Wednesday, March 26, 2025
Homeតារាខ្មែរសុគន្ធ និសាៈ ចាប់ដៃរ៉ូលីន

សុគន្ធ និសាៈ ចាប់ដៃរ៉ូលីន

ភ្នំពេញ ៖ តារាចម្រៀង សុគន្ធ និសា បានងាកទៅចាប់ដៃរ៉ូលីន ច្រៀងចម្រៀងសម្រាប់ប្រពៃណីចូលឆ្នាំខ្មែរ បទ «ចាក់ក្រឡេកទយ» ដែលនិសា ប្ដូរម៉ូដសក់ដូចបាញ់ហយ ខណៈដែលរ៉ូលីន ច្រៀងស៊កទៅនិសា ម៉ាអស់ដៃ ។ ការចេញបទចម្រៀងនេះ បញ្ជាក់ថា និសា មិនបានបោះបង់ការប្រជែងទីផ្សារចម្រៀងនោះទេ ក្រោយចាក ចេញពីហង្សមាស ពោលគឺនៅតែបន្ដផលិតបទចម្រៀងទៅតាមពេលវេលា ទាំងបទសម័យ និងបទប្រពៃណីខ្មែរ ដោយចំណាយថវិកាផ្ទាល់ខ្លួន។ ប៉ុន្ដែគេឃើញថា ការចេញបទចម្រៀងរបស់និស មិនសូវបានដិតដល់ទីផ្សារនោះទេ ដែលបញ្ហានេះ អាចមកពីធនធានមនុស្សក្នុងក្រុមការងារ នៅមានកម្រិត ។

គួរកត់សម្គាល់ថា សុគន្ធ និសា ក្រោយចាកចេញពីហង្សមាស កាលពីចុងឆ្នាំ២០២៤ នាងបានចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយតារា ៣ដួង មកហើយ ក្នុងនោះមានដូចជា លោកនីកូ, នួន សុធារ័ក្ស និងរ៉ូលីន ខណៈដែលចម្រៀងទោល នាងបានចេញបទ «ពេលខ្ញុំដួល អ្នកនៅឯណា?» និងបទ «អារម្មណ៍ចាស់ៗ»។ និសា បានជួបរ៉ូលីន តាមកម្មវិធីជាច្រើន ពិសេសមង្គលការ ដែលតារាចម្រៀងរៀបចំដោយក្រុមហ៊ុន Agency ទើបឈានមកដល់ការចាប់ដៃគូគ្នាច្រៀងសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។ ប៉ុន្តែនៅមិនទាន់ដឹងថា និសា អាចឈានទៅច្រៀងបទសម័យជាមួយរ៉ូលីន ទៀតឬយ៉ាងណាទេ ព្រោះនេះជាដំណាក់កាលដំបូង ហើយបទ «ចាក់ក្រឡេកទយ» នេះចេញលើផេកហ្វេសបុក ត្រឹមមួយថ្ងៃ មានអ្នកចូលមើល (views) ដល់ទៅ 3,2លាននាក់ ។

សូមបញ្ជាក់ថា ទោះបីជា សុគន្ធ និសា លែងជាតារាចម្រៀងហង្សមាស ប៉ុន្ដែនាងនៅតែមានទំនាក់ទំនងល្អជាមួយក្រុមការងារនិងថ្នាក់ដឹកនាំផលិតកម្មនេះ តាមរយៈការចេញច្រៀង Concerts របស់ហង្សមាស ទាំងនៅ Studio និងឆាកតាមខេត្ត ជាបន្ដបន្ទាប់ ។ ប៉ុន្ដែតំណែងធំ២ របស់និសា នៅហង្សមាស គឺធ្វើជាគ្រូបង្វឹកកម្មវិធី The Voice Kids  Cambodia និងCambodian Idol Junior រដូវកាលថ្មី នៅមានភាពស្រពេចស្រពិលនៅឡើយ ព្រោះតាមព័តមានថា ថៅកែចង់ដាក់តារាខ្លួនដែលជាប់កុងត្រា ជំនួសតារាដែលបានចាកចេញទៅហើយនោះ ដើម្បីឡង់សេអ្នកចម្រៀងរបស់ខ្លួន ។ សម្រាប់និសា គ្មានដំណឹងចូលផលិតកម្មថ្មីនោះទេ ហើយនាងបានច្រៀង Cover បទល្បីៗរបស់ខ្លួនឡើងវិញ ដោយកែភ្លេងថ្មី ដូចជាបទ «Please Stop» និងបទធ្វើថ្មីសុទ្ធក៏មាន ពោលគឺដូចគ្នាទៅនឹងមាស សុខសោភា ដែរ ហើយគេឃើញនិសា នៅតែមានទីផ្សារសិល្បៈ តាមរយៈការលេចមុខតាមក្រុមហ៊ុន Agency ច្រៀងក្នុងកម្មវិធីជប់លៀង និងមង្គលការជាហូរហែ បើទោះជាឆាកធំរបស់ហង្សមាស យូៗទើបគេឃើញនាងចេញមុខម្ដងក្ដី ។ទោះបីជាយ៉ាងណា ទស្សនិកជនរង់ចាំមើលថា និសា នៅតែបន្ដច្រៀងក្រៅផលិតកម្មបែបនេះទៀត ឬយ៉ាងណា? ព្រោះតាមព័តមានថា Galaxy ក៏ចង់បាននាងធ្វើជាសមាជិករបស់ខ្លួន ដើម្បីចាប់ដៃគូជាមួយលោកព្រាប សុវត្ថិ ម្ដងទៀតដែរ។

 មានការកត់សម្គាល់ថា អំឡុងពេលដែលសុគន្ធ និសា ចំណាយលុយធ្វើបទចម្រៀងដោយខ្លួនឯងនេះ នាងក៏មានមុខរបរក្រៅសិល្បៈមួយចំនួនផងដែរ ដូចជាបើកហាងគុយទាវខ្ចប់, កាហ្វេ, ចេកឆឹង និងមានភាគហ៊ុននៅគ្លីនិករក្សាសម្រស់មួយទៀតផង។ និសា ក៏បានរៀបចំឯកសារ ដើម្បីបានសិទ្ធិចេញចូលអាមេរិក តាំងពីឆ្នាំមុន ប៉ុន្ដែនាងមិនទាន់កំណត់ពេលវេលាទៅរស់នៅទីនោះទេ បើទោះជាស្វាមីនាង មានផ្ទះនៅរដ្ឋបូស្តុន (Boston) ក៏ដោយគឺនាងគ្រាន់តែទៅដើរលេងកម្សាន្ដនៅអាមេរិក រយៈពេលខ្លី ក៏វិលមកស្រុកវិញ។ ប៉ុន្ដែរឿងដែលនិសា ខកចិត្តនោះ គឺជាង៤ឆ្នាំមកនេះ គម្រោងយកកូនដំបូងរបស់នាង នៅតែជាប់គាំង ទើបធ្វើឲ្យស្នេហានាង មិនសូវកក់ក្ដៅនោះទេ បើទោះជាស្វាមីនាង លោកចៅ សម្បត្តិ តែងតែសម្របខ្លួនតាមនាងគ្រប់ពេលវេលា ទាំងការបន្ដអាជីពសិល្បៈ នាពេលបច្ចុប្បន្នក្ដី ។

ក្រៅពីសុគន្ធ និសា តារាចេញពីហង្សមាស ងាកមកផលិតបទចម្រៀងខ្លួនឯង មានដូចជាពេជ្រ សោភា, ពេជ្រ សូលីកា និងប៉ាច គីមមួយ ជាដើម៕

RELATED ARTICLES