Thursday, April 3, 2025
Homeព័ត៌មានអន្តរជាតិគណៈសង្ឃនាយកកម្ពុជា ចូលរួមរំលែកទុក្ខ គណៈសង្ឃមីយ៉ាន់ម៉ា ចំពោះគ្រោះរញ្ជួយដី

គណៈសង្ឃនាយកកម្ពុជា ចូលរួមរំលែកទុក្ខ គណៈសង្ឃមីយ៉ាន់ម៉ា ចំពោះគ្រោះរញ្ជួយដី

កម្ពុជា-មីយ៉ាន់ម៉ា ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះលិខិតចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយគណៈសង្ឃពុទ្ធសាសនាមីយ៉ាន់ម៉ា និងសូមជូនចំពោះ រដ្ឋាភិបាល ប្រជាជន និងជាពិសេសចំពោះព្រះសង្ឃនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះសោកនាដកម្មនៃគ្រោះធម្មជាតិ រញ្ជួយដីដ៏ធ្ងន់ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា បានបំផ្លាញលំនៅឋានប្រជាពលរដ្ឋ ព្រះវិហារសាសនា និងបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ និងបានឆក់យកជីវិតមនុស្សជាច្រើន រួមទាំងព្រះសង្ឃជាច្រើនអង្គ ព្រមទាំងក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងរងរបួសដោយគ្រោះធម្មជាតិដ៏កាចសាហាវនេះ។

ព្រះលិខិត របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដែលឡាយព្រះសស្តលេខាដោយសម្តេចសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ពិតប្រគេនចំពោះគណៈសង្ឃពុទ្ធសាសនា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានខ្លឹមសារទាំស្រុងថា «ព្រះករុណាគ្រប់ព្រះអង្គ នៃសាធារ ណរដ្ឋសហភាពមីយ៉ាន់ម៉ា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់!

ក្នុងព្រះបរមនាម និងព្រះនាមសម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គណៈសង្ឃនាយក សម្តេចព្រះសង្ឃ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរគ្រប់អង្គ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីរន្ធត់យ៉ាងក្រៃលែង និងសោកស្តាយជាពន់ពេក ដោយទទួលបានដំណឹងអំពីសោកនាដកម្មនៃគ្រោះធម្មជាតិ រញ្ជួយដីដ៏ធ្ងន់ធ្ងរ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា បានបំផ្លាញលំនៅឋានប្រជាពលរដ្ឋ និងបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ និងបានឆក់យកជីវិតមនុស្សជាច្រើន រួមទាំងព្រះសង្ឃ ជាច្រើនអង្គ ដែលជាបុញ្ញក្ខេត្ត និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាពុទ្ធបរិស័ទទូទៅ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ព្រមទាំងបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋជាបន្ទាន់ផងដែរ។

ស្ថិតក្នុងគ្រាដ៏លំបាកនេះ តាងនាមគណៈសង្ឃពុទ្ធសាសនាកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាពន់ពេកជាមួយ គណៈសង្ឃពុទ្ធសាសនាមីយ៉ាន់ម៉ា និងសូមជូនចំពោះរដ្ឋាភិបាល ប្រជាជន និងជាពិសេសចំពោះព្រះសង្ឃនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងរងរបួសដោយគ្រោះធម្មជាតិ ដ៏កាចសាហាវនេះ។

គណៈសង្ឃពុទ្ធសាសនាកម្ពុជា សូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំជាមួយរដ្ឋាភិបាល គណៈសង្ឃ ប្រជាជន និងក្រុមគ្រួសារដែលបានស្លាប់បាត់បង់ជីវិត និងសូមឧទ្ទិសមហាកុសលផលបុណ្យទាំងឡាយជូន ចំពោះដួងវិញ្ញាណក្ខន្ធសព សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរដល់ជនរងគ្រោះទាំងអស់ ឱ្យបានឆាប់ជាសះស្បើយ។ ជាថ្មីម្តងទៀត សូមជូនពរឱ្យដំណើរការស្តារនិងកសាងប្រទេសមីយ៉ាន់ម៉ា បានទៅកាន់ប្រក្រតីភាពឡើងវិញឆាប់ៗ ពីគ្រោះមហន្តរាយធម្មជាតិនេះ។

សូមគណៈសង្ឃពុទ្ធសាសនា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីអាត្មាភាព»។

សូមបញ្ជាក់ថា គ្រោះរញ្ជួយដី កម្រិត ៧.៧រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានបណ្តាលឲ្យមានមនុស្សស្លាប់ គិតមកដល់ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កើនឡើងដល់ប្រមាណ ១៧០០ នាក់ និងរបួស ជាង៣៤០០នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងបន្តខ្នះខ្នែងជួយសង្គ្រោះនិងរុករកជនរងគ្រោះជាច្រើននាក់ទៀត ដែលជាប់នៅក្រោមគំនរបាក់បែកនៃអគារ ផ្ទះសម្បែងនានា។

ស្របពេលជាមួយគ្នានេះ ប្រទេសថៃ ក៏រងផលប៉ះពាល់នៃគ្រោះរញ្ជូយដីនេះផងដែរ បណ្តាលឲ្យបាក់រលំអគារកម្ពស់ ៣០ជាន់ ដែលកំពុងសាងសង់ បានប្រមាណ ៣០% នៅក្នុងទីក្រុងបាងកក បណ្តាលឲ្យមនុស្សស្លាប់ គិតត្រឹមថ្ងៃទី៣១ ខែមីនា មានចំនួន ១២នាក់ (ស្រី៤នាក់) របួស ៩នាក់ បាត់ខ្លួន ៧៥នាក់ ។ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក៏មានហេតុការណ៍ ប្រជាជន អ្នកជំងឺ និងបុគ្គលិកមន្ទីរពេទ្យ ក្នុងទីក្រុងបាងកក រាប់រយនាក់ បានផ្អើលរត់ចេញមកខាងក្រៅអគារនានា ដោយសារភាពភ័យខ្លាចរញ្ជួយដី បន្ទាប់ពីអគារមួយចំនួននៅទីក្រុងបាង កក មានភាពរំញ័រនិងរង្គើ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក តែជាក់ស្តែងពុំមានករណីគ្រោះរញ្ជួយដីថ្មី កើត ឡើងនោះទេ៕ ខៀវទុំ

RELATED ARTICLES