព ។

លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដែលមានប្រទេសចំនួន ៥ប៉ុណ្ណោះ ឥឡូវសមាគមប្រជាជាតិមួយនេះ បានពង្រីកសមាជិករហូតដល់ចំនួន១០ និងកំពុងរំកិលបន្តបញ្ចូលប្រទេសមួយទៀតនៅពេលខាងមុខ ខណៈដែលប្រជាជនមានចំនួនកើនឡើងរហូតដល់ ៦៧០លាននាក់ នាពេលនេះ។ ក្លឹបអ្នកកាសែតកម្ពុជា ចាត់ទុកវេទិកាសារព័ត៌មាននេះ ជាពេលវេលាដ៏កម្រ និងមានសារសំខាន់សម្រាប់អ្នកសារព័ត៌មានដែលចង់ស្វែងយល់ពីកិច្ចការអាស៊ាន ហើយអ្នកសារព័ត៌មាន ក៏មានឱកាសលើកសំណួរផ្សេងៗពាក់ព័ន្ធនឹងតួនាទី បញ្ហាប្រឈម និងឥទ្ធិពលរបស់សហគមន៍អាស៊ាននេះផងដែរ ។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបញ្ជាក់នៅក្នុងវេទិកានោះថា នៅឆ្នាំ២០២៥ នេះ រឿងមួយដ៏សំខាន់សម្រាប់អាស៊ាន គឺការបញ្ចប់នូវការកសាងសហគមន៍អាស៊ាន ក្នុងរយៈពេល១០ឆ្នាំមកនេះ ។ អាស៊ាន ធ្លាប់មានចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាលអាស៊ាន ឆ្នាំ២០១៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ដូច្នេះឆ្នាំ២០២៥ នេះ ត្រូវបញ្ចប់ដំណាក់កាលទី១នេះ ហើយកន្លងមកនេះ គឺប្រមុខរដ្ឋាភិបាលស៊ាន បានឲ្យគណៈកម្មការជាន់ខ្ពស់ ឬក្រុមការងារជាន់ខ្ពស់របស់អាស៊ាន ធ្វើការតាក់តែងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ នេះ ។ ក្រុមការងារនេះ បានធ្វើការងារយូរដែរហើយ តាំងពីឆ្នាំ២០២២ម្ល៉េះ ហើយនៅឆ្នាំនេះ គឹនឹងបញ្ចប់ការពិភាក្សា ការតាក់តែងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ និងផែនការសកម្មភាពខ្ពស់ផ្សេងទៀត ដែលគ្រោងនឹងបញ្ចប់នៅខែមីនា នេះ ហើយនឹងដាក់ជូនប្រមុខរដ្ឋាភិបាលអាស៊ាន នៅខែឧសភា ខាងមុខនេះ ដើម្បីអនុម័ត ។ អ្វីសំខាន់នេះគឺជាចក្ខុវិស័យសហគម៍អាស៊ាន ដែលមានរយៈពេលវែងបំផុត គឺ២០ឆ្នាំ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ។

លោកបណ្ឌិត កៅ គឹមហួន បានបន្តថា នៅក្នុងចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥ នេះ នឹងមានជាផែនការយុទ្ធសាស្រ្តក្នុងការអនុវត្តចំនួន៤ ។ ទី១ សម្រាប់សសរស្ដម្ភផ្នែកនយោបាយសន្តិសុខ ផ្នែកខាងសេដ្ឋកិច្ច និងផ្នែកសង្គមវប្បធម៌ និងផ្នែកបន្តបន្ទាប់ទៀត ។ សម្រាប់ផែនការយុទ្ធសាស្រ្ត៣ គឺនយោបាយសន្តិសុខ ខាងសង្គមវប្បធម៌ និងបន្តបន្ទាប់មកទៀតនេះ គឺយើងដាក់ចេញនូវផែនការ ២០ឆ្នាំ ប៉ុន្តែសម្រាប់សេដ្ឋកិច្ចវិញ តែ៥ឆ្នាំទេ ។ អ្វីសំខាន់ការដាក់ចេញ និងគ្រោងអនុម័តដោយប្រមុខរដ្ឋាភិបាលប្រទេសអាស៊ាននេះ ជាពេលវេលាមួយដ៏សំខាន់ ដោយសារភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ចតំបន់កំពុងតែវិវត្តន៍យ៉ាងឆាប់រហ័ស ។ ដូច្នេះហើយការដែលដាក់ចេញនូវចក្ខុវិស័យ ២០ឆ្នាំ និងផែនការយុទ្ធសាស្រ្ត៤នេះ គឺកំណត់គោលដៅ ទិសដៅរបស់អាស៊ាន ហើយអាស៊ាន មិនមែនជាអន្តររដ្ឋាភិបាលនៅក្នុងតំបន់ដែលតែងតែមានប្រតិកម្មពីអាស៊ានទេ គឺមានផែនការច្បាស់លាស់ មានចក្ខុវិស័យច្បាស់លាស់ក្នុងការអនុវត្តន៍ ជាពិសេសសមាហរណកម្មរបស់ខ្លួន ក៏ដូចជាការកសាងសង្គមរបស់ខ្លួន ធ្វើយ៉ាងណាឲ្យតំបន់យើងនេះបន្តមានសន្តិភាព ស្ថិរភាព និងសន្តិសុខ ដែលអាស៊ានបានធ្វើកន្លងមក និងត្រូវធ្វើបន្តបន្ទាប់ទៀត ពីព្រោះបើគ្មានសន្តិភាព គ្មានសន្តិសុខ គ្មានស្ថិរភាពទេ យើងអាចមិនអាចធ្វើអីបានទេ ហើយបច្ចុប្បន្ននេះ និយមន័យនៃសន្តិសុខ មិនមែនជានិយាយពីអតីតកាលទេ ឬសន្តិសុខប្រពៃណី ដែលជាសន្តិសុខមិនមែនប្រពៃណីទេ គឺជាសន្តិសុខក្នុងក្របខ័ណ្ឌថ្មី ក្នុងនយោបាយថ្មី ។

ទាក់ទងនឹងចំណុចនេះ អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន លើកឡើងថា កន្លងទៅនេះ នៅក្នុងការប្រជុំសហរដ្ឋមន្រ្តីអាស៊ាន ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន គឺបានកំណត់ការប្រឈម ១០យ៉ាង ហើយអាស៊ាន មានយន្តការធ្វើយ៉ាងណាមិនឲ្យក្លាយជាតំបន់មួយមានអាវុធប្រល័យពូជសាសន៍ ដោយអាស៊ាន ប្រើប្រាស់វប្បធម៌សន្ទនា ពិគ្រោះយោបល់ ដើម្បីជំរុញការងារការទូតបង្ការ ។ ជាពិសេសធ្វើយ៉ាងណាមិនឲ្យប្រទេសមហាអំណាចមិនទុកចិត្តគ្នា ។ អ្វីដែលសំខាន់ នៅក្នុងសសរស្ដម្ភសេដ្ឋកិច្ច អាស៊ាន បានត្រៀមខ្លួនជាស្រេច បង្កើនកិច្ចព្រមព្រៀងពាណិជ្ជក្មរអាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម ព្រោះឥឡូវនេះអាស៊ាន ស្ថិតនៅលំដាប់លេខ៥ នៅក្នុងសេដ្ឋកិច្ចពិភពលោក ប៉ុន្តែមានការព្យាករទៅមុខទៀត កំណើនសេដ្ឋកិច្ចអាស៊ាន នឹងឡើងលំដាប់លេខ៤ នៅឆ្នាំ២០៣០ ។ លើសពីនេះទៅទៀត អាស៊ាន ក៏ខិតខំធ្វើយ៉ាងណាជំរុញទេសចរណ៍ក្នុងតំបន់ ដោយមុនកូវីដ-១៩ នៅក្នុងឆ្នាំ២០១៩ អាស៊ានទទួលបាន ១៤០លាននាក់ តែដោយសារកូវីដ-១៩ ក៏បានធ្លាក់ ហើយនៅឆ្នាំ២០២៣ បានឡើងមកជិត ១០២លាន ខណៈដែលនៅឆ្នាំ២០២៤ បានកើនជាងហ្នឹងទៀត ហើយសង្ឃឹមថា នៅឆ្នាំ២០២៥ នេះ តួលេខទេសចរណ៍នេះ អាចឡើងដូច ២០១៩ វិញ ។

លោកអគ្គលេខាធិការអាស៊ាន បញ្ជាក់ថា ទាក់ទងនឹងនយោបាយសន្តិសុខ ជាសសរស្ដម្ភសន្តិភាព ។ ចំណែកនយោបាយសេដ្ឋកិច្ច ជាសសរស្ដម្ភជាតិ ។ រីឯនយោបាយសង្គម វប្បធម៌ ត្រូវចាត់ទុកជាសសរស្ដម្ភប្រជាជន ហើយសម្រាប់ការតភ្ជាប់នៅឆ្នាំ២០៤០ កំណើនថាមពលទ្វេដង ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋផង និងសេដ្ឋកិច្ចផង អាស៊ាន ត្រូវស្វះស្វែងធ្វើយ៉ាងណាបង្កើននូវថាមពល ទាំងថាមពលថ្មី ទាំងថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន គឺអាស៊ាន ត្រូវប្រឹងប្រែងដោយយកចិត្តទុកដាក់ ។ ដូច្នេះសរុបមកវិញ ចក្ខុវិស័យ ២០ឆ្នាំទៅមុខនេះ ឬចក្ខុវិស័យនៅ២០៤៥ នយោបាយទាំង៤នេះ មានបញ្ហាប្រទាក់ក្រឡាគ្នាទាំងអស់ ដោយមិនមែនកម្រិតវិស័យទេ គឺកម្រិតនៃសសរស្ដម្ភប្រទាក់ក្រឡាគ្នា៕ កុលបុត្រ
