Sunday, March 23, 2025
Homeព័ត៌មានអន្តរជាតិក្រសួងអប់រំសហរដ្ឋអាមេរិក ត្រៀមកាត់បន្ថយមន្ត្រី ៥០%

ក្រសួងអប់រំសហរដ្ឋអាមេរិក ត្រៀមកាត់បន្ថយមន្ត្រី ៥០%

សហរដ្ឋអាមេរិក ៖ ក្រសួងអប់រំ ឬនាយកដ្ឋានអប់រំ នៃសហរដ្ឋអាមេរិក (U.S Department of Education) គ្រោងកាត់បន្ថយចំនួនមន្ត្រីបុគ្គលិកប្រហែលពាក់កណ្តាល ដោយសារតែរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កំពុងធ្វើការដើម្បីកាត់បន្ថយទំហំនៃរដ្ឋាភិបាលសហព័ន្ធ។

តាមប្រភព BBC បានរាយការណ៍នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ថា ក្រសួងអប់រំ នៃសហរដ្ឋអាមេរិក គ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិក ប្រហែលពាក់កណ្តាល តាមផែនការរបស់រដ្ឋបាលដូណាល់ ត្រាំ ដែលធ្វើការកែទម្រង់ដើម្បីកាត់បន្ថយទំហំនៃរដ្ឋាភិបាលសហព័ន្ធ។ ការបញ្ឈប់ការងារទ្រង់ទ្រាយធំនេះ នឹងប៉ះពាល់ដល់បុគ្គលិក ជិត ២១០០នាក់ ដែលនឹងត្រូវដកចេញ ចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

ក្រសួងអប់រំ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ដើម្បីត្រួតពិនិត្យការផ្តល់ថវិកាសម្រាប់សាលារដ្ឋ។ គ្រប់គ្រងប្រាក់កម្ចីសិស្ស និងដំណើរការកម្មវិធីជួយសិស្សដែលមានប្រាក់ចំណូលទាប ទោះជាយ៉ាងណាក៏ដោយ ជារឿយៗ មានការយល់ច្រលំថា ក្រសួង ដំណើរការសាលារៀននៅសហរដ្ឋអាមេរិក និងកំណត់កម្មវិធីសិក្សា ដែលដំណើរការដោយរដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់។ មានតែ ១៣ភាគរយ នៃមូលនិធិសម្រាប់សាលាបឋមសិក្សា និងមធ្យមសិក្សា បានមកពីមូលនិធិសហព័ន្ធ។

នៅពេលដែលត្រាំ ឡើងកាន់តំណែង ក្រសួងអប់រំ មានមន្ត្រីចំនួន ៤១៣៣នាក់ ជាក្រសួងដែលមានបុគ្គលិកតិចបំផុត ក្នុងចំណោមនាយកដ្ឋាន ឬក្រសួង ចំនួន១៥ របស់សហរដ្ឋអាមេរិក។ ដូច្នេះបន្ទាប់ពីការកាត់បន្ថយបុគ្គ លិក ចំនួន ២១០០នាក់ ក្រសយងនេះ នឹងនៅសល់បុគ្គលិក ចំនួន ២០៣៣នាក់។ នេះរួមបញ្ចូលទាំងមន្រ្តីរាប់រយនាក់ ដែលបានចូលនិវត្តន៍នៅដើមឆ្នាំនេះផងដេរ។

យោងតាមសេចក្តីជូនដំណឹងដល់មន្ត្រី បានបញ្ជាក់ថា បុគ្គលិកទាំងអស់ដែលត្រូវបានបញ្ឈប់ការងារ នឹងបន្តទទួលបានប្រាក់ខែរបស់ពួកគេ និងប្រាក់អត្ថប្រយោជន៍ធម្មតា រហូតដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៥ រួមទាំងប្រាក់បំណាច់ ឬប្រាក់ចូលនិវត្តន៍ ដោយផ្អែកលើរយៈពេលធ្វើការនៅក្នុងក្រសួង។

តាមរបាយការណ៍ បង្ហាញថា លោកប្រធានាធិបតី ដុណាល់ ត្រាំ បាននិងកំពុងរៀបចំជាច្រើនសប្តាហ៍ ដើម្បីពិចារណាលើការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលប៉ះពាល់ដល់នាយកដ្ឋានអប់រំ។ លោកមិនទាន់ចុះហត្ថលេខានៅឡើយទេ។ បញ្ជាប្រតិបត្តិរបស់លោកជាច្រើន ត្រូវបានគេប្តឹង ដូចជាការកាត់បន្ថយថវិការបស់លោកត្រាំ នៅតាមភ្នាក់ងារនានា នៃរដ្ឋាភិបាលកណ្តាល ។ បណ្តឹងជាច្រើនក៏ប្តឹងចំពោះសកម្មភាពរបស់នាយក ដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (Doge) ដែលជាក្រុមដែលមានគោលបំណងកាត់បន្ថយការចំណាយរបស់រដ្ឋាភិ បាល ដឹកនាំដោយលោកមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) ។

គួរបញ្ជាក់ថា ការកាត់បន្ថយចំនួនបុគ្គលិក និងគំនិតនៃការលុបចោលនាយកដ្ឋានអប់រំនេះ គ្រោងធ្វើឡើងជាយូរមកហើយ តាំងពីពេលដែលលោក រ៉ូណាល់ រីហ្គែន (Ronald Reagan) បានឈរឈ្មោះជាប្រធានាធិបតី ក្នុងឆ្នាំ១៩៨០ ក៏គាត់បានជំរុញឱ្យលុបចោលនាយកដ្ឋានអប់រំ ផងដែរ៕

RELATED ARTICLES