Friday, March 14, 2025
Homeព័ត៌មានអន្តរជាតិ បង្ហាញបន្ទប់ឃុំ.../ខ្លួនលោកឌូតឺរតេ មុនតុលាការ ICC កាត់ទោស

 បង្ហាញបន្ទប់ឃុំ…/ខ្លួនលោកឌូតឺរតេ មុនតុលាការ ICC កាត់ទោស

ហូឡង់ ៖ រូបថតនៃបន្ទប់ឃុំខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូតឺរតេ (Rodrigo Duterte) ត្រូវបានបង្ហាញ បន្ទាប់ពីត្រូវបានឃាត់ខ្លួន បញ្ជូនទៅប្រទេសហូឡង់ ដើម្បីឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាត់ទោស លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធការបង្ក្រាបគ្រឿងញៀន ដែលបានសម្លាប់មនុស្សអស់ជាច្រើនពាន់នាក់។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ថា ការចាប់ខ្លួនលោក ឌូតឺរតេ អាយុ ៧៩ឆ្នាំ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ តាមដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ទទួលបានការសរសើរពីក្រុមសិទ្ធិមនុស្ស និងក្រុមគ្រួសារជនរងគ្រោះ ដែលជាជាជំហានសំខាន់ឆ្ពោះទៅរកការបញ្ចប់និទ្ទណ្ឌភាព។

ដីកាចាប់ខ្លួននេះ ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏សំខាន់របស់លោកឌូតឺរតេ ក្នុងពេលដែលលោកកាន់តំណែងប្រធានាធិបតីហ្វីលីពីន បណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច  ៦២០០នាក់ គិតត្រឹមខែឧសភា ឆ្នាំ២០២២ នេះបើយោងតាមការប៉ាន់ប្រមាណពីអង្គការសិទ្ធិមនុស្ស ហើយតួលេខនេះអាចខ្ពស់ដល់ទៅ ៣០ ០០០នាក់ រួមទាំងការស្លាប់ដែលប្រព្រឹត្តដោយក្រុមក្រៅច្បាប់។

នៅពេលត្រូវបាននាំខ្លួនមកដល់ប្រទេសហូឡង់ លោកឌូតឺរតេ ត្រូវបាននាំទៅឃុំខ្លួននៅក្នុងបរិវេណពន្ធនាគារហូឡង់ ក្បែរឆ្នេរសមុទ្រខាងជើង នៅតំបន់ Scheveningen។

លោកឌូតឺរតេ ត្រូវបានឃុំខ្លួននៅក្នុងបន្ទប់ឯកជនមួយ ដែលមានគ្រែ១ បន្ទប់ទឹក និងទូរទស្សន៍ ហើយគាត់អាចទទួលបានខ្យល់អាកាសបរិសុទ្ធ និងចំណាយពេលធ្វើសកម្មភាពកម្សាន្ត រួមទាំងការលេងកីឡា នៅខាងក្នុងកន្លែងហាត់ប្រាណ ដែលបានថែទាំយ៉ាងល្អនៃមជ្ឈមណ្ឌលឃុំឃាំង ហើយគាត់ក៏អាចអានសៀវភៅនៅក្នុងបណ្ណាល័យ និងតាមដាននូវអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសហ្វីលីពីន ដោយមើលព័ត៌មានតាមទូរទស្សន៍។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការឃុំខ្លួននៅមន្ទីរឃុំឃាំង លោកឌូតឺរតេ នឹងត្រូវនាំខ្លួនទៅកាន់តុលាការ ដើម្បីកាត់ ទោស។ ចៅក្រមនឹងបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់ និងប្រាកដថាគាត់ដឹងពីការចោទប្រកាន់ និងកំណត់ កាលបរិច្ឆេទសម្រាប់សវនាការកាត់ក្តី ដែលក្រុមចៅក្រម មុនការជំនុំជម្រះ នឹងវាយតម្លៃថា តើរដ្ឋអាជ្ញា មានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនគាត់ទៅសវនាការពេញលេញដែរឬទេ?

លោកឌូតឺតេរ អាចថ្លែងការពារខ្លួន និងជំទាស់ទៅនឹងការចោទប្រកាន់លោកនៅក្នុងសវនាការ។ ទោះបីជាហ្វីលីពីន លែងជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏ដោយ ប៉ុន្តែការចោទប្រកាន់ព្រហ្មទណ្ឌ បានកើតឡើងមុនពេលលោកឌូតឺរតេ ដកហ្វីលីពីន ចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅឆ្នាំ២០១៩ ដែលសកម្មជនសិទ្ធិ មនុស្ស បាននិយាយថា ជាទង្វើមួយ ដើម្បីគេចចេញពីការទទួលខុសត្រូវ។

សូមបញ្ជាក់ថា យន្តហោះដឹកលោកឌូតឺរតេ អតីតប្រធានាធិបតីហ្វីលីពីន បានមកដល់ទីក្រុងឡាអេ របស់ប្រទេសហូឡង់ កាលពីថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ហើយពីរបីម៉ោងក្រោយមក គាត់ត្រូវបាននាំឡើងលើយន្តហោះ ទៅកាន់ទីក្រុងឡាអេ ជាកន្លែងដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នឹងត្រូវបើកសវនាការកាត់ទោសលោក ៕

RELATED ARTICLES