ភ្នំពេញ ៖ តារាចម្រៀង ប៉ាច គីមមួយ បានដឹកដៃលោក សយ រតនៈ ទៅពិនិត្យសុខភាព «កញ្ចប់មុនរៀបការ» ដោយឆែកសុខភាពសឹងគ្រប់ផ្នែក មានដូចជា វាស់សម្ពាធឈាម, ពិនិត្យឈាម, សួត បេះដូង និងពិសេសអេកូពោះ រួមទាំងការពិគ្រោះជាមួយគ្រូពេទ្យជំនាញ ពីសុខភាពអ្នកទាំងពីរ នៅមន្ទីពេទ្យមួយក្នុងស្រុក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ។ Fan ជាច្រើនបានអបអរសាទរ និងកាន់តែជំរុញឲ្យ គីមមួយ និង រតនៈ ដឹកដៃគ្នាចូលរោងការ កាន់តែឆាប់ រឹតតែល្អ ព្រោះទុកយូរ នាំជូរផ្អូម ។ ដោយឡែកតារាចម្រៀងពេជ្រ សោភា ដែលធ្លាប់ជាគ្រូបង្វឹក (Coach) លោក សយ រតនៈ ក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia រដូវកាលទី១ ក៏បានសម្ដែងការភ្ញាក់ផ្អើល ពេលដែលកូនក្រុមរបស់ខ្លួន ដឹកដៃគ្នាទៅពិនិត្យសុខភាព មុនរៀបការនេះ ។


អ្នកយកព័តមាន «នគរធំ» បានទូរស័ព្ទទៅលោក សយ រតនៈ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នា២០២៥ តែគ្មានអ្នកទទួល ទើបមិនអាចដឹងពីថ្ងៃលោករៀបការជាមួយគូដណ្ដឹង ប៉ាច គីមមួយ នោះទេ ។ ចំណែកស្រីស្រស់ គីមមួយ នៅថ្ងៃដដែលនោះ បាននិយាយប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថា តាមពិតនាងនិងគូស្នេហ៍ មិនមែនទៅពិនិត្យសុខភាពដើម្បីត្រៀមរៀបការទេ ។ គីមមួយ វាចាថា «ខ្ញុំថតឲ្យគេតើបង! តែក៏ចង់ទៅពិនិត្យមើលសុខភាពខ្លួនឯងដែរ ព្រោះខ្ញុំអត់ដែលបានពិនិត្យសុខភាពទេ ។ ជាលទ្ធផល ខ្ញុំនិងគាត់ (រតនៈ) មានសុខភាពល្អ អត់មានបញ្ហាអីទេ»។


ប៉ាច គីមមួយ និយាយបែបស្ទាក់ស្ទើរចិត្ត នៅពេលត្រូវសួរថា តើនាងនិងគូដណ្ដឹងត្រៀមរៀបការនៅឆ្នាំ២០២៥ នេះ ឬយ៉ាងណា? ដោយនាងថា អត់ទាន់បានគិតគួរនៅឆ្នាំនេះទេ និងមិនអាចកំណត់ពេលវេលារៀបការ ថាធ្វើបាននៅពេលណាឡើយ ។ ការលើកឡើងរបស់គីមមួយ នេះ ហាក់ផ្ទុយពីក្នុងជំនួបផ្ទាល់នាពេលកន្លងមក ដែលគីមមួយ ប្រាប់ថា នាងចង់រៀបការនៅពេលខ្លួនមានអាយុ៣០ឆ្នាំ ពោលគឺត្រូវនឹងឆ្នាំ២០២៥ នេះតែម្ដង ប៉ុន្ដែឥឡូវគីមមួយ បែរជានិយាយបែបស្ទាក់ស្ទើរ ឬចង់លាក់ថ្ងៃពិសេសរបស់ខ្លួន ដោយថា មិនដឹងរៀបការនៅពេលណាទៅវិញ ។ ចំណែកលោក រតនៈ ធ្លាប់ប្រាប់ថា ចិត្តលោកចង់រៀបការ មិនឲ្យហួសពីឆ្នាំ២០២៤ នោះទេ តែពេលនេះបានលុបចោលមង្គលការរបស់ខ្លួន ដោយគ្មានមូលហេតុ។

ប៉ាច គីមមួយ បានភ្ជាប់ពាក្យជាមួយលោក សយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីបានស្គាល់គ្នាជាច្រើនឆ្នាំ តែស្វែងយល់ចិត្តគ្នាតែជាង ១ឆ្នាំប៉ុណ្ណោះ មុនក្លាយជាគូដណ្ដឹងគ្នា ។ លោករតនៈ ធ្លាប់បង្ហើបប្រាប់ថា ក្រោយភ្ជាប់ពាក្យរួច លោកនិងគូណ្ដឹង បានរួមរស់ក្រោមដំបូលផ្ទះតែមួយ ប៉ុន្ដែចិត្តលោកគ្មានគម្រោងចង់យកកូនមុនរៀបការនោះទេ គឺចង់បានកូន ក្រោយរៀបការ។


អតីតបេក្ខភាព Cell Card Star និង The Voice Cambodia រដូវកាលទី១ ប៉ាច គីមមួយ ដែលជ្រកនៅហង្សមាស ជិត១០ឆ្នាំ បានដើរចេញពីផលិតកម្មធំនេះ កាលពីចុងឆ្នាំ២០២៤ ក្រោយផុតកុងត្រា ហើយពេលនេះ នាងនិងគូស្នេហ៍ បានងាកមកផលិតបទចម្រៀងខ្លួនឯង មិនទាន់ចូលផលិតកម្មថ្មីនោះទេ ។ គីមមួយ ល្បីបទ «ស្រលាញ់គ្នាយូរបានទេ?» និងការច្រៀងCover បទល្បីៗរបស់ព្រាប សុវត្ថិ, ឆន សុវណ្ណារាជ និងឆាយ វីរៈយុទ្ធ ។ នាងជាតារាលេងសម្រស់ម្នាក់ ដែលអាចច្រៀងបានទាំងបទខ្មែរ, អង់គ្លេស និងចិន ហើយនាងត្រូវបានគេចាប់អារម្មណ៍ច្រើន ពេលសម្ដែងបទលោកព្រាប សុវត្ថិ «មាន់ស្រែ បន្លែស្រស់» និងច្រៀងបទ «កាឌឹបៗដាក់» ដែលលោកព្រាប សុវត្ថិ ច្រៀងតនិងសម្ដែងជាមួយនាង បទនេះ ។ ស្រីស្រស់ គីមមួយ បានធ្វើឲ្យមន្រ្ដីធំៗមួយចំនួន ខកចិត្តមិនស្ទើរទេ ដោយនាងជ្រើសយកគូស្នេហ៍ជាតារាដូចគ្នា ផាត់ចោលដុំដុល្លារ សុខចិត្តទិញផ្ទះនិងរថយន្ដ បង់រំលស់ជាមួយគូស្នេហ៍ ហើយនៅរដូវក្ដៅនេះ ពួកគេប្រឹងសន្សំលុយរួមគ្នា តាមរយៈការប្រឹងច្រៀងសម្ដែងតាមឆាកនានា និងលក់អ៊ឺវ៉ាន់ Online ដើម្បីរៀបការ ៕

