Thursday, April 3, 2025
Homeតារាខ្មែរខាត់ សុឃីមៈ ស្ដាយព្រាប សុវត្ថិ តែសរសើរលោកថៃ

ខាត់ សុឃីមៈ ស្ដាយព្រាប សុវត្ថិ តែសរសើរលោកថៃ

ភ្នំពេញ ៖ តារាពហុជំនាញ ខាត់ សុឃីម បានចាប់ដៃលោកអ៊ឹម ថៃ បេក្ខភាព Beat The Best រដូវកាលទី១ តាមរយៈបទ «រាំចង្វាក់ឡាំលាវដូនតា» ដែលបើទោះជាតារាទាំងពីរ មានអាយុ និងបទពិសោធន៍ក្នុងសិល្បៈខុសគ្នាឆ្ងាយយ៉ាងណ ប៉ុន្ដែសុឃីម-ថៃ សម្ដែងច្រៀងជាមួយគ្នាយ៉ាងស៊ីចង្វាក់។ ក្រោយឃើញអ្នកនាងសុឃីម ចេញមុខនៅហង្សមាស វិញបែបនេះមានការលើកឡើងថា តារាពហុជំនាញរូបនេះ បានវិលមករកទ្រនំចាស់វិញហើយ ក្រោយអាក់ខានចេញចម្រៀងថ្មីៗនៅហង្សមាស មួយរយៈធំ ស្របពេលដែលពេជ្រ សោភា, សុគន្ធ និសា, ពេជ្រ សូលីកា, សុខ ស្រីនាង និងរ៉េត ស៊ូហ្សាណា ជាដើម បានដើរចេញអស់ ។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី៣១ ខែមីនា អ្នកនាងខាត់ សុឃីម បានឲ្យដឹងថា នាងនៅតែធ្វើការងារឲ្យហង្សមាស ជាធម្មតា បើទោះជាគ្មានកុងត្រាក្ដី ប៉ុន្ដែពេលផលិតកម្មមានបទថ្មីៗ ត្រូវការ អ្នកនាងនឹងទៅថតឲ្យដូចមុន។ អ្នកនាងសុឃីម ថាដៃគូថ្មីរបស់នាង លោកអ៊ឹម ថៃ ទោះជាមានអាយុនិងបទពិសោធន៍ក្នុងសិល្បៈ តិចជាងនាងមែន ប៉ុន្ដែការចាប់ដៃគ្នានោះ បានដោយរលូន ព្រោះលោកថៃ ជាអ្នកចម្រៀងមានសមត្ថភាពម្នាក់។ អ្នកនាងថា មិនធ្លាប់ប្រកាន់ដៃគូឆ្លងឆ្លើយនោះទេ គឺឲ្យតែផលិតកម្មតម្រូវនាងអាចច្រៀងជាមួយតារានោះបាន ម្យ៉ាងទៀតនាងយល់ថា ខ្លួនមានឈ្មោះបោះសំឡេង ពលរដ្ឋទូទៅទទួលស្គាល់ទៅហើយ អីចឹងបើបានចាប់ដៃគូជាមួយតារាវ័យក្មេងៗ ក៏អាចជាការត្រួសត្រាយផ្លូវឲ្យគេចាប់អារម្មណ៍ និងស្គាល់ប្អូនៗស្រករក្រោយបានកាន់តែច្រើន មានការងារសិល្បៈធ្វើតទៅទៀតដែរ ។ អ្នកនាងសុឃីម ថា ទោះជានាងមិនមានកុងត្រា និងឆ្នាំខ្លះអត់មានបទចម្រៀងថ្មីចេញនៅហង្សមាសមែន ប៉ុន្ដែទំនាក់ទំនងនិងការាប់អានជាមួយថៅកែនិងក្រុមការងារហង្សមាស នៅតែដដែល ។

 អ្នកនាងខាត់ សុឃីម ធ្លាប់ចាប់ដៃគូឆ្លងឆ្លើយជាមួយព្រាប សុវត្ថិ ជាច្រើនបទ នៅហង្សមាស ពិសេសនាងត្រូវបានគេចាត់ទុកថា ជោគជ័យខ្លាំង ពេលច្រៀងបទកន្រឹ្ទម និងបទប្រពៃណីខ្មែរ ផ្សេងៗទៀត ជាមួយលោកព្រាប សុវត្ថិ ដូចជាបទ «តាមអើយតាម», «កន្ទ្រឹមទូកង», «កន្រ្ទឹមម៉ុមអូន», «ស្រីស្រស់ជំទើរ» ជាដើម ។

អ្នកនាងខាត់ សុឃីម បានទទួលស្គាល់ថា រឿងនោះគឺជាការពិត ព្រោះនាងនិងលោកព្រាប សុវត្ថិ ច្រៀងសម្ដែង មានការយល់ចិត្តគ្នាពិតប្រាកដមែន ។ នាងថាបានរួមការងារច្រៀងសម្ដែងជាមួយលោកព្រាប សុវត្ថិ ជាច្រើនបទ ហើយពេលនេះ លោកសុវត្ថិ គាត់ទៅធ្វើការនៅផលិតកម្មថ្មី ហេតុនេះនាងពិតជាមានការសោកស្ដយមែន ដែលខកខានមិនបានរួមការងារជាមួយគ្នាដូចមុន។ ប៉ុន្ដែអ្នកនាងសុឃីម ថានាងនិងលោកព្រាប សុវត្ថិ នៅតែមានការាប់អានគ្នាល្អដូចមុន ។

ក្រៅពីហង្សមាស ខាត់ សុឃីម បានចេញបទថ្មីៗសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ នៅផលិតកម្ម HB Production និង Davitra Media ជាដើម ដែលមើលទៅឆ្នាំនេះនាងអាចចេញបទប្រពៃណីបានច្រើនជាងគេ បើសរុបទាំង ៣ផលិតកម្ម ខណៈបទល្បីរបស់នាង នៅ HB Production គឺបទ «រើសកូនប្រសា» ។

 អ្នកនាងខាត់ សុឃីម អះអាងថា នាងគ្មានជាប់កុងត្រានៅផលិតកម្មណាទេ អ៊ីចឹងអាចច្រៀងឲ្យផលិតកម្មណាក៏បានដែរ គឺសេរីតែម្ដង។ នាងថាសម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នេះ នាងមានបទថ្មីៗចំនួនដល់ទៅ ៧បទ ដែលជាបទចង្វាក់ប្រពៃណីខ្មែរ កន្ទ្រឹម ឡាំលាវ និងឆាឆាឆា រួមទាំងមានច្រៀងជាមួយ Rapper ផងដែរ។ នាងថា ៧បទនេះគ្រប់គ្រាន់ហើយសម្រាប់ Fan របស់នាង រាំលេងកម្សាន្ដសម្រាប់ពិធីបុណ្យប្រពៃណីជាតិ ហើយបទទាំងនោះ ក៏អាចច្រៀងសម្រាប់កម្មវិធីផ្សេងៗផងដែរ ។

សូមបញ្ជាក់ថា អ្នកនាងខាត់ សុឃីម ជាតារាម្នាក់ដែលអាចច្រៀងសម្ដែងសឹងតែគ្រប់ជំនាញសិល្បៈ (ពហុជំ នាញ) ទើបធ្វើឲ្យនាងអាចរកប្រាក់ចំណូលពីសិល្បៈបានជាច្រើនម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ។ អ្នកនាងសុឃីម បានរៀបការជាមួយលោកអ៊ិន សុបញ្ញា ហៅផាណូ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ហើយពេលនេះ នាងមានកូន២នាក់ កូនប្រុស ឈ្មោះស្កាយ អាយុ១៩ ឆ្នាំនិងកូនស្រីឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជិត ១២ឆ្នាំ ។ អ្នកនាងគ្មានគម្រោងយកកូនទី៣នោះទេ ដោយហេតុផលថាបញ្ហា អាយុក៏ច្រើនបន្ដិច និងយល់ថា ការគ្រប់គ្រងកូននៅសម័យនេះបើឪពុកម្ដាយគ្មានពេលគ្រប់គ្រាន់ទេ អាចពិបាកអប់រំកូនឲ្យល្អ  ខណៈអ្នកនាងមមាញឹកការងារសិល្បៈច្រើន។ នៅថ្ងៃសម្ពោធក្រុមហ៊ុនម៉ូឈី ឯ.ក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នោះសុឃីម ថាមានកូនប្រុសស្រី ២នាក់ គ្រប់គ្រាន់ហើយសម្រាប់គ្រួសារនាង៕

RELATED ARTICLES