ក្រោយស្ងប់ស្ងាត់រឿងស្នេហ៍មួយរយៈ ពិធីការិនីស្ថានីយទូរទស្សន៍បាយ័ន ស៊ិន នារីរ័ត្ន (ស៊ិន ស្រីរ័ត្ន) ស្រាប់តែចូលរោងការស្ងាត់ៗ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញនេះ ជាមួយបុរសខ្មែរកម្ពុជាក្រោម ដែលមានតំណែងការងារជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន។
ស៊ិន នារីរ័ត្ន ត្រូវបានគេស្គាល់តាមរយៈតួឯកនៅក្នុងខ្សែភាពយន្តមួយចំនួន របស់ស្ថានីយទូរទស្សន៍បាយ័ន និងភាពយន្តរបស់មជ្ឈមណ្ឌលស្ត្រីកម្ពុជា ហើយមួយរយៈចុងក្រោយនេះ លេចធ្លោតាមរយៈការងារជាពិធីការិនីក្នុងកម្មវិធីមួយចំនួនរបស់ប៉ុស្តិ៍បាយ័ន។ យ៉ាងណា ខណៈដែលស្ងប់ស្ងាត់ដំណឹងស្នេហ៍ និងពុំមានឱកាសថតតួឯកដូចមុននោះ ស្រាប់តែថ្ងែទី២៤ កុម្ភៈ ម្សិលមិញនេះ នាងបានដឹកដៃបុរសជនជាតិខ្មែរកម្ពុជាក្រោម ឈ្មោះលី មីងធើ ចូលរោងការ។
ស្ថិតនៅក្នុងសម្លៀកបំពាក់ជាកូនក្រមុំឈរចាំទទួលភ្ញៀវយ៉ាងរួសរាយរាក់ទាក់ នៅមជ្ឈមណ្ឌលម៉ូឌែន២ អាគារA ស្ថិតនៅសង្កាត់ចក្រអង្រែក្រោម រាជធានីភ្នំពេញ នាថ្ងៃទី២៤ កុម្ភៈម្សិលមិញនេះ ស៊ិន នារីរ័ត្ន បានថ្លែងឲ្យដឹងថា នាងបានស្គាល់ពិសោធចិត្តបុរសខ្មែរក្រោមខ្ទង់៣ឆ្នាំមកហើយ ដែលបានភ្ជាប់ពាក្យកាលពី២ខែមុន នៅមុនពេលសម្រេចចិត្តចូលរោងការ។នាងថាប្ដីរបស់នាងមិនសូវចេះនិយាយខ្មែរទេ គឺប្រើភាសាវៀតណាម។
ស៊ិន នារីរ័ត្ន អះអាងថា មូលហេតុដែលនាងជ្រើសរើសបុរសខ្មែរក្រោម ដែលមានការងារជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន ជាដៃគូជីវិត ព្រោះលោកលី មីងធើ ស្រលាញ់នាងស្មោះ តែមិនទាន់ដឹងថា ក្រោយរៀបការរួច ស្វាមីនឹងឲ្យបន្តលេងសិល្បៈទៀតឬយ៉ាងណានោះទេ ខណៈដែលនាងមានគម្រោងធ្វើដំណើរកម្សាន្តនៅឯក្រៅប្រទេស ក្រោយក្រាបផ្ទឹមរួច មួយរយៈខ្លីផងដែរ៕