ភ្នំពេញ ៖ តារាចម្រៀង មាស សុខសោភា បានចេញមុខនិយាយជាលើកដំបូង ទាក់ទងលោកតាសក់ស ភ្នំត្បែង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដែលនាងតែងតែគោរព និងរៀនពីការធ្វើសមាធិ និងព្រះធម៌ ដើម្បីឲ្យអារម្មណ៍បានស្ងប់ ។ សោភា អះអាងថា មានមនុសម្នាក់ជិតដិតនាងបំផុត បានទម្លាយប្រាប់គេថា នាងចាញ់បោក ឬជួយទៅលោកពេជ្រ សង្វារវង្ស ហៅលោកតាសក់ស ភ្នំត្បែង ដោយម្ដងថា ទឹកប្រាក់ចំនួនកន្លះលានដុល្លារ និងជូនកាលថា៣០លានដុល្លារ ។ សោភា ចាត់ទុកថារឿងនោះមិនមែនជាការពិតទេ ព្រោះនាងមានលុយឯណាដល់ម្ល៉ឹង ច្រៀងរាល់ថ្ងៃ រកតែលុយប្ដូរឡានមិនបានផង ។

មាស សុខសោភា និយាយថា នាងមានការឈឺចាប់ដែលមនុស្សជំនិតរបស់នាងបំផុតហើយនាងធ្លាប់ជួយ បែរជានិយាយបង្ខូចឈ្មោះនាង ថាមានសតិមិនល្អ ។ នាងថា ជីវិតនាងរាល់ថ្ងៃ ច្រៀងរកលុយប្ដូរថយន្ដអត់បាន ហើយចាញ់បោកតុងទីនគេទៀត អ៊ីចឹងតើមានលុយឯណាទាំងសែន ទាំងលានដុល្លារ ទៅឲ្យគេបោកនោះ ព្រោះនាងមិនមែនជាសេដ្ឋីឯណា?

មាស សុខសោភា ឲ្យដឹងថា ក្រោយមានដំណឹងនាងគ្រោងសាងសង់ទីសក្ការៈ នៅលើដីរបស់នាង នៅខេត្តបន្ទាយមានជ័យ នោះមក ខាងមន្រ្ដីក្រសួងធម្មការនិងសាសនា ចុះទៅហាមឃាត់ តែក្រុមការងារខាងលើ មិនដែលទាក់ទងមកនាងដោយផ្ទាល់នោះទេ ។ ទោះជាយ៉ាងណា សុខសោភា បានចេញមុខទម្លាយអាថ៌កំបាំងក្នុងជីវិតនាង លើកទី១ ដែលនាំឲ្យមានជំនឿទៅលើលោកតាសក់ស ភ្នំត្បែង ដោយនាងអះអាងថា អំឡុងកូវីដ កំពុងតែផ្ទុះ នាងកើតជំងឺម្យ៉ាងទាក់ទងផ្លូវចិត្ត គេងមិនលក់ រាល់យប់ ទាល់តែម៉ោង ៩ព្រឹក ទើបគេងលក់ រហូត ដល់មានពេលខ្លះ នាងចង់បញ្ចប់ជីវិតខ្លួនឯងទៀតផង។ សោភា ថានាងធ្លាប់មានលុយ ឡាន ផ្ទះ និងកាបូបថ្លៃៗ ប៉ុន្ដែរកក្ដីសុខអត់ឃើញ ដែលបញ្ហានេះហើយ ពេលនាងបានជួបលោកតាសក់ស ភ្នំត្បែង ទើបលោកជួយនាងរហូតរកឃើញខ្លួនឯង ។ នាងថា បើកុំតែបានលោកតាសក់ស ភ្នំត្បែង ជួយ ម្ល៉េះពេលនេះនាងគ្មានជីវិតបានជួបអ្នកទាំងអស់គ្នាដូចរាល់ថ្ងៃនេះទេ ។ សោភា បន្ថែមថា ដោយសារតែលោកតា បានជួយជីវិតនាងបែបនេះហើយ ទើបនាងមានតែការតបស្នងទៅលោកតាវិញ តាមរយៈការទិញដីសម្រាប់សាងសង់វត្ត និងគ្រោងរៀបចំរូបសំណាកមួយចំនួន លើដីរបស់នាង ដែលជួយដល់អ្នកដែលចង់ធ្វើសមាធិ ហើយនាងជួយថវិកា ជាហូហែទៅអ្នកខ្វះខាតទៅទីនោះ។ ប៉ុន្ដែសោភា ថានាងពិតជាមានការអាកអន់ចិត្តបំផុត ព្រោះមានបុគ្គលដែលនៅជិតខ្លួនជាងគេ និយាយបំប៉ោង បំផ្លើសពីការចំណាយលុយរបស់នាង កសាងវត្ត ជួយថវិកាដល់លោកតាភ្នំត្បែង រហូតចាត់ទុកនាងថាជាមនុស្សមានសតិមិនល្អទៀត ទើបធ្វើឲ្យមានការឈឺចាប់ និងត្រូវតែចេញមុខបំភ្លឺនាពេលនេះ។

មាស សុខសោភា ថ្លែងថា «លោកតាសក់ស ភ្នំត្បែង ជាអ្នកជួយសង្រ្គោះជីវិតខ្ញុំ។ បើគ្មានគាត់ ខ្ញុំក៏គ្មានជីវិតមកដល់ពេលនេះដែរ។ ខ្ញុំមានបញ្ហាសម្ពាធផ្លូវចិត្ត ។ គាត់ជាអ្នកជួយទម្លុះទម្លាយសច្ចធម៌ ព្រោះពេលហ្នុង ខ្ញុំស្ទើស្លាប់ ស្ទើររស់ទៅហើយ»។

គួររំលឹកថា កាលពីដើមខែមករា ឆ្នាំ២០២៥ ស្វាមីមាស សុខសោភា លោកអ៊ឹត រ៉ាដា ប្រកាសបង្កើតមូលនិធិបេះដូងមាស សុខសោភា (Meas Soksophea Heart Foundation) បានបរិច្ចាគលុយ ជាង ៣០០ ០០០ដុល្លារ ដល់លោកពេជ្រ សង្វារវង្ស ហៅលោកតាសក់ស ភ្នំត្បែង ដើម្បីទិញដី និងសាងសង់រូបសំណាក ចំនួន៥ ដែលមានទីតាំងនៅកំពូលភ្នំត្បែង ខេត្តព្រះវិហារ។ ប៉ុន្ដែក្រោយមានការផ្សព្វផ្សាយលើសារព័តមាន សារនោះត្រូវបានអ្នកកាន់ផេកនោះលុបចោលវិញភ្លាមៗ ដោយគ្មានជូនដំណឹង។ បញ្ហានោះហើយ បានធ្វើឲ្យ Fan មើលឃើញថា សោភា មានជំនឿទៅលើលោកតាសក់ស ភ្នំត្បែង កាន់តែខ្លាំង បើទោះជានាងធ្លាប់រងការខកចិត្តម្ដងរួចទៅហើយ ដោយសារលោកតាសក់ស ភ្នំត្បែង កាលពីខែមិថុនា ឆ្នាំ ២០២៣ ទាក់ទងបទចម្រៀងនាង «មរណភាពព្រះស្វាមីជយវរ្ម័នទី៧» ដែលនិពន្ធដោយលោកពេជ្រ សង្វារវង្ស ហៅលោកតាសក់ស ភ្នំត្បែង នោះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ប្រតិកម្ម រហូតសោភា បង្ខំចិត្តលុបចេញជាបន្ទាន់ក្ដី ។ មហាជនជាច្រើន បានសម្ដែងការគាំទ្រសកម្មភាពរបស់មាស សុខសោភា នៅពេលដែលនាងចេញមុខបក ស្រាយការពិតថា ជីវិតនាងមានរាល់ថ្ងៃ ដោយសារតែលោកតាសក់ស ភ្នំត្បែង ហេតុនេះគេជឿថា ក្រោយពីដឹងហេតុផលនេះមក គ្រប់គ្នានឹងលែងបន្ទោសនាងថាជាតារាមានជំនឿជ្រុលទៅលើអប្បិយជំនឿ ឬប្រឹងច្រៀងរកលុយ ទៅធ្វើរូបសំណាកសក្ការៈខុសពីតារាផ្សេងៗទៀតជាមិនខាន ៕


