ភ្នំពេញ ៖ អ្នកផលិតមាតិកាវីដេអូ លោកចន្ថា ផាន់រ៉ុង ហៅ Dj ផាន់រ៉ុង បានដឹកដៃស្រីស្រស់ នាង ម៉ាលីកា រៀបការកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ព្រីមៀរ សែនសុខ ដោយមានក្រុមតារាកំប្លែង អ្នកផលិតមាតិកា និង Vlogger ជាច្រើន បានទៅចូលរួមសាទរ ក្នុងនោះក៏មានលោកខេមរៈ សិរីមន្ដ បណ្ដើរប្រពន្ធទៅស៊ីការ Dj រូបនេះផងដែរ ។

នៅចំពោះមុខភ្ញៀវជាច្រើនរយនាក់ DJ ផាន់រ៉ុង បានប្រកាសថា លោកបានសន្សំលុយ និងទ្រាំជិត ១០ឆ្នាំ ទើបបានសម្រេចការប្រពន្ធពេញច្បាប់។ ចំណែកនាង ម៉ាលីកា រំភើបរហូតស្រក់ទឹកភ្នែក ។

មង្គលការរបស់ DJ ផាន់រ៉ុង ក៏មានស្រីស្អាត នែប ព្រំរិទ្ធិកា ដែលគេសង្ស័យថា នាងមានទំនាក់ទំនងាស្នេហា ជាមួយលោកផាន់រ៉ុង ចូលរួមដែរ ដែលនេះជាការបញ្ជាក់ថា អ្នកទាំងពីរគ្មានទំនាក់ទំនងស៊ីជម្រៅដូចគេម៉ៃនោះឡើយ ។

តាមប្រភពថា មានតារារួមអាជីពជាច្រើន បានខកខានមិនបានទៅចូលរួមមង្គលការ Dj ផាន់រ៉ុង ដោយសារតែពួកគេជាប់បំពេញការងារសិល្បៈនៅតាមខេត្ត ដោយអ្នកខ្លះបានត្រឹមតែបាញ់លុយចំណងដៃផ្ញើជូនសាមីខ្លួន ក្នុងនោះមានដូចជា លោកប៉ែន ចំរ៉ុង និងនាយចឺម ជាដើម។ ប៉ុន្តែ DJ ផាន់រ៉ុង មិនបានប្រាប់ថា មង្គលការរបស់លោកចំណាយទឹកប្រាក់ប៉ុន្មាននោះឡើយ តែពេលនេះលោកប្រកាសថា លោកមានប្រពន្ធហើយ ។

គួររំលឹកថា DJ ផាន់រ៉ុង បានភ្ជាប់ស្នេហាជាមួយនាង ម៉ាលីកា តាំងពីពួកគេនៅរៀនវិទ្យាល័យជាមួយគ្នា តែទំនាក់ទំនងអ្នកទាំងពីរ នៅរក្សាដដែល ពោលគឺទោះជាលោកផាន់រ៉ុង ថតសម្ដែងជាមួយតារាស្រីស្អាតៗនៅក្បែខ្លួនយ៉ាងណា ក៏លោកមិនភ្លេចសង្សារដែរ ។ ចំណែកនាងម៉ាលីកា ក៏ទុកចិត្ត មិនប្រចណ្ឌ ទើបពួកគេរក្សាចំណងស្នេហ៍នេះ រហូតដឹកដៃគ្នាចូលរោងការនៅពេលនេះ ។

ប្រភពបានឲ្យដឹងថា DJ ផាន់រ៉ុង ក៏ត្រៀមនាំប្រពន្ធឲ្យចូលថតក្នុងក្រុមសម្ដែងរបស់ខ្លួនដែរ ពិសេសការផ្សព្វផ្សាយផលិតផល ដើម្បីឲ្យមានចំណូលរួមគ្នា ។

DJ ផាន់រ៉ុង ថ្លែងថា «ធ្លាប់កាន់ដៃគ្នានៅក្នុងសាលា ឥឡូវបងកាន់ដៃអូនចូលរោងជ័យ» ។ DJ រូបនេះក៏បានថើបថ្ពាល់, បបូមាត់ប្រពន្ធថ្នមៗ និងសរសើរថា ថ្ពាល់ប្រពន្ធខ្លួនឡើងផ្អែមទៀតផង ។

គួរបញ្ជាក់ថា DJ ផាន់រ៉ុង ត្រូវបានគេចាប់អារម្មណ៍ ក្រោយលោកដឹកនាំសម្ដែងនិងថតរឿងខ្លីៗជាមួយតារាស្រី នែប ព្រំរិទ្ធិកា និងពូណម ដែលអាចរកប្រាក់ចំណូលបានជាច្រើនពាន់ដុល្លារ ក្នុង១ខែៗ រហូតទិញបានផ្ទះ និងរថយន្ដ និងចុងក្រោយសម្រេចចំណងធំ រៀបការប្រពន្ធ ដោយជប់លៀងធំ ផ្អើលអស់ក្រុម Vlogger ។ លោកជាអ្នកផលិតមាតិកាវីដេអូ ដែលប្រជែងទីផ្សារគ្នា នាពេលបច្ចុប្បន្ន ជាមួយពូណុយ និងនាយព្រែក ជាដើម ។យ៉ាងណា មហាជនរង់ចាំមើលថា ក្រោយ DJ ផាន់រ៉ុង មានប្រពន្ធពេញច្បាប់នេះ លោកកាន់តែសម្រុកទីផ្សារ ផលិតមាតិកាវីដេអូថែមទៀត ឬរវល់ថ្នាក់ថ្នមប្រពន្ធបន្ថយដៃសម្ដែង? …៕


