តៃវ៉ាន់ ៖ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតឺ បានហៅចិន ថា ជាកងកម្លាំងបរទេសអរិភាព និងបានប្រកាសរៀបចំវិធានការតបត បន្ទាប់ពីចិន បានពង្រីកឥទ្ធិពលរបស់ខ្លួន និងជ្រៀតចូលតៃវ៉ាន់ បន្ថែមទៀត។តាមប្រភព BBC បានរាយការណ៍នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតឺ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ថា ចិន បានបង្កើនឥទ្ធិពលនិងការជ្រៀតចូលទៅ ក្នុងតៃវ៉ាន់ ហើយបានប្តេជ្ញាថា នឹងចាត់វិធានការដោះស្រាយការប៉ុនប៉ងរបស់ចិន ក្នុងការស្រូបយកកោះតៃវ៉ាន់។

លោកឡៃ ឈីងតឺ បាននិយាយថា តៃវ៉ាន់ គ្មានជម្រើសអ្វីក្រៅពីការចាត់វិធានការសកម្មជាងនេះទេ» ខណៈដែលលោកបានប្រកាសវិធានការសន្តិសុខជាតិថ្មីមួយចំនួន រួមទាំងការដាក់ឱ្យដំណើរការឡើងវិញនូវប្រព័ន្ធតុលាការយោធា និងបង្កើនតម្រូវការស្នាក់នៅសម្រាប់ប្រជាជនមកពីប្រទេសចិន ហុងកុង និងម៉ាកាវ។
អាជ្ញាធរចិន បានឆ្លើយតបនឹងការលើកឡើងរបស់ប្រធានាធិបតីតៃវ៉ាន់ ដោយចិន អះអាងថា តៃវ៉ាន់ ជាទឹកដីរបស់ខ្លួន ប៉ុន្តែតៃវ៉ាន់ មើលឃើញថា ខ្លួនខុសពីចិនដីគោក។

លោកចិន ពីនហួរ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយថាប្រទេសចិន គ្មានជម្រើសក្រៅពីការចាត់វិធានការសម្រេចចិត្តឡើយ ប្រសិនបើកងកម្លាំងផ្តាច់ខ្លួនឯករាជ្យរបស់តៃវ៉ាន់ ហ៊ានឆ្លងកាត់ខ្សែបន្ទាត់ក្រហម អ្នកដែលលេងជាមួយភ្លើង ច្បាស់ជាត្រូវឆេះរលាក”៕