Sunday, March 23, 2025
Homeតារាខ្មែរឆាយ វីរៈយុទ្ធៈចាប់ផ្ដើមប្ដូរស្ទីលច្រៀង

ឆាយ វីរៈយុទ្ធៈចាប់ផ្ដើមប្ដូរស្ទីលច្រៀង

  ភ្នំពេញ ៖ តារាចម្រៀ ឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ បានងាកមកច្រៀងរ៉េប ជាលើកដំបូង តាមរយៈបទ «គេមាន គេចូលមុន» ដែលលោកបានដឹកដៃភរិយាសំណព្វចិត្ត អ្នកស្រី សែ ចាន់ឌី រាំដើម្បីឲ្យ Fan របស់ខ្លួន ត្រៀមរាំលេងកម្សាន្ដក្នុងឱកាសចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។ នេះជាការវិវត្តមួយជំហានទៀតរបស់លោកវីរៈយុទ្ធ ដែលកន្លងមក ធ្លាប់តែច្រៀងបទស្លូវ ល្បីល្បាញជាបន្ដបន្ទាប់ តែពេលនេះ បានងាកមកច្រៀងរ៉េប វិញម្ដង ដើម្បីបង្ហាញសម្ថភាពឲ្យគេឃើញថា លោកជាតារាចម្រៀងម្នាក់ដែលអាចច្រៀងបានគ្រប់ទម្រង់។ដោយឡែក Fan ខ្លះក៏ជំរុញឲ្យលោកចាន់ឆោម បន្ដចេញបទចម្រៀងរ៉េប ឲ្យបានច្រើនជាងនេះទៀតដើម្បីឲ្យចម្រៀងរបស់ លោកមានទីផ្សារគ្រប់រសជាតិ ព្រោះខ្លះថា លោកច្រៀងស៊ីតែបទស្លូវ ឬមនោសញ្ចេតនា។

  ក្រៅពីលោកឆាយ វីរៈយុទ្ធ តារាចម្រៀងដែលច្រៀងរ៉េប បច្ចុប្បន្ន មានដូចជាលោកម៉ាន់ វណ្ណដា, ងួន ចាន់ដាវិត ហៅេជី ដេវីត, ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ, ចាន់ សុបញ្ញា, អូជីហ្គោលដិន, ទេព ពិសិដ្ឋ, សុវត្ថិ មុនីវណ្ណ, ពេជ្រ សោភា, សួស វីសា និងឈីន រតនៈ  ជាដើម ។ សម្រាប់លោកឆាយ វីរៈយុទ្ធ មានខ្នងក្រាស់នៅក្រោយអាជីពចម្រៀងរបស់ខ្លួន នោះគឺប្រពន្ធរបស់លោក អ្នកស្រី សែ ចាន់ឌី ជាអ្នកនិពន្ធទំនុកច្រៀងឲ្យប្ដីច្រៀងបទល្បីៗជាច្រើនមកហើយ ។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ អំឡុងពេលដែលតារាល្បីៗរបស់សាន់ដេ ដូចជាលោកខេមរៈ សិរីមន្ដ និង ខាន់ ជេមស៍ បានរត់ទៅជ្រកនៅ Galaxy នោះ លោកចាន់ឆោម នៅតែបន្ដជ្រកនៅសាន់ដេ តទៅទៀត ពោលគឺគ្មានគម្រោងប្ដូរទ្រនំឆាប់ៗទេ បើទោះជាលោកថានឹងធ្វើការងារសិល្បៈទៅតាមពេលវេលាក្ដី ។

  ឆាយ វីរៈយុទ្ធ បានរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា កូនស្រីអ្នកជំនួញធំក្រុងកំពង់ចាម លោកហាក់ សែ ដែលចាប់ដៃគ្នាជិត ៨ឆ្នាំ ទទួលបានកូនស្រី ២នាក់ ។ លោកត្រូវបានអ្នកជំនាញសិល្បៈ លើកឡើងថា តារាផ្សេងៗពិបាកផ្ដួល ព្រោះលោកឆោម មានចំណុចខ្លាំង អាចប្រើសំឡេងច្រៀងបទតុងខ្ពស់បំផុតបាន ច្រៀងទាបក៏បាន ។ ចំណែកលោកនូ ស៊ឹប តារចម្រៀងជើងចាស់ បានអះអាងថា ឆាយ វីរៈយុទ្ធ មានសមត្តភាពមិនធម្មតា ព្រោះសូម្បីតែព្រាប សុវត្ថិ ក៏ពិបាកស៊ីលោកឆោម ដែរ ។

  ទោះជាមានតារាល្បីៗងាកមកច្រៀងរ៉េប ជាបន្ដបន្ទាប់ ដើម្បីឲ្យមានការផ្លាស់ប្ដូរក្នុងអាជីពចម្រៀងរបស់ពួកគេក្ដី ប៉ុន្ដែគេមើលឃើញថា នៅឆ្នាំ២០២៥ នេះតារារ៉េប វណ្ណដា និងដេវីត នៅតែបន្ដនាំមុខគេ ក្នុងចង្វាក់នេះ។ ចំណែកលោកវីរៈយុទ្ធ គេជឿថា នៅតែផ្ដោតលើការវាយលុកទីផ្សារចម្រៀងសម័យ បទស្លូវ បែបមនោសញ្ចេតនា ជាបន្ដទៀត ហើយការច្រៀងរ៉េប គ្រាន់តែជាផ្នែកមួយដែលលោកចង់ធ្វើឲ្យ Fan ឃើញអ្វីដែលលោកមិនធ្លាប់បញ្ចេញពីមុនប៉ុណ្ណោះ ខណៈក្រៅពីមានភរិយាសរសេរបទចម្រៀងឲ្យច្រៀងនោះ លោកចាន់ឆោម ក៏មានបងប្រុសរបស់ខ្លួន ឈ្មោះឆាយ ចាន់ម៉ៅ និពន្ធឲ្យច្រៀងប្រចាំផងដែរ ។

  តាមប្រភពថា ឆាយ វីរៈយុទ្ធ អាចនឹងបន្ដច្រៀងឲ្យសាន់ដេ យូរឆ្នាំទៀត ព្រោះនៅផលិតកម្មនេះ លោកត្រូវបានថៅកែផ្ដល់សិទ្ធិឲ្យគ្រប់យ៉ាងទាក់ទងការផលិតបទចម្រៀង ហេតុនេះ លោកចាន់ឆោម នឹងមិនទៅបុកគ្នាជាមួយលោកព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងខេម នៅGalaxy ឡើយ។ ចំណែកការទៅជំនួសតំណែងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅហង្សមាស គឺមានភាគរយតិចបំផុត បើទោះជាមានព័ត៌មានថា ហង្សមាស ចាប់អារម្មណ៍ចង់បានលោកវីរៈយុទ្ធ តាំងពីឆ្នាំ២០១០ ក្ដី ៕

RELATED ARTICLES