សហរដ្ឋអាមេរិក ៖ លោកដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ រំលាយក្រសួងអប់រំ (នាយកដ្ឋានអប់រំ) ដោយអះអាងថា មិនបានជួយធ្វើឱ្យការអប់រំទទួលបានជោគជ័យ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ថា នៅថ្ងៃព្រហស្បតិ៍ទី២០ ខែមីនា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីចាប់ផ្តើមដំណើរការរំលាយក្រសួងអប់រំ ឬនាយកដ្ឋានអប់រំ (Department of Education) ដោយបញ្ជាក់ថា នេះជារឿងត្រឹមត្រូវដែលត្រូវធ្វើ ហើយថា នឹងត្រូវរំលាយឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
លោកត្រាំ អះអាងថា សហរដ្ឋអាមេរិក ចំណាយលើវិស័យអប់រំ ច្រើនជាងប្រទេសដទៃទៀតក្នុងពិភពលោក ប៉ុន្តែលទ្ធផលទទួលបានការអប់រំ គឺអន់ណាស់។

ការរំលាយក្រសួងអប់រំ គឺជាអ្វីដែលខាងអ្នកសាធារណរដ្ឋជាច្រើន ចង់ធ្វើបែបនេះ ជាយូរមកហើយ។ ពួកគេបានបញ្ជាក់ថា ការបិទក្រសួងនេះ នឹងធ្វើឲ្យលទ្ធផលសិក្សារបស់សិស្ស កាន់តែប្រសើរឡើង និងសន្សំថវិការបស់រដ្ឋាភិបាល។
ទោះបីជាយ៉ាងណា អ្នកជំនាញជាច្រើន បានព្រមានដូច្នេះ ការបិទនាយកដ្ឋានកម្រិតក្រសួងនេះ ទាមទារការយល់ព្រមពីសភា ហើយការបិទនាយកដ្ឋាននេះ អាចមានផលវិបាករយៈពេលវែង ពិសេសសម្រាប់សិស្សដែលមានប្រាក់ចំណូលទាប សិស្សពិការ និងមហាវិទ្យាល័យ សាកលវិទ្យាល័យនានាទូទាំងប្រទេស។

សាលារៀននៅសហរដ្ឋអាមេរិក នឹងគ្រប់គ្រង និងទទួលបានថវិកាស្ទើរតែទាំងអស់របស់ខ្លួនពីភ្នាក់ងារកម្រិតរដ្ឋ ខណៈពេលដែលមានតែ ១៣% នៃមូលនិធិ បានមកពីរដ្ឋាភិបាលកណ្តាល។ នាយកដ្ឋានអប់រំ គ្រប់គ្រងប្រាក់ កម្ចីរបស់និស្សិតសហព័ន្ធ សម្រាប់និស្សិតមហាវិទ្យាល័យ និងសាកលវិទ្យាល័យ និងផ្តល់ជំនួយដល់សិស្សដែលមានចំណូលទាប ឬពិការ៕