Saturday, March 29, 2025
Homeព័ត៌មានអន្តរជាតិបើកយន្តហោះ២ម៉ោង ភ្លេចលិខិតឆ្លងដែន ពីឡុតបើកយន្តហោះត្រលប់មកវិញ

បើកយន្តហោះ២ម៉ោង ភ្លេចលិខិតឆ្លងដែន ពីឡុតបើកយន្តហោះត្រលប់មកវិញ

សហរដ្ឋអាមេរិក ៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ពីទីក្រុងឡូសអែនចេឡេស (Los Angeles) ទៅកាន់ទីក្រុងសៀងហៃ មានអ្នកដំណើរ និងយានិក ចំនួន ២៧០នាក់ ត្រូវត្រឡប់មកវិញ បន្ទាប់ពីបានរកឃើញថា អ្នកបើកយន្តហោះ (ពីឡុត) ម្នាក់ បានភ្លេចយកលិខិតឆ្លងដែនមកតាមខ្លួន ។

តាមប្រភពទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ថា យន្តហោះដឹកអ្នកដំ ណើរ របស់ក្រុមហ៊ុន United Airlines ដែលធ្វើដំណើរពីទីក្រុងឡូសអែនចេឡេស សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន ត្រូវត្រឡប់មកចុះចតនៅអាកាសយានដ្ឋាន សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) វិញ ក្រោយហោះហើរបានប្រហែល ២ម៉ោង បានរកឃើញថា អ្នកបើកយន្តហោះម្នាក់ ភ្លេចយកលិខិតឆ្លងដែនមកជាមួយ ។

យោងតាមគេហទំព័រ FlightAware ជើងហោះហើរលេខ 198 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ឡូសអែនចេឡេស (Los Angeles) នៅម៉ោង ២:០០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដឹកអ្នកដំណើរ ២៥៧នាក់ និងយានិក ១៣នាក់ បានធ្វើដំណើរឆ្ពោះទៅភាគពាយ័ព្យ ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន ប៉ុន្តែបន្ទាប់ពីហោះហើរបានប្រហែល ២ម៉ោង យន្តហោះត្រូវផ្លាស់ប្តូរផ្លូវ ត្រឡប់មកវិញ ហើយចុះចតនៅអាកាសយានដ្ឋាន San Francisco នៅម៉ោង ៥:០០នាទីល្ងាច។

ក្រោយមក ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានចេញសេចក្តីថ្លែងការណ៍ សុំទោសអតិថិជន ដោយបញ្ជាក់ថា អ្នកបើកយន្តហោះ មិនមានលិខិតឆ្លងដែននៅលើយន្តហោះនោះទេ ទើបត្រូវបើកយន្តហោះត្រឡប់មកវិញ ហើយរៀបចំពីឡុតថ្មី ដើម្បីដឹកអ្នកដំណើរទៅកាន់គោលដៅរបស់ពួកគេ នៅយប់ថ្ងៃដដែលនោះ ដោយផ្តល់អាហារ និងសំណងដល់អតិថិជនផងដែរ។

បន្ទាប់ពីបានផ្លាស់ប្តូរពីឡុតថ្មី ជើងហោះហើររបស់ United Airlines ដដែលនេះ បានចាកចេញពីព្រលានយន្តហោះ សាន់ហ្វ្រាន់ស៊ីស្កូ នៅម៉ោងប្រហែល ៩:០០នាទីយប់ ហើយបានចុះចតនៅទីក្រុងសៀងហៃ ប្រទេសចិន យឺតជាងពេលវេលាគ្រោងទុក ប្រហែល ៦ម៉ោង៕

RELATED ARTICLES