ភ្នំពេញ ៖ លោក សេង មង្គល បានប្រាប់អ្នកយកព័តមានយើងថា រឿងយកប្រពន្ធ មិនអាចកំណត់បានទេ ពោលគឺសូមនិយាយថា គិតត្រឹម៥០% សិន ហើយលោកក៏មិនអាចបង្ហើបថា ម្ចាស់ចិត្តជាអ្នកណាដែរ ព្រោះចង់លាក់សិន ។ ការអះអាងរបស់លោកមង្គល បែបនេះក្រោយមានការលេចឮថា បុរសសង្ហារូបនេះ មានជម្រើសស្នេហាច្រើន។

សូមបញ្ជាក់ថា លោកហូរ ប៉ូសេង ហៅសេង មង្គល ក្រៅពីអាជីពសម្ដែង លោកក៏ជាពិធីករ តារាបង្ហាញម៉ូដ និងជាកីឡាករបាល់ទាត់ តួនាទីជាខ្សែប្រយុទ្ធកណ្ដាល របស់ក្រុមតារាបាល់ទាត់កម្ពុជា ផងដែរ ។

ឆ្លើយតបសំណួរថា តើហេតុអ្វីបានជាលោកមង្គល មិនចាប់អាជីពជាពិធីករនៅប៉ុស្ដិ៍ទូរទស្សន៍ណាមួយឲ្យច្បាស់លាស់? លោកថាកន្លងមកមានខាងស្ថានីយខ្លះបានទាក់ទងរូបលោកដែរ ប៉ុន្ដែចិត្តលោកចង់ធ្វើការងារបែបឯករាជ្យ (Freelance) ពោលគឺអត់ចង់ចុះកុងត្រានៅប៉ុស្ដិ៍ណាមួយទេ ។

គួររំលឹកថា សេង មង្គល បានរងរបួសបែកក្បាល ហូរឈាម អំឡុងការក្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមតារាបាត់ទាត់កម្ពុជា ទល់នឹងក្រុមតារាបាល់ទាត់ថៃ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាំឲ្យលោកសម្ងំសម្រាកព្យាបាលរបួសដល់ទៅ ១៦ថ្ងៃ និងទើបតែកាត់ចេសថ្នេររួច កាលពីថ្ងៃទី១៧ ខែមីនា ហើយចាប់ផ្ដើមវិលមកថតសម្ដែងសិល្បៈដូចដើមឡើងវិញ កាលពីថ្ងៃទី២៣ ខែមីនា ។ ប៉ុន្ដែលោកមង្គល នៅបារម្ភស្លាកស្នាមរបួស ឬផ្លែសាច់ នាំឲ្យប៉ះពាល់ដល់សម្រស់របស់លោក ទើបលោកបានសួរទៅ Fan របស់ខ្លួនពីថ្នាំ ឬជេលណាដែលលាបទៅជាស្នាមរបួស ដើម្បីកុំឲ្យរំខានដល់អាជីពលោក ។

ប្រភពបានឲ្យដឹងថា ផលិតករមានការយោគយល់ចំពោះលោកមង្គល ពីការផ្អាកថតរឿងកណ្ដាលទីនោះ ហើយពេលនេះដំណើរការថតរឿងដែលនៅសេសសល់ បានបន្ដជាប្រកតីឡើងវិញហើយ ។

លោកសេង មង្គល ប្រាប់អ្នកយកព័តមានយើងថា នៅឆ្នាំ២០២៥ នេះ លោកនៅសល់ភាពយន្ដ ២រឿងទៀត ដែលថតរួច មិនទាន់ដាក់បញ្ចាំង ។ លោកថា តាំងពីចាប់អាជីពសម្ដែងភាពយន្ដមក លោកមិនចេះតែទទួលថតគ្រប់រឿងនោះទេ ព្រោះការថតភាពយន្ដ ត្រូវការចំណាយពេលវេលាច្រើន តែចំនួនភាពយន្ដដែលលោកបានសម្ដែង សរុបទាំងអស់ មានចំនួនខ្ទង់៣០រឿងហើយ ។ លោកមង្គល ប្រាប់ថា ការចាប់អាជីពភាពយន្ដនេះ គឺទៅតាមពេលវេលាជាក់ស្ដែង ដូចជាពេលលោកមានវ័យចាស់ទៅ នឹងលេងតួដែលផលិតករឲ្យលេងទៅតាមអាយុ ប៉ុន្ដែក្នុងវ័យនេះ លោកនៅតែសម្ដែងជាតួឯកនៅឡើយ តែលោកមិនមែនជាតារាដែលមានចរិតតួឯកនោះទេ ។ តារាសម្ដែងរូបសង្ហា សាច់ដុំធំៗរូបនេះថា ការងារសិល្បៈ នាពេលបច្ចុប្បន្នរបស់លោក មមាញឹកច្រើនទៅលើការថតផ្សព្វផ្សាយផលិតផលនានា និងធ្វើជា BA ឲ្យផលិតផលមួយចំនួនជាដើម ។

ក្រៅពីលោកសេង មង្គល តារាសម្ដែងដែលល្បីជាមុខសញ្ញានៃការចោមស្នេហាពីសំណាក់ស្រីៗមានទ្រព្យ នៅឆ្នាំ២០២៥ មានដូចជា លោកខាត់ វ៉ៃហាំង, តារា ឧសភា (Summer), ពឹង ពុទ្ធិស័ក្ក និងប៉ែន ភ័ក្រ្ដសុធារិទ្ធ ជាដើម ៕

