អ៊ីស្រាអែល ៖ បើតាមក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស់ បានឲ្យដឹងថា មានមនុស្សយ៉ាងតិច ៣៣០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។

តាមប្រភព Reuters បានរាយការន៍នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ថា អ៊ីស្រាអែល បានគំរាមបញ្ចប់បទឈប់បាញ់ពីរខែ ទាំងស្រុង ដោយបានព្រមានថា នឹងប្រើប្រាស់កម្លាំង ដើម្បីរំដោះចំណាប់ខ្មាំងដែលនៅសេសសល់នៅតំបន់ហ្គាហ្សា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនហ្សាមីន នេតតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកបានបញ្ជាឲ្យយោធា ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងក្រុមហាម៉ាស់ ជាការសងសឹកចំពោះក្រុមនេះ ដែលបដិសេធដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួន និងបដិសេធបទឈប់បាញ់។
ការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីពេលនេះតទៅ អ៊ីស្រាអែល នឹងធ្វើសកម្មភាពប្រឆាំងនឹងក្រុមហាម៉ាស់ ជាមួយនឹងការបង្កើនកម្លាំងយោធា បន្ទាប់ពីការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។
កងទ័ពអ៊ីស្រាអែល បានបញ្ជាឲ្យជម្លៀសពលរដ្ឋចេញពីតំបន់ជាច្រើន នៅហ្គាហ្សា។ ទន្ទឹមនឹងនេះ ក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអែល ថាបានលុបចោលបទឈប់បាញ់ ធ្វើឱ្យជោគវាសនារបស់ចំណាប់ខ្មាំង ៥៩នាក់ នៅតែជាប់ឃុំនៅហ្គាហ្សា មិនច្បាស់លាស់។
ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៃសហរដ្ឋអាមេរិក បាននិយាយថា លោកនឹងទទួលខុសត្រូវលើអ៊ីរ៉ង់ ចំពោះការវាយប្រហារណាមួយ លើការដឹកជញ្ជូនអន្តរជាតិ ដែលក្រុមហ៊ូធី (Houthis) បានប្រព្រឹត្ត ដោយសារតែរដ្ឋាភិបាលអាមេរិក ពង្រីកការវាយប្រហារនៅយេម៉ែន ដែលជាប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ធំជាងគេនៅក្នុងតំបន់ ចាប់តាំងពីគាត់បានត្រលប់ទៅសេតវិមាន។
មានរបាយការណ៍នៃការវាយប្រហារនៅតំបន់ហ្គាហ្សា ស្ទ្រីព (Gaza Strip) ក្នុងទីតាំងមួយចំនួន។ មន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា អ្នកស្លាប់ភាគច្រើនជាកុមារ។
កងទ័ពអ៊ីស្រាអែល បាននិយាយ ពួកគេបានវាយប្រហារគោលដៅរាប់សិប ហើយការវាយប្រហារ នឹងបន្តតាមការចាំបាច់ និងបន្តលើសពីការវាយប្រហារតាមអាកាស។ ការវាយប្រហារបែបនេះ មានវិសាលភាពទូលំទូ លាយជាងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកធម្មតា។ អ៊ីស្រាអែល និយាយថា ខ្លួនបានធ្វើសកម្ម ភាពប្រឆាំងនឹងបុគ្គល ឬក្រុមតូច ដែលត្រូវបានសង្ស័យថា ជាក្រុមភេរវករ ហើយវាគឺជាលទ្ធផលនៃការប៉ុនប៉ង បរាជ័យជាច្រើនសប្តាហ៍ ក្នុងការយល់ព្រមបន្តបទឈប់បាញ់ កាលពីថ្ងៃទី១៩ មករា ។
អ៊ីស្រាអែល បានធ្វើឲ្យក្រុមហាម៉ាស់ ចុះខ្សោយ និងសម្ព័ន្ធមិត្តលីបង់របស់ខ្លួន គឺហេសបូលឡាហ៍ ដោយបានសម្លាប់មេដឹកនាំក្រុមនេះ។
តាមប្រភពក្រុមហាម៉ាស់ និងសាច់ញាតិ បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ មានលោក ម៉ូហាមម៉ាដ អាល់-ចាម៉ាស៊ី (Mohammad al-Jamasi) សមាជិកជាន់ខ្ពស់នៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ និងសមាជិកគ្រួសាររបស់គាត់ រួមទាំងចៅៗរបស់គាត់ ដែលនៅក្នុងផ្ទះរបស់គាត់ ក្នុងទីក្រុងហ្គាហ្សា នៅពេលវាយប្រហារតាមអាកាស យ៉ាងតិចមានមន្ត្រីជាន់ខ្ពស់ហាម៉ាស់ ៥នាក់ ត្រូវបានសម្លាប់ រួមជាមួយនិងសមាជិកគ្រួសាររបស់ពួកគេ។

យោធាអ៊ីស្រាអែល មិនបានផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារនៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នោះទេ ប៉ុន្តែមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានរាយការណ៍ពីការខូចខាតនៅក្នុងតំបន់ជាច្រើន នៃតំបន់ហ្គាហ្សា។ មនុស្សរាប់សែននាក់ រស់នៅក្នុងជម្រកបណ្តោះអាសន្ន ឬអគារដែលរងការខូចខាត។
តំបន់ហ្គាហ្សា ភាគច្រើនត្រូវបានបំផ្លាញ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ១៥ខែ ដែលបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលខ្មាន់កាំភ្លើងរាប់ពាន់នាក់ ដឹកនាំដោយក្រុមហាម៉ាស់ បានវាយប្រហារសហ គមន៍អ៊ីស្រាអែល បណ្តាលឱ្យមានមនុស្សស្លាប់ប្រមាណ១២០០នាក់ នេះបើតាមការប៉ាន់ប្រមាណរបស់អ៊ីស្រាអែល និងត្រូវបានចាប់ជាចំណាប់ខ្មាំង ២៥១នាក់។ ទន្ទឹមនឹងនេះ ប្រតិបត្តិការសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៤៨ ០០០នាក់៕