Sunday, March 30, 2025
Homeតារាខ្មែរ យុគ ចិន្ដាៈ គូស្នេហ៍ធ្វើខួបកំណើតឲ្យ

 យុគ ចិន្ដាៈ គូស្នេហ៍ធ្វើខួបកំណើតឲ្យ

ភ្នំពេញ ៖ អ្នកនាងយុគ ចិន្ដា តែងតែប្រារព្ធពិធីខួបកំណើត រៀងរាល់ឆ្នាំ នៅថ្ងៃទី២៣ ខែមីនា ប៉ុន្ដែសម្រាប់ឆ្នាំនេះ នាងត្រូវជំនួយការធ្វើខួបកំណើតឲ្យ នៅថ្ងៃទី២៤ ខែមីនា ខណៈដែលគូស្នេហ៍នាង ធ្វើខួបឲ្យនៅថ្ងៃទី២៥ ខែមីនា ទៅវិញ ។ ប្រភពបានឲ្យដឹងថា ខួបកំណើតអ្នកនាងយុគ ចិន្ដា នៅឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺនាងធ្វើជាលក្ខណៈគ្រួសារ អត់មានការជប់លៀងទ្រង់ទ្រាយធំ ហៅតារាចូលរួមរាប់រយនាក់ ដូចតារាផ្សេងៗ ឡើយ ។

លោកជីមមី ជំនួយការអ្នកនាងយុគ ចិន្ដា

លោកជីមមី ជំនួយការរបស់អ្នកនាងយុគ ចិន្ដា បានឲ្យដឹងថា លោកតែងតែ Surprise នំខេក ឲ្យមេរបស់លោក ជារៀងរាល់ឆ្នាំមែន ប៉ុន្ដែឆ្នាំនេះ ដោយសារតែកាលពីថ្ងៃទី២៣ ខែមីនា ជាថ្ងៃខួបពិតរបស់អ្នកនាងចិន្ដា លោករវល់ ទើបលោកបានធ្វើខួបឲ្យអ្នកនាងចិន្ដា នៅថ្ងៃទី២៤ ខែមីនា ។ លោកថា កម្មវិធីខួបកំណើតឆ្នាំនេះ អ្នកនាងចិន្ដា ធ្វើជាលក្ខណៈគ្រួសារ អត់បានហៅតារារួមអាជីពឲ្យចូលរួមទេ ។ ជំនួយការរូបនេះ ទទួលស្គាល់ថា គូស្នេហ៍របស់អ្នកនាងចិន្ដា ពិតជាបានធ្វើខួបកំណើត ឲ្យនាង នៅថ្ងៃទី២៥ ខែមីនា ដូចការលេចឮមែន ដែលពិធីនោះ ធ្វើនៅហាងអ្នកនាងចិន្ដា ឈ្មោះ «ចងចាំ Lounge» ផ្ទះលេខ៤ ផ្លូវ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រុងភ្នំពេញ។

 នៅលើបណ្ដាញសង្គម អ្នកនាងយុគ ចិន្ដា មិនបានបង្ហាញឲ្យគេឃើញថា គូស្នេហ៍របស់នាង បានជូនកាដូអ្វីខ្លះ នៅថ្ងៃខួបរបស់នាងទេ ប៉ុន្ដែលោកជីមមី បង្ហើបថា ទំនាក់ទំនងរបស់អ្នកទាំងពីរ កាន់តែមានភាពចុះសម្រុងគ្នាល្អណាស់ នារយៈពេលចុងក្រោយនេះ បើទោះជាគ្មានដំណឹងរៀបការក្ដី ។

 សូមបញ្ជាក់ថា អ្នកនាងយុគ ចិន្ដា បានចាប់អាជីពជាពិធីការិនី រយៈពេលជាង២៩ឆ្នាំមកហើយ ដែលពេលនេះ នាងនៅតែជាពិធីការិនីរបស់ CTN និងតាមព័តមានថា នាងក៏មានតួនាទីថ្មីមួយ នៅសមាគមសិល្បករខ្មែរ នាអាណត្តិទី៦ ដែលដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែរ បើទោះជាមិនទាន់មានការប្រកាសជាផ្លូវការក្ដី ។ អ្នកនាងចិន្ដា ក៏ដូចជាគង់ សុជាតិ ដែរ បានចាប់អាជីពពិធីការិនី (MC) នេះយ៉ាងជោកជាំដូចគ្នា ជិត៣ទសវត្សមកនេះហើយ រហូតមកដល់បច្ចុប្បន្ន អ្នកទាំងពីរនៅតែបន្ដនៅស្ថាប័ន ២ផ្សេងគ្នា។ អតីតអ្នកអានព័ត៌មាន ក្លាយទៅជាពិធីការិនីល្បី អ្នកនាងចិន្ដា ត្រូវបានគេចាត់ទុកថា ជាអ្នកមានទ្រព្យ ក្នុងចំណោមតារាខ្មែរ ដែលមានទ្រព្យនាំមុខ នៅឆ្នាំ២០២៥ មានដូចជា លោកព្រាប សុវត្ថិ, ចា រិទ្ធី, ខាត់ សុឃីម, គង់ សុជាតិ និងកែវ ស្រីនាង ជាដើម។ ប៉ុន្ដែជាទម្លាប់អ្នកនាងចិន្ដា មិនដែលសម្ញែងគ្រឿងអលង្ការ មាសពេជ្រ ទាំងឈុតៗ ឲ្យគេឃើញឡើយ តែនាងចូលចិត្តបង្កើតមុខរបរចេញជារូបរាង ជាបន្ដបន្ទាប់ ដូចជាហាងកាត់ដេ, ហាងអាហារបួស និងភោជនីយដ្ឋានចងចាំ ជាដើម ខណៈដែលនាងក៏មានដីធ្លីជាច្រើនកន្លែង និងផ្ទះជួលផងដែរ ។

 យុគ ចិន្ដា បានបិទបញ្ចប់រឿងគេថានាងជោគជ័យតែអាជីពសិល្បៈ ប៉ុន្ដែរឿងស្នេហាសូន្យ ក្រោយពីនាងបានភ្ជាប់ស្នេហាជាមួយបុរសវ័យចំណាស់ម្នាក់ ជាមន្រ្ដីសុរិយោដី ជាង៥ឆ្នាំមកហើយ ដែលពេលនេះ ពួកគេកំពុងរស់នៅផ្ទះវីឡា នៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្នកនាងចិន្ដា ធ្លាប់ប្រាប់អ្នកយកព័តមាន «នគរធំ» ថា នាងនឹងរៀបការនៅពេលដែលកូនស្រីនាង ឈ្មោះយុគ ដាពេជ្រ ហៅស្រីអម អាយុ១៨ឆ្នាំ ដែលពេលនោះ នាងនឹងឲ្យកូនស្រី ធ្វើជាអ្នកកំដរ ប៉ុន្ដែពេលនេះ កូនស្រីឈានចូលដល់វ័យ ១៩ឆ្នាំទៅហើយ ស្រប ពេលនាងជាម្តាយ មានអាយុ៤៨ឆ្នាំ បែរជាស្ងាត់រឿងគ្រងឈុតកូនក្រមុំមែនទែននោះទៅវិញ ៕

RELATED ARTICLES