Wednesday, March 12, 2025
Homeព័ត៌មានអន្តរជាតិក្រសួងការពារជាតិស៊ីរី ថាស្លា.../ប់ជាង១ពាន់នាក់ ការវាយប្រ---/ហារលើក្រុមគាំទ្រអាសសាដ

ក្រសួងការពារជាតិស៊ីរី ថាស្លា…/ប់ជាង១ពាន់នាក់ ការវាយប្រ—/ហារលើក្រុមគាំទ្រអាសសាដ

ប្រទេសស៊ីរី ៖ ក្រសួងការពារជាតិស៊ីរី បានបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារលើក្រុមប្រដាប់អាវុធដែលស្មោះត្រង់នឹងអតីតប្រធានាធិបតី បាស្ហារ អាល់-អាសសាដ (Bashar al-Assad) បានបញ្ចប់ និងរៀបចំការស៊ើប អង្កេត បន្ទាប់ពីមានព័ត៌មានថា មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥  ថា ក្រសួងការពារជាតិស៊ីរី បាននិយាយកាលពីថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ថាពួកគេបានបញ្ចប់ប្រតិបត្តិការយោធានៅក្នុងខេត្តឆ្នេរសមុទ្រ ភាគខាងលិចរបស់ប្រទេស បន្ទាប់ពីប្រយុទ្ធគ្នាជាច្រើនថ្ងៃជាប់គ្នា បណ្តាលឱ្យមនុស្សជាង ១០០០នាក់ ត្រូវបានសម្លាប់។

បើតាមលោក ហាសសាន់ អាប់ឌុល ហ្គានី (Hassan Abdul Ghani) អ្នកនាំពាក្យក្រសួងការពារជាតិស៊ីរី កងកម្លាំងសន្តិសុខបានប៉ះទង្គិចជាមួយក្រុមដែលស្មោះត្រង់នឹងអតីតប្រធានាធិបតី អាសសាដ  នៅក្នុងទីក្រុងជាច្រើន ក្នុងខេត្ត ឡាតាគីយ៉ា (Latakia) និងតារទុស (Tartus) ហើយកំពុងត្រួសត្រាយផ្លូវឱ្យជីវិតវិលមករកភាពប្រក្រតីវិញ។

យ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា មនុស្សជាង ១៥៤០នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សានៅក្នុងខេត្ត ឡាតាគីយ៉ា, តារទុស, ហាម៉ា (Hama) និងហូនស៍ (Homs) ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ជាមួយនឹង ១០៦៨នាក់ ក្នុងចំណោមពួកគេ ជាជនស៊ីវិល ដែលបានតាមដានជម្លោះនៅក្នុងប្រទេសស៊ីរី អស់រយៈពេលមួយទសវត្សរ៍។

ក្រុមប្រដាប់អាវុធរដ្ឋាភិបាលថ្មីរបស់ស៊ីរី ត្រូវបានចោទប្រកាន់ធ្វើការសម្លាប់រង្គាលលើសមាជិកនៃជនជាតិភាគតិច អាឡាវិត (Alawite) ដែលមានត្រកូលដូចលោក អាសសាដ ដើម្បីសងសឹកការវាយប្រហារលើការល្បាតរបស់យោធា នៅថ្ងៃទី៦ ខែមីនា។

ប្រធានាធិបតីស្តីទី នៃប្រទេសស៊ីរី លោកអាមេដ អាល់-ស្ហារ៉ា (Ahmed al-Shara) បានទទួលស្គាល់កាលពីថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ថាមានអំពើហិង្សាច្រើនថែមទៀត ចាប់តាំងពីមានការផ្ទុះឡើងនៃការប្រយុទ្ធគ្នា ហើយបានសន្យាថា នឹងបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតព័ត៌មាននៃការសម្លាប់រង្គាល និងបានទទូចថា អ្នកប្រព្រឹត្តខុស ត្រូវតែទទួលទោស។

ចំណែកលោកហ្គានី អ្នកនាំពាក្យក្រសួងការពារជាតិស៊ីរី បានសន្យាថា កងកម្លាំងសន្តិសុខ នឹងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេត៕

RELATED ARTICLES