ភ្នំពេញ ៖ តារាចម្រៀង សុន ស្រីពេជ្រ កូនតារាកំប្លែងលោកម៉ារី សុន ហៅនាយសង់ស៊ីស បានចាប់ដៃតារា ចម្រៀង លោកប៉ុន សុណារិន ហៅខេម ជាលើកដំបូង ក្នុងចម្រៀងរបស់ផលិតកម្ម Galaxy សាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។ ស្រីពេជ្រ ថ្លែងថានាងមានអារម្មណ៍រំភើប ព្រោះតែលោកខេម ជា Idol របស់នាង តែការឆ្លងឆ្លើយនោះ ទើបតែបានមួយបទប៉ុណ្ណោះ ក្នុងចំណោមបទដែលនាងបានថតរួចហើយ ចំនួន១០បទ នឹងបន្ដថតបទថ្មីៗថែមទៀត ។

សុន ស្រីពេជ្រ វាចាថា នាងផ្ចិតផ្ចង់បំផុតសម្រាប់ការថតបទចម្រៀងក្នុងខ្សែរឿងប្រវត្តិសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រហូតមានប៉ារ៉ូលខ្លះបានធ្វើឲ្យនាងស្រក់ទឹកភ្នែកទៀតផង ព្រោះធ្លាប់មើលរឿងប្រវត្តិសម្ដេច កម្សត់ពេក។ ប៉ុន្ដែនាងថា មិនមែននាងចូល Galaxy នោះទេ គឺគ្រាន់តែជាតារាឯករាជ្យម្នាក់ដែលច្រៀងពីខាងក្រៅ ឲ្យផលិតកម្មនេះ នូវចម្រៀងទាក់ទងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ប៉ុណ្ណោះ។ ប៉ុន្តែនាងថា ការច្រៀងដៃគូជាមួយលោកខេម ពិតជាធ្វើឲ្យនាងរំភើបហើយក្នុងចំណោមទាំង១០បទ ដែលបានថតរួចនោះ មានដូចជា បទ «ម៉ារីនី វីរនារីស្នេហាជាតិ» និងបទ «អាយុ១៩ឆ្នាំ ចូលធ្វើទាហាន» ជាដើម ។

អតីតតារាចម្រៀងហង្សមាស សុន ស្រីពេជ្រ បញ្ជាក់ថា តាំងពីនាងចេញពីហង្សមាស និងថោន នាងបន្ដធ្វើជាតារាចម្រៀងឯករាជ្យ រហូតមកដល់បច្ចុប្បន្ន ហើយជាទស្សនៈផ្ទាល់ខ្លួន នាងថាការច្រៀងដោយគ្មានកុងត្រា ជាមួយផលិតកម្មណា ស្រួលជាងច្រៀងនៅផលិតកម្ម ព្រោះយើងអាចច្រៀងនូវបទដែលខ្លួនស្រលាញ់។ ប៉ុន្ដែនាងថា កន្លងមក គេស្គាល់នាងដោយសារតែនាងធ្លាប់ច្រៀងនៅផលិតកម្មពីមុនៗដែរ ។

ក្រៅពីប្រឹងផ្ចង់អារម្មណ៍ថ្នមសំឡេង ដោយប្រុងប្រយ័ត្នបំផុត ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លាក្នុងប៉ារ៉ូលបទនីមួយៗក្នុងចម្រៀងខ្សែរឿង ««កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នោះ ស្រីពេជ្រ ដែលធ្លាប់ថតចម្រៀងទេសចរណ៍ ជាច្រើនបទកន្លងទៅនោះ បានឲ្យដឹងថា ថ្មីៗនេះនាងទើបបានថតបទថ្មី បាន២បទ ទាក់ទងវិស័យទេសចរណ៍ផងដែរ សម្រាប់យកទៅច្រៀងក្នុងពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ រៀបចំនៅខេត្តតាកែវ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នេះ។

គួរបញ្ជាក់ថា សុន ស្រីពេជ្រ មិនសូវមានបទសម័យច្រៀងទេ ក្រោយនាងចេញពីហង្សមាស កាលពីឆ្នាំ២០១៧ ហើយចូលថោន និងចុងក្រោយ ច្រៀងដោយគ្មានផលិតកម្ម។ ស្រីពេជ្រ ត្រូវប៉ាន់ខ្លាំងបទរបស់ក្រសួងទេស ចរណ៍ ផលិតឲ្យនាងច្រៀង ហើយសម្រាប់រដូវក្ដៅនេះ នាងមមាញឹកច្រើនទៅលើការច្រៀងតាមកម្មវិធីមង្គលការ ទើបធ្វើឲ្យចំណូលរបស់នាងពីសិល្បៈ នៅតែខ្ពស់។ កូនស្រីតារាកំប្លែង លោកម៉ារី សុន ហៅតាសង់ស៊ីស រូបនេះ នឹងឡើងកូដមួយក្រឺតទៀត នៅពេលដែលបទចម្រៀងទាក់ទងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៌មី» នឹងចេញនៅផេកផលិតកម្ម Galaxy នាពេលខាងមុខ បន្ថែមពីលើចម្រៀងទេសចរណ៍ជាច្រើនបទ ក្នុង១ឆ្នាំៗ ដែលនាងបានថត បើទោះជាពេលនេះ នាងគ្មានផលិតកម្មឈរជើងក្ដី ។

សូមរំលឹកថា សុន ស្រីពេជ្រ បានរៀបការជាមួយលោកតិច សុខជា កាលពីចុងខែតុលាឆ្នាំ២០១៩ បន្ទាប់ពីនាងមានកូនស្រីជាង ១ខួប ។ មុនចាប់ដៃគូច្រៀងជាមួយលោកខេម ស្រីពេជ្រ ធ្លាប់ច្រៀងជាដៃគូជាមួយលោក រិន សាវ៉េត, ហេង ប៊ុនលាភ … ខណៈដែលការច្រៀងតាមកម្មវិធីមង្គលការ និងជប់លៀងផ្សេងៗ នាងចាប់ដៃភាគ ច្រើនជាមួយលោកជិន វឌ្ឍនា, សុខ សាខន និងលោកណូយ វណ្ណេត ជាដើម ៕
