ខេត្តក្រចេះ ៖ សត្វមាន់ ចំនួន១០៧ក្បាល ត្រូវបានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ ដុតកម្ទេចចោល ក្រោយផ្ទុះជំងឺផ្តាសាយបក្សី បណ្តាលឱ្យកុមារម្នាក់ អាយុ៣ឆ្នាំ ៦ខែ បានស្លាប់ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។

ប្រតិបត្តិការនេះ ធ្វើឡើងដោយមន្ទីរកសិកម្មខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ខណៈដែលចុះធ្វើអន្តរា គមន៍ជំងឺផ្តាសាយបក្សី នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី។

លោកកេត សារឿន ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ថា ការងារនេះក្នុងយុទ្ធនាការគឺដើម្បីកម្ចាត់ជំងឺផ្តាសាយបក្សី នៅតំបន់មានហានិភ័យ។ ជាបច្ចេកទេស តាមការ ណែនាំរបស់ក្រសួង ក៏ដូចជាអគ្គនាយកដ្ឋានបច្ចេកទេសសុខភាពសត្វ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេ សាទខេត្ត គឺក្រុមការងារជំនាញ បានចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីកម្ចាត់មេរោគដែលមាននៅលើបក្សី ឬ កន្លែងចិញ្ចឹមបក្សី ដែលមាននៅជុំវិញកន្លែងកើតហេតុ។
លោកបានបញ្ជាក់ថា តាមបច្ចេកទេស នៅក្នុងតំបន់មួយដែលជាតំបន់ហានិភ័យខ្ពស់ សត្វមាន់ ទាទាំងអស់នោះ អាចឆ្លងមេរោគផ្តាសាយបក្សី តែវាមិនទាន់ចេញរោគសញ្ញា។ ដូច្នេះ ក្រុមការងារ ត្រូវតែកម្ទេចសត្វមាន់ ទាទាំងនោះចោល ដើម្បីធានាកុំឱ្យមានឆ្លងបន្តទៀត។

ក្នុងយុទ្ធនាការនោះដែរ ក្រុមការងារបានចែកខិតប័ណ្ណផ្សព្វផ្សាយពីជំងឺផ្តាសាយបក្សី (តូច) ដល់កសិករ អាជ្ញាធរភូមិ និងបាញ់ថ្នាំសម្លាប់មេរោគ តាមខ្នងផ្ទះប្រជាពលរដ្ឋ ហើយបានបន្តផ្សព្វផ្សាយជំងឺផ្តាសាយបក្សី ដល់កសិករចិញ្ចឹមសត្វ បង្កើនការយល់ដឹង និងតាមដានជំងឺឆ្លង ជាបន្តទៀត។ ជាមួយគ្នានោះ ក៏បាញ់ថ្នាំសម្លាប់មេរោគតាមខ្នងផ្ទះដែលបានសម្លាប់មាន់អស់ ជាពិសេស បានណែនាំដល់ប្រជាពលរដ្ឋ កុំឱ្យលក់មាន់ចេញពីភូមិផ្ទុះជំងឺ ២គីឡូម៉ែត្រជុំវិញ។

ក្រៅពីតំបន់ផ្ទុះជំងឺផ្តាសាយបក្សី នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ ក៏មានភ្នាក់ងារសុខភាពសត្វភូមិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្នុងករណីក្នុងភូមិមានសត្វឈឺ ឬងាប់ ត្រូវផ្តល់ព័ត៌មានជាបន្ទាន់មកការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ ដើម្បីមានវិធានការចុះពិនិត្យនិងយកសំណាក ដើម្បីបញ្ជាក់ថា សត្វដែលឈឺងាប់នោះ ជាមេរោគប្រភេទអ្វីឱ្យច្បាស់លាស់ ក្នុងករណីមានជំងឺផ្តាសាយបក្សី ដាច់ខាតត្រូវមានវិធានការជាបន្ទាន់ភ្លាមៗ៕