Sunday, April 13, 2025
Homeព័ត៌មានអន្តរជាតិសាច់ញាតិពលករខ្មែរ ២គ្រួសារ បន្តរង់ចាំដំណឹងនៅអគារបាក់រលំ 

សាច់ញាតិពលករខ្មែរ ២គ្រួសារ បន្តរង់ចាំដំណឹងនៅអគារបាក់រលំ 

បាងកក (ថៃ) ៖ ក្រោយកើតមានករណីបាក់រលំសំណង់អគារ ៣០ជាន់ ដោយសារការរញ្ជួយដី នៅក្រុងបាងកក អស់រយៈពេល ១១ថ្ងៃ ចាប់តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មក បងប្អូន សាច់ញាតិ ពលករ ពលការិនី ខ្មែរចំនួន ២គ្រួសារ ដែលរងគ្រោះដោយអគារបាក់រលំនេះ នៅតែបន្តរង់ចាំនៅខាងមុខអគារ និងមានសង្ឃឹមថា សាច់ញាតិពួកគេ នៅមានជីវិតរស់។

 តាមប្រភពអង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ បានឲ្យដឹងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ថា សាច់ញាតិពលករខ្មែរ  ២គ្រួសារ ដែលរង់ចាំកូន និងបងប្អូននោះ មានឈ្មោះ ៖

១- អ្នកស្រី ឆាយ សុភ័ណ ត្រូវជាម្តាយជនរងគ្រោះ ឈ្មោះ ផល្លា រតនា (Phalla Ratana) នៅភូមិឃុំ ជ្រោយស្តៅ ស្រុកថ្មគោលខេត្តបាត់ដំបង ដែលបានបាត់ខ្លួនបាត់ដំណឹង តាំងតែថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ។  ពលករឈ្មោះ ផល្លា រតនា ធ្វើការងារនៅជាន់២៦ ជាជាងភ្លើង (អ្នកខេត្តបាត់ដំបង)។

២- សាន់ ដែន ជាប្អូនស្រីជនរងគ្រោះឈ្មោះសាន់ សឿន (បងប្រុស) និងសុខ  គិមសី (បងស្រី) នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ពួកគេធ្វើការជាជាងការ៉ូ (បាត់ខ្លួនអំឡុងធ្វើការ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥) ទាំងពីរនាក់ប្តីប្រពន្ធ។

ជាមួយគ្នានេះ នៅថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០២៥ ក្រុមគ្រួសារសាច់ញាតិកម្ពុជា និងពលករភូមា  បានសរសេរញត្តិ ផ្តិតមេដៃ ដាក់ជូនអភិបាលក្រុងបាងកក ប្រទេសថៃ ក្រោមកិច្ចសម្របសម្រួលដោយអង្គការសង្គមស៊ីវិលនៅប្រទេសថៃ និងបណ្តាញពលករ ហើយលោក អភិបាលក្រុងបាងកក ក៏បានទទួលញត្តិពីសាច់ញាតិពលករភ្លាមៗ។

ញត្តិគោរពជូនអភិបាលក្រុងបាងកក ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ពីសាច់ញាតិអ្នកបាត់ខ្លួនក្នុងអគារការិ យាល័យសវនកម្មបាក់រលំ សំណើដើម្បីតាមដានព័ត៌មានអ្នករបួស និងអ្នកស្លាប់ចាប់តាំងពីថ្ងៃកើតហេតុអគារបាក់រលំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មានខ្លឹមសារថា «យើងខ្ញុំបានទទួលដំណឹងអំពីឧបទ្ទវហេតុនេះ ហើយមានសាច់ញាតិជាប់នៅក្នុងអគារ មានអ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ យើងខ្ញុំ ព្រមទាំងសាច់ញាតិរបស់អ្នកផ្សេងៗទៀត បានធ្វើរដំណើរមកដល់កន្លែងកើតហេតុ តាំងពីថ្ងៃដំបូង រហូតដល់ពេលនេះ គឺពេលព្រឹកថ្ងៃទី២៨ ខែមីនា ចាប់ពីថ្ងៃកើតហេតុ។ យើងខ្ញុំ និងអ្នកផ្សេងទៀត បានធ្វើតេស្ត DNA រួចហើយ ហើយបានរាយការណ៍ទៅប៉ូលិសរួចរាល់ហើយ ដែលមានពាក្យបណ្តឹងប៉ូលិសភ្ជាប់មកជាមួយ។

គួរបញ្ជាក់ថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥  ទំព័រហ្វេសប៊ុក ក្រុមសង្គ្រោះនិងរុករក «K9 USAR THAILAND» បានបង្ហោះឃ្លីបវីដេអូនៃសេចក្តីថ្លែងការណ៍របស់មន្ត្រី K9 USAR THAILAND ជុំវិញប្រតិបត្តិការស្វែងរកមនុស្សជាប់ក្នុងសំណង់អគារសវនកម្មរដ្ឋ កម្ពស់៣០ជាន់ ដែលបាក់រលំដោយការរញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ប្រគល់តំបន់រុករក ទៅម្ចាស់តំបន់ ដើម្បីធ្វើការបន្តទៀត ហើយក្រុមការងារស្នើសុំការអនុញ្ញាតចាកចេញពីទីតាំងនេះ៕

RELATED ARTICLES