Sunday, March 30, 2025
Homeតារាខ្មែរអូជី ហ្គូលឌិនៈ គេរិះគន់ចរិត១០កុងតឺន័រ ជំពាក់លុយ អត់សង

អូជី ហ្គូលឌិនៈ គេរិះគន់ចរិត១០កុងតឺន័រ ជំពាក់លុយ អត់សង

ភ្នំពេញ ៖ ទោះបីជានិយាយមិនចំឈ្មោះមែន ប៉ុន្ដែតារាចម្រៀង ម៉ៃ សុគន្ធ ហៅមហាទើស ឬមហាស៊យ ដែលជាអ្នកគាំទ្រតារារ៉េប លោក Ranngo បានចេញមុខពន្លះតារាចម្រៀងរ៉េបម្នាក់ ដោយប្រយោល កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដែលសន្និដ្ឋានថា លោកសុគន្ធ ចង់សំដៅដល់តារារ៉េប ជំនាន់ថ្មី លោកអូជី ហ្គូលដិន តែម្ដង ដោយលោកចោទថាចរិត១០កុងតឺន័រ ជំពាក់លុយពួកម៉ាក អត់ព្រមសង និងតោងគ្រូល្បី… ។

លោកម៉ៃ សុគន្ធ បានបង្ហោះសារលើកទី១ ជាសារធារណៈថា «Rapper ទើបរះតិច ប្រយ័ត្នលិចទៅវិញ ធ្វើជាមនុស្ស កុំភ្លេចកំណើតណា (ចរិតវិញ ១០កុងតឺន័រ ថែម៥ស្បោងទៀត ពួកម៉ាកកម្សត់កម្រវា ក៏វាមិនរាប់ដែរ ម៉ាអា Rapper តោងគ្រូល្បី»។ បន្ទាប់មក លោកសុគន្ធ បានបញ្ចេញសារទី២ថា «ហេ Rapper ល្បីជំពាក់លុយពួកម៉ាក កាលសង? គ្នាអត់ល្បីដូច Ah ភ្លេចកំណើតឯងទេ ចឹងគេឆាតទៅ សុំលុយដែលខ្ចី Seen Chat ផង» ។

 រំលងបាន ៥ម៉ោង លោកម៉ៃ សុគន្ធ បានយកសាររបស់ OGGOLDEN ដែលបង្ហោះវិញម្ដង នូវឃ្លាខ្លីថា «អាក្រពឹតមុខវៀច» ។ តារាមហាទើស បានតបភ្លាមៗទៅសាររបស់អូជី ហ្គូលដិន នោះថា «សម្ដីក្មេងល្អ…ពូអាចធ្វើឪក្មួយបានណា តែក៏ជូនពរឲ្យដើរលើវិថីសិល្បៈនេះ ល្បីឲ្យបានយូរណា សូមឲ្យចាស់ទៅ មានទ្រព្យជាប់ខ្លួនបានពាក់កណ្ដាលពូទៅណាក្មួយ ក្រពឹតក៏ក្រពឹតចុះ កុំតែជាមនុស្សស៊ីបាយបោកឆ្នាំងទៅ ពិសេសស្បែកមុខ ក្រាស់ ជំពាក់លុយមិត្តមិនសងទៅ Ah Rapper កំពូលល្បីប្រហោងក្នុង»។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោក មាស ប៊ុនណាលិ ហៅអូជី ហ្គូលឌិន (OG GOLDEN) កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ តែត្រូវបាននារីម្នាក់ដែលជាអ្នកគ្រប់គ្រងការងារបសលោកប៊ុនណាលិ លើកជំនួស ។ នៅពេលសួរទាក់ទងរឿងលោកម៉ៃ សុគន្ធ ចេញសារវាយប្រហារសំដៅទៅលើតារារ៉េប ម្នាក់ដែលគេជឿថា ជាលោកអូជី ហ្គូលឌិន នោះនារីរូបនោះបានប្រាប់ថា មិនដឹងគាត់ (លោកសុគន្ធ) និយាយឲ្យពីណាឲ្យប្រាកដនោះទេ ហើយនាងបានសួរទៅលោកសុគន្ធ វិញថា ចោទគេជំពាក់លុយ អត់សង នោះមានភ័ស្ដុតាងឬអត់? នារីរូបនោះថា លោកអូជី ហ្គូលដិន បានដឹងពីអ្នកលេងហ្វេសប៊ុក ម្នាក់នោះ និយាយសំដៅលើខ្លួន ប៉ុន្ដែអូជី គ្មានប្រតិកម្មទេ ព្រោះមិនដឹងថា បុគ្គលរូបនោះ និយាយថាឲ្យអ្នកណាឲ្យប្រាកដនោះទេ ។សម្រាប់រូបនាង ជាអ្នកគ្រប់គ្រងអូជី វិញក៏គ្មានវិធានការអ្វីដែរ ព្រោះប្រភពនោះអត់ច្បាស់លាស់ និងម្យ៉ាងទៀត អ្នកណាក៍ដឹងថា គាត់នោះតែងតែរិះគន់គេតែអ៊ីចឹងទៅហើយ ។ នាងថាក្រោយលើកពាន ពេលនេះអូជី ហ្គូលឌិន នៅក្រោមការគ្រប់គ្រងរបស់ Pnn ហើយរូបគេ មមាញឹកការងារច្រើន ទាំងចេញច្រៀង Concerts តាមខេត្ត ជាបន្ដបន្ទាប់ និងត្រៀមចេញបទថ្មីនៅដើមខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះហើយ ។

អូជី ហ្គូលឌិន ហាក់មិនសូវខ្វល់ខ្វាយពីប្រតិកម្មរបស់លោកម៉ៃ សុគន្ធ នោះទេ ប៉ុន្ដែនៅ ថ្ងៃដដែលនោះ លោកបានចេញមុខសុំទោស Fan នៅស្រុកស្នួល ខេត្តក្រចេះ ដែលរូបគេច្រៀងមិនបានល្អ ព្រោះពិបាកដកដង្ហើម មិនសូវស្រួលខ្លួន ។ ទាក់ទងបញ្ហានេះ នារីដែលជាអ្នកគ្រប់គ្រងការងារអូជី ហ្គោលឌិន បានឲ្យដឹងថា អូជី មានបញ្ហាសុខភាព ដោយសារតែច្រៀងត្រូវភ្លៀងនៅខេត្តកំពង់ចាម ប៉ុន្ដែលោកបន្ដច្រៀងសម្ដែងតាមគម្រោង គ្មានការអាក់ខានពីឆាកតន្ត្រីនោះទេ ។

 គួរបញ្ជាក់ថា អូជី ហ្គូលដិន បានក្លាយជាម្ចាស់ពាន Rapper Fighter រដូវកាលទី១ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ពេលនេះ កំពុងល្បីបទ «ឥឡូវខ្ញុំឡូយ» ហើយមុនត្រូវលោកម៉ៃ សុគន្ធ រិះគន់មិនសំចៃមាត់នោះ លោកទើបតែដឹកដៃកំពូលស្នេហ៍ ថត Pre-Wedding កាលពីពេលថ្មីៗនេះ ដែលទំនងជាត្រៀមខ្លួនការប្រពន្ធឆាប់ៗនេះហើយ ។ អូជី ក៏មានសមត្ថភាពមិនចាញ់តារារ៉េប រៀមច្បង ដូចជា វណ្ណដា និងងួន ចាន់ដាវិត (ជី ដេវីត) នោះទេ ព្រោះលោកចេះធ្វើភ្លេង និងនិពន្ធ Melody ដោយខ្លួនឯង ។ ប៉ុន្ដែមហាជនលើកឡើងថា អូជី មិនស័ក្តិសមជាម្ចាស់ពាននោះទេ ដោយពួកគេយល់ថា ម្ចាស់ជ័យលាភីពេលនោះ គួរតែបានទៅលើលោកRanngo ទើបសមជាង៕

RELATED ARTICLES