ភ្នំពេញ ៖ សុខ ពិសី ត្រូវបានបុរសរូបសង្ហាម្នាក់ បញ្ចេញរូបភាពនាងថើបបឺតមាត់ជាមួយរូបគេ តាមរយៈផេកឈ្មោះ Luffy ដោយដាក់ចំណងជើងខាងលើរូបវីដេអូនោះថា «បុរសមានសំណាង» ព្រោះសំដៅថា មានតែរូបគេទេដែលបានថើបបឺតមាត់ពិសី ។ ចំណែកពិសី បានចាត់ទុករូបភាពនោះ ថាជាការធ្វើបាបលើនាង គឺចង់និយាយដល់រឿងចាស់ដែលធ្លាប់មានរូបភាពបុរសម្នាក់ ចាប់នាងថើបបឺតមាត់ដែរ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលពេលនេះនាងថា ឪពុកនាង គ្រាន់តែឃើញរូបភាពនោះភ្លាម បានព្រមានដេញនាងចេញពីផ្ទះ។ ប៉ុន្ដែពេលនេះរំលងបាន១ខែគត់ ពិសី ត្រូវបានប្រុសសង្ហាម្នាក់ទៀត បញ្ចេញរូបភាពថើបបឺតមាត់នាង បើទោះជារូបភាពនោះគេជឿថា បង្កើតឡើងដោយ AI ក្ដី តែវីដេអូទាំងនោះធ្វើឲ្យឪពុកនាង លោកសុខ ហេង ជាមន្រ្ដីយោធានោះ មិនសប្បាយចិត្តឡើយ ព្រោះខ្វះអីស្រីស្អាតជាតារាចម្រៀងជាច្រើនដួងផ្សេងៗទៀត ម៉េចបានជាពួកគេមិនជួបរឿងដូចពិសី តែនាងបែរជាក្លាយទៅជាផ្ទាំងស៊ីបរបស់ក្រុម MMO តែម្នាក់ឯងទៅវិញ? ហើយបើ ១ខែ ចេញមុខប្រុសស្អាតបញ្ចេញរូបភាពថើបបឺតមាត់នាងម្នាក់បែបនេះ អីចឹង១ឆ្នាំ ច្បាស់ជាមានប្រុសៗដល់ទៅ១២នាក់ លេងស្ទីលថឺបមាត់នាង បង្អួតគេឲ្យឃើញទាំងអស់គ្នាជាមិនខាន ។

គួរបញ្ជាក់ថា ក្រៅពីជួបរឿងឈឺក្បាលជាលើកទី២ ព្រោះតែត្រូវគេបញ្ចេញរូបថើបបឺតមាត់នាង ទាំងដែលខ្លួនមិនបានស្គាល់ ឬប្រព្រឹត្តិដូចក្នុងរូបភាពនោះ ពិសី កាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០២៥ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលដែរ ព្រោះមានប្រុសៗឆាតមកសុំនាងធ្វើជាសង្សារ កាន់តែច្រើនទៅៗ ដែលបញ្ហានេះ នាងចាត់ទុកថាជាការលេងសើចពេកហើយ មកលើជីវិតរបស់នាង។ ប៉ុន្តែពិសី ថាការដែលប្រុសៗចេះតែឆាតញ៉ែ ស្ទើតែគាំងទូរស័ព្ទបែបនេះដោយសារតែនាងកើតមកជាមនុស្សមានបេះដូងដែក គឺពិតជាពិបាកចៀស ។ បើទោះជាពិសី មិនបំភ្លឺថា នាងចង់និយាយពីអ្វីឲ្យប្រាកដក៏ដោយ តែគេអាចសន្និដ្ឋានបានថា ពិសី ចង់សំដៅថា នាងមិនមែនជាមនុស្សចិត្តងាយ ញ៉ែបានៗនោះឡើយ ហេតុនេះហើយបានជាធ្វើឲ្យប្រុសៗទាំងនោះ ចេះតែនាំគ្នាឆាតញ៉ែនាង មិនឈប់បែបនេះ ។

អំឡុងសុខ ពិសី កំពុងឈឺក្បាលខ្លាំង ព្រោះក្នុងពេលតែមួយជួបរឿងប្រុសយករូបនាងទៅបង្កើតវីដេអូថើបបឺតមាត់ និងឆាតញ៉ែផងនោះ បែរជាគូស្នេហ៍របស់នាង លោកឡាយ សុខចំរើន ថៅកែសាន់ដេ រក្សារភាពស្ងៀមស្ងាត់ គ្មានប្រតិកម្មអ្វីទាំងអស់ ទើបមានការលើកឡើងថាបើថៅកែ នៅតែមិនប្រញាប់អូសដៃពិសី ចូលរោងការទេ នោះច្បាស់ជានឹងមានរឿងបែបនេះកាន់តែខ្លាំងលើស្រីស្អាតពិសី ជាមិនខាន ដោយសារតែអ្នកទាំងនោះច្រឡំថាពិសី នៅទំនេរ គ្មានម្ចាស់ចិត្ត បានជាពួកគេចេញរូបថតថើបបឺតមាត់នាង ជាបន្ដបន្ទាប់ និងសម្រុកឆាតញ៉ែនាង សឹងតែមិនបានដេកពួនបែបនេះ ។

មានការកត់សម្គាល់ថា មុនសុខ ពិសី ត្រូវបានប្រុសៗប្រជែងគ្នាដណ្ដើមបេះដូងនាង រហូតមានអ្នកខ្លះចាត់ទុកថា ខ្លួនមានសំណាងជាងប្រុសផ្សេង ព្រោះបានថើបបឺតមាត់នាងតាម AI នោះ ពិសី តែងតែត្អូញថា ពិបាកចិត្ត ព្រោះឪពុកចង់ឲ្យយកប្ដី និងពេលខ្លះនាងទៅដើរលេងនៅបរទេស រងាព្រោះអត់ដៃគូដូចគេជាដើម ។ យ៉ាងណាគេជឿថា នោះគ្រាន់តែជាការសម្តែងដ្រាម៉ា របស់ពិសី ប៉ុណ្ណោះ ព្រោះជាក់ស្ដែង អ្នកធ្វើការក្នុងវិស័យសិល្បៈភាគច្រើនបានដឹងថា ពិសី មានម្ចាស់ចិត្តហើយ ដែលបុរសនោះគ្មានអ្នកណាក្រៅពីលោកថៅកែសាន់ដេឡើយ ។

គេចាំមើលថា លោកឡាយ សុខចំរើន នៅតែស្ងៀមស្ងាត់តទៅទៀត ហើយបណ្ដោយឲ្យគេច្នៃវីដេអូ AI ថើបបឺតមាត់ និងញ៉ែសុខ ពិសី តាមអំពើចិត្ត ដូចពេលនេះទៀត ឬមួយលោកកំពុងរកវិធីដើម្បីទប់ស្កាត់ ដោយប្រញាប់ចេញមុខអះអាងជាម្ចាស់បេះដូងពិសី និងប្រញាប់ដឹកដៃនាងចូលរោងការ? …៕


