Tuesday, April 15, 2025
Homeតារាខ្មែរសាយ សៀរ៉ា ខកជើងទៅអូស្រ្ដាលី

សាយ សៀរ៉ា ខកជើងទៅអូស្រ្ដាលី

ភ្នំពេញ ៖ តារាសម្ដែង លោកសាយ សៀរ៉ា ដែលត្រៀមទៅច្រៀងសម្ដែងនៅប្រទេសអូស្រា្ដលី សម្រាប់ពិធី បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ បានឲ្យដឹងថា គម្រោងនេះត្រូវបានអាក់ខានទៅវិញហើយ ព្រោះតែរៀបចំឯកសារមិនទាន់ ធ្វើឲ្យលោកមានការខកចិត្តបន្ដិចមែន ប៉ុន្ដែក្រោយចូលឆ្នាំខ្មែររួច លោកនឹងរៀបចំខ្លួននិងឯកសារជាថ្មី ដើម្បីចេញទៅអូស្រា្ដលី ជាលើកទី២ តាមបំណងប្រាថ្នា។

លោកសាយ សៀរ៉ា ប្រាប់ «នគរធំ» នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥  ថា «ខ្ញុំពិតជាសោកស្ដាយមែន ដែលមិនបានចេញទៅច្រៀងសម្ដែងនៅប្រទេសអូស្រា្ដលី នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ។ ប៉ុន្ដែមិនអីទេ ក្រោយបុណ្យចូលឆ្នាំខ្មែររួច ខ្ញុំនឹងរៀបគម្រោងនេះម្ដងទៀតដែលពេលនោះ ប្រហែលជាគ្មានបញ្ហាចោទទៀតទេ។ កាលពីឆ្នាំ២០១៦ ខ្ញុំធ្លាប់ចេញទៅច្រៀងអូស្រា្ដលី បានម្ដងដែរ ហើយឃើញថាទីនោះគួរឲ្យចង់រស់នៅ»។

 សាយ សៀរ៉ា ឲ្យដឹងបន្តថា ដោយសារតែមិនបានចេញទៅអូស្រា្ដលី ទើបថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាង មុខនេះ លោកមានតែទៅលេងនៅស្រុកកំណើត នៅខេត្តកំពង់ចាម លេងល្បែងប្រជាប្រិយខ្មែរ ជាមួយបងប្អូននៅទីនោះ ព្រោះជារៀងរាល់ឆ្នាំ លោកមិនដែលអាក់ខានទៅលេងស្រុក នៅថ្ងៃចូលឆ្នាំខ្មែរ នេះទេ ។

 គួរបញ្ជាក់ថា លោកសាយ សៀរ៉ា ធ្លាប់ថតសម្ដែងភាពយន្ដនិង MV ជាច្រើនរឿងនិងបទ ប៉ុន្ដែប៉ុន្មានឆ្នាំចុង ក្រោយនេះលោកខ្សត់ការងារសិល្បៈខ្លាំង រហូតហ៊ាននិយាយការពិតថាសឹងតែដាច់បាយម្ដងៗទៀតផង ។ បញ្ហារបស់លោកសៀរ៉ា នាពេលនេះ ត្រូវបានគេមើលឃើញថា ដោយសារតែបច្ចុប្បន្ន មានតារាថ្មីៗរះមកច្រើន ទើបធ្វើឲ្យ «រលកក្រោយ ច្រានរលកមុន» ដែលមិនមែនតែរូបលោកម្នាក់ទេ ប៉ុន្ដែតារាផ្សេងៗទៀតក៏ជួបរឿងដូចលោកដែរ ។ ទាក់ទងបញ្ហានេះហើយ បានជាតារាល្បីៗមានវ័យរាងជ្រេបន្ដិច ភាគច្រើនដាក់គោលដៅ ច្រៀងសម្ដែងនៅក្រៅស្រុក បើទោះជាពេលនេះការឲ្យលុយធីបពីបងប្អូនដែលទៅទស្សនាការសម្ដែងតារាខ្មែរ នៅបរទេស មិនដូចមុនក៍ដោយ ។

 លោកសាយ សៀរ៉ា និងលោកសុវណ្ណ មុនី

លោកសាយ សៀរ៉ា បន្ថែមថា លោកធ្លាប់ចេញទៅច្រៀងសម្ដែងនៅប្រទេសបារាំង, អូស្រា្ដលី, ស្វីស និងអាឡឺម៉ង់  ខណៈដែលប្រទេសដែលលោកដាក់គោលដៅទៅច្រៀងសម្ដែងបន្ទាប់ពីអូស្រា្ដលី គឺអាមេរិក ដែលសង្ឃឹមថា នឹងចេញទៅបានដូចក្ដីស្រមៃ នាពេលខាងមុខនេះដែរ។

 ទោះជាលោកសាយ សៀរ៉ា បង្ហាញថា លោកកំពុងតែមានបញ្ហាសេដ្ឋកិច្ច ព្រោះធ្លាក់ប្រាក់ចំណូលពីសិល្បៈក្ដី ប៉ុន្ដែទាំងក្នុងនិងក្រៅសិល្បៈ បានសរសើរថា លោកសៀរ៉ា គឺជាកូនកតញូម្នាក់ ព្រោះបានប្រឹងសន្សំលុយពីសិល្បៈ ជាង១០ឆ្នាំ បានជាង១០ម៉ឺនដុល្លារ សាងសង់ផ្ទះជូនឪពុកម្ដាយ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយពេលនេះ អាយុលោកក៏ជ្រេ ការងារសិល្បៈក៍មិនសូវសម្បូរដូចមុន តែលោកបែរជាមិនទាន់យកប្រពន្ធ ។

 លោកសុវណ្ណ រិទ្ធី និងលោកទេព រិនដារ៉ូ និងយាយយ៉យ

ទាក់ទងរឿងយកប្រពន្ធកូននោះ លោកសាយ សៀរ៉ា អាយុ៤៣ឆ្នាំ បានបញ្ជាក់ថាលោកមានអារម្មណ៍ខ្មាសអៀនក្មួយៗលោក មានខ្លះពួកគេមានកូន២ ខ្លះកូន៣ ទៅហើយ តែលោកជាពូ មិនដឹងប្រពន្ធនៅឯណា ? លោកថា រឿងគូស្រករនេះ មិនអាចកំណត់បានថាពេលណាទើបរៀបការបានទេ ព្រោះថាបើគូព្រេងអត់ទាន់ដល់ មិនដឹងការជាមួយអ្នកណា។ លោកបន្ថែមទៀតថា មិនអាចនិយាយបានថា យកប្រពន្ធជាអ្នកក្នុងឬក្រៅសិល្បៈទេ គឺឲ្យតែដល់គូពេលណា ពេលនោះហើយ ។

លោកសាយ សៀរ៉ា -អ្នកនាងកាតុ និងយុគ ចិន្ដា

ក្រៅពីលោកសាយ សៀរ៉ា តារាដែលពន្យារពេលការប្រពន្ធ មានដូចជា លោកទេព រិនដារ៉ូ, ណុប បាយ៉ារិទ្ធ, ឆន សុវណ្ណារាជ និងអែន ឌី ជាដើម ៕

RELATED ARTICLES