ភ្នំពេញ ៖ តារាចម្រៀង ថុល សុភិទិ បានចាប់ដៃតារាចម្រៀង កែវ សុភា ច្រៀងឆ្លងឆ្លើយជាមួយគ្នាលើកដំបូងបំផុត បទ «Stay» តែមិនទាន់ចេញជា MV នោះទេ។ ដោយឡែកផលិតកម្ម GenMusix ក៏មិនឃើញប្រកាសថា កែវ សុភា ជាសមាជិករបស់ខ្លួនដែរ គឺរក្សា Cover Page របស់ខ្លួននៅតែតារា ៣នាក់ដដែល គឺលោក Step, ថុល សុភិទិ និងនាង SK ។ Fan មួយចំនួន ចង់ឃើញតារាលេងម៉ូដសាក់ លោកភិទិ ច្រៀងដៃគូជាមួយនាង SK ប៉ុន្ដែពេលនេះ កូនមន្រ្ដីធំផ្កាយ២ រូបនេះ បែរជាបើកឆាកដៃគូដំបូងរបស់ខ្លួន ជាមួយតារានៅខាងក្រៅផលិតកម្មទៅវិញ ។

គួរបញ្ជាក់ថា ថុល សុភិទិ បានជ្រកនៅហង្សមាស ជាង២ឆ្នាំ ទើបថៅកែបានរុញរូបគេឲ្យទៅជ្រកនៅ GenMusix ដែលជាសាខាថ្មីរបស់ហង្សមាស និងទើបដំណើរការ កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ ។ តាំងពីប្ដូរទ្រនំមក ភិទិ មិនសូវលេចធ្លោដូចមុនទេ បើទោះជាជាង ២ខែនេះលោកបានចេញបទថ្មីៗ ដូចជា «កាត់ចិត្ត», «ភាន់ភាំង», «បងខ្លាច» និងបទចាប់ដៃជាមួយកែវ សុភា «Stay » ក៏ដោយ។ ប៉ុន្ដែយ៉ាងណា ភិទិ នៅមានពេលជាច្រើនទៀត ដើម្បីសាងកេរ្ដិ៍ឈ្មោះនៅផលិតកម្មថ្មីនេះ ខណៈដែលនៅ GenMusix គូប្រជែងរបស់លោក មានតែម្នាក់ គឺលោកសុខ វិបុល ហៅ Step ខុសពីអំឡុងជ្រកនៅហង្សមាស លោកមានតារាខ្លាំងៗជាច្រើននាក់ ពាំងផ្លូវ ធ្វើឲ្យពិបាកទប់ទល់។

សូមរំលឹកថា ថុល សុភិទិ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ មានភាពលេចធ្លោគួរសម ទោះជាបរាជ័យលើកពាន ដោយសារតែមិនអាចយកឈ្នះលីម តិចម៉េង ក្ដី តែកាលនៅហង្សមាស តារាចូលចិត្តចាក់សាក់រូបនេះ ចេញច្រៀងតាមកម្មវិធីធំៗ ជាបន្ដបន្ទាប់។ប៉ុន្តែតាំងពីចូល GenMusix មក លោកភិទិ មិនទាន់មានបទណាផ្ទុះ ត្រូវបានយុវវ័យចាប់អារម្មណ៍ខ្លាំងឡើយ ។ បញ្ហានេះហើយ ធ្វើឲ្យអាជីពចម្រៀងរបស់ភិទី ត្រូវបានគេបារម្ភថា អាចនឹងលែងសូវល្បី ប្រសិនបើធ្វើបទមិនត្រូវទេ គឺអាចដើរតាមគន្លងអតីតតារាហង្សមាសមួយចំនួនទៀត ដែលខ្លះល្បីបានតែមួយប្រាវ ក៏ស្ងប់ស្ងាត់ទៅវិញ ។ ប៉ុន្តេលោកសាន ផានិត ធ្លាប់សរសេរសារនៅលើហ្វេសបុកថា ភិទិ មានអ្វីៗគ្រប់ៗយ៉ាងទាក់ទងសិល្បៈ ។

ទោះជាថុល សុភិទិ មិនទាន់មានបទផ្ទុះមែន ប៉ុន្ដែរឿងស្នេហារបស់លោក ជាមួយអ្នកលក់ឡេ មេម៉ាយកូន១ សាច់សខ្ចី នាងឡុង ម៉ានីន ល្បីជាងបទថ្មីៗរបស់គេទៅទៀត ដោយជាញឹកញាប់ អ្នកទាំងពីរ តែងតែបង្ហាញពីភាពផ្អែមស្នេហ៍កាន់តែខ្លាំង បន្ទាប់ពីបានដឹកដៃគ្នាទៅថត Pre-Wedding រួចមក ថ្វីត្បិតតែគ្មានដំណឹងចូលរោងការក្ដី ។ ភិទិ ដែលមុនរបូតពាន ក៏បានបង្ហាញភាពស្នេហ៍ស្និទ្ធជាមួយអ្នកមេម៉ាយ ពេជ្រ សូលីកា ១ឆាវ ក៏ស្ងាត់ទៅវិញនោះ មិនខ្វល់រឿងគេថាលោកស្វាក់ស្នេហ៍តែអ្នកមេម៉ាយនោះឡើយ ហើយលោកថែមទាំងធ្វើឲ្យអនាគតប្រពន្ធ ពេញចិត្តស្ដូកតែម្ដង ព្រោះស្រលាញ់កូនស្រីប្ដីដើម ដូចជាកូនលោកបង្កើតដែរ ។ មានការកត់សម្គាល់ថា ថុល សុភិទិ ក្រៅពីរកបានកំពូលស្នេហា ជានារីស្រស់ស្អាត សាច់សខ្ចីដូចបណ្ដូលចេកនោះ តារាចាក់សាក់ពេញខ្លួនរូបនេះ ក៏ជាអ្នកលេងម៉ូដរថយន្ដម្នាក់ដែរ។ នៅឆ្នាំ២០២៥ នេះ ភិទិ ជិះរថយន្ដម៉ាក Lamborghini តម្លៃរាប់សែនដុល្លារ ដូចគ្នាទៅនឹងតារា ៣រូបផ្សេងទៀត ដែលជិះឡានម៉ាកនេះដែរ គឺលោកងួន ចាន់ដាវិត (ជី ដេវីត), ខេមរៈ សិរីមន្ដ និងអ្នកនាង ផន សុផារី ៕




