Monday, March 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទុះ.../កំប៉ុងស្ប្រៃយ៍ ឆេះអស់៣បន្ទប់

ផ្ទុះ…/កំប៉ុងស្ប្រៃយ៍ ឆេះអស់៣បន្ទប់

ភ្នំពេញ ៖  អគ្គិភ័យមួយ បានកើតឡើងយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុផ្តើមចេញពីការផ្ទុះកំប៉ុងស្ប្រៃយ៍ បង្កជាការឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចក្រោយខុនដូ ផារ៉ាម៉ោន តាមផ្លូវ៣៧១ ក្រុម១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរ បាលរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកបានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឱ្យបញ្ចោញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញរោងចក្រដែលកើតមានគ្រោះអគ្គិភ័យនេះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹក ពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់រោងចក្រដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២៧គ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់៧ឡាន ស្មើនឹង ២៨ម៉ែត្រគូប។ រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង៦ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន៣ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងនរា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ១ ឡាន ស្មើនឹង ៦ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព្យ៉ា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យ របស់បុរីប៉េង ហ៊ួត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។

ចំពោះប្រភេទឃ្លាំងរងគ្រោះ គឺជាប្រភេទដែកប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ គុណនឹង ២០ម៉ែត្រ ឆេះរោងដែកប្រក់ស័ង្កសី ចំនួន៣បន្ទប់ ទំហំ ៣ម៉ែត្រ គុណនឹង ២០ម៉ែត្រ (ខូចខាតទាំងស្រុង) និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងលើឡើយ។ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅម៉ោង៣រសៀល ថ្ងៃដដែល។

គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការផ្ទុះកំប៉ុងស្ព្បៃយ៍ បង្កជាអគ្គិភ័យ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ៕

RELATED ARTICLES