ភ្នំពេញៈបុរសម្នាក់ស្រវឹងធ្លាក់ជិះម៉ូតូរេពេញផ្លូវទៅទាក់ដៃចង្កូតនិងម៉ូតូពីរគ្រឿងទៀតបណ្តាលអោយដួលរណោរណែពេញផ្លូវ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០១៧ ត្រង់ចំនុចតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក សងកូរ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AM១០៩២ បើកបរដោយបុរសវ័យចំណាស់ម្នាក់ និងមានម៉ូតូមួយគ្រឿងទៀតម៉ាក សងកូរ៉េ ពណ៌ ក្រហម ពាក់ស្លាកលេខកណ្តាល ១U២៤១០ បើកបរដោយស្ត្រីម្នាក់ ហើយម៉ូតូទាំងពីរគ្រឿងខាងលើនេះគឺបានបើកបរទន្ទឹមគ្នា តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំនុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូបើកមកពីក្រោយមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FD៨៥២៨ បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោគជាំបើករេពេញផ្លូវហើយក៏បានវ៉ាខាងឆ្វេងទៅទាក់ដៃចង្កូតនិងម៉ូតូសងកូរ៉េពណ៌ខ្មៅខាងលើដួលទៅលើម៉ូតូសងកូរ៉េពណ៌ក្រហមបណ្តាលអោយម៉ូតូសងកូរ៉េទាំងពីរខាងលើរងការខូចខាត់តិចតួចរីឯនាក់បើកបរម៉ូតូទាំងពីរងរបួសស្រាល ចំណែកឯម៉ូតូបង្កខាងលើរងការខូចខាត់បន្តិចបន្តួចនិងនាក់បើកបររងរបួសបែកមុខបែកមាត់។
ក្រោយពេលកើតហេតុដោយម្ចាស់ម៉ូតូសងកូរ៉េទាំងពីខាងលើមិនចង់មានរឿងរាវវែងឆ្ងាយក៏ព្រមយកម៉ូតូទៅជួសជុលនិងព្យាបាលរបួសដោយខ្លួនឯង។ ចំណែឯបុរសដែលជានាក់បើកម៉ូតូបង្កត្រូវបានសាច់ញាតិមកទទួលយកត្រលប់ទៅផ្ទះវិញ៕