Tuesday, May 6, 2025
Homeតារាខ្មែរស្រីស្អាត SK ខួប២១ឆ្នាំ សង្សារឲ្យកាដូពិសេស

ស្រីស្អាត SK ខួប២១ឆ្នាំ សង្សារឲ្យកាដូពិសេស

ភ្នំពេញ ៖ តារាចម្រៀង GenMusix កញ្ញា SK បានប្រារពខួបកំណើតគម្រប់២១ឆ្នាំ កាលពីពេលថ្មីៗនេះ ហើយស្រីស្រស់ទទួលបានកាដូពិសេសពីគូស្នេហ៍របស់នាង លោកសុខ វិបុល ហៅ Step នោះគឺគំនូរមួយផ្ទាំង ដែលលោកបានគូរដោយផ្ទាល់ដៃ និងផ្កា ១បាច់ ។ បើទោះបីជាគូរមិនសូវដូចរូបពិតមែន ប៉ុន្ដែលោក Step បង្ហាញពីការយកចិត្តទុកដាក់ដល់សង្សារខ្លាំង ពោលគឺមិនភ្លេចថ្ងៃពិសេសរបស់នាងទេ ហើយកន្លងមក លោកធ្លាប់តែច្រៀង និពន្ធបទភ្លេង និងទំនុកច្រៀង តែឥឡូវក្លាយទៅជាវិចិត្រករ គូររូបឲ្យសង្សារដោយខ្លួនឯងទៀតផង ។

  សូមបញ្ជាក់ថា តារាចម្រៀង SK មានឈ្មោះពិតថា ហៀង ធ្លាប់ត្រូវបានលោក Step ប្រកាសស្នេហ៍លើឆាកតន្រ្ដី ជាសាធារណៈតែម្ដង ដែលការធ្វើបែបនេះ ត្រូវបានគេជឿថា មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែប្អូនប្រុសលោកសុខ សេរីវឌ្ឍនា រូបនេះ មានចេតនាចង់ឲ្យប្រុសៗទាំងឡាយដែលព្យាយាមរាយអន្ទាក់ស្នេហ៍ SK នោះ ដកខ្លួនចេញ ព្រោះនាងមិនមែនបេះដូងនៅទំនេទេ ពោលគឺមានម្ចាស់ចិត្តរួចទៅហើយ ដែលប្រុសនោះគ្មានអ្នកណាក្រៅពីរូបលោកឡើយ។

អ្នកយកព័តមាន «នគរធំ» ធ្លាប់សួរអ្នកគ្រប់គ្រង GenMusix លោក Ray ពីបញ្ហាលោក Step ចេះតែប្រកាសស្នេហ៍នាង SK តាមឆាកតន្រ្ដីនោះ តែត្រូវបានលោក Ray អះអាងថា នោះជារឿងឯកជនរបស់ពួកគេ មិនពាក់ ព័ន្ធជាមួយផលិតកម្មឡើយ ។ ចំណែកកញ្ញា SK ដែលតែងខ្លួនទៅស្ទីលស្រដៀងតារាកំពូលសម្រស់របស់កូរ៉េ នាង Jisoo សមាជិករបស់ក្រុមចម្រៀង Blackpink នោះ មិនដែលផ្តល់សម្ភាសដល់អ្នកសារព័តមាននោះទេ ទើបនៅមិនទាន់បានចម្លើយពីនាងឡើយ ។

  តាមប្រភពបានឲ្យដឹងថា កញ្ញា SK ត្រូវបានគូស្នេហ៍ លោក Step តែងតែថ្នាក់ថ្នមចិន្ដា និងសម្របខ្លួនតាមនាង សឹងគ្រប់ពេល ក្នុងនោះក៏មានទាក់ទងការដែលនាងចង់ច្រៀងបទប្រភេទណានោះ លោកវិបុល មិនដែលធ្វើឲ្យនាងខកចិត្តឡើយ ។ ប៉ុន្ដែការចេញបទចម្រៀងមិនសូវដិតដល់ទីផ្សារ ធ្វើឲ្យ SK នៅតែពិបាកទប់ទល់ជាមួយតារាមួយចំនួនទៀត ដែលពួកគេចេញបទថ្មីៗ សឹងតែរាល់ថ្ងៃ ទោះជានាងមានខ្នងបង្អែកនៅក្រោយខ្នង ជាសង្សាររបស់ខ្លួនក្ដី ។

  SK បានជ្រកនៅ GenMusic ជាង២ឆ្នាំហើយ និងបានចេញបទ «សំខាន់ច្រើននាក់», ”រក្សាគម្លាត”, ”បើហ៊ាន “ និងបទ «ថ្ងៃមួយ» ដែលនាងច្រៀងឆ្លងឆ្លើយជាមួយលោក Step ។ ដោយសាតែសម្រស់ផូរផង់ កញ្ញា SK បានលេចមុខតាមស្ពតពាណិជ្ជកម្មមួយចំនួនផងដែរ ស្របពេលដែលលោក Ray ធ្លាប់និយាយថា មានគេហៅ SK ថតស្ពតច្រើន តែផលិតកម្មលោកមានតម្លៃតួមួយដែលស្ដង់ដារត្រឹមត្រូវ ទើបទទួល មិនមែនចេះតែថតៗនោះទេ។

  ក្រៅពី SK តារាដែលជ្រើសគូស្នេហ៍ជាតារាដូចគ្នា ដោយផាត់ចោលប្រុសទ្រព្យស្ដុកក្រៅរង្វង់សិល្បៈនោះ មានដូចជា នាងទេព បូព្រឹក្ស, គង់ ច័ន្ទស្រីមុំ, ប៉ាច គីមមួយ និងម៉ានីកា ជាដើម ។

  អ្នកជំនាញសិល្បៈ បានលើកឡើងថា SK សំឡេងមធ្យម តែរូបសម្រស់ទាក់ទាញខ្លាំង ហេតុនេះបើនាងបន្ថែមដៃគូចម្រៀងថ្មី ដូចជាចាប់ដៃជាមួយភិទិ ជាដើម អាចនឹងធ្វើឲ្យទីផ្សារចម្រៀងរបស់នាង នឹងមានកាប្រែប្រួលជាងនេះ ។ ប៉ុន្ដែបើនាងនៅតែបន្ដចាប់ដៃគូជាមួយលោក Step ផ្ដាច់មុខតទៅទៀត អាចធ្វើឲ្យអ្នកខ្លះសាំ ទោះជាលោក Step មិនចង់ឲ្យនាងប្ដូរដៃគូ ព្រោះខ្លាចចំណងស្នេហានេះមានកាប្រែប្រួលក្ដី ៕

RELATED ARTICLES