Tuesday, April 15, 2025
Homeតារាខ្មែរឌួង ហ្សូរីដា ចូលឆ្នាំ ចាំផ្ទះ

ឌួង ហ្សូរីដា ចូលឆ្នាំ ចាំផ្ទះ

ភ្នំពេញ ៖ ខុសពីឆ្នាំមុនៗ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃទី១៤ ដល់១៦ មេសា ឆ្នាំ២០២៥ នេះពិធីការិនីឌួង ហ្សូរីដា បានឲ្យដឹងថា នាងគ្មានគម្រោងទៅដើរលេងកម្សាន្ដនៅទីណាទាំងអស់ ពោលគឺដេកផ្ទះស្អាតតែម្ដង ។ ចំពោះមូលហេតុ ត្រូវបានហ្សូរីដា ប្រាប់ថា ដោយសារតែផ្ទះនាងចិញ្ចឹមឆ្កែ ជាច្រើនក្បាល ហេតុនេះបើគ្មានអ្នកនៅផ្ទះ អត់កើត ដែលខុសពីឆ្នាំមុនៗ នាងនិងប្អូនៗ ចូលឆ្នាំ ទៅដើរលេងនៅតាមខេត្ត មានម្ដាយនៅចាំផ្ទះ ប៉ុន្ដែក្រោយម្ដាយ លាចាកលោកទៅ ពេលប្អូនទាំងពីររបស់នាងទៅដើរលេងថ្ងៃចូលឆ្នាំខ្មែរ គឺមានតែនាងនេះនៅចាំផ្ទះ ព្រោះបុគ្គលិកទាំងអស់របស់នាង ត្រូវទៅស្រុក ខណៈនាងក៏មិនទទួលការងារអ្វីទាំងអស់ នៅថ្ងៃចូលឆ្នាំខ្មែរ សម្រាប់ឆ្នាំនេះ។

ឌួង ហ្សូរីដា បានប្រាប់ «នគរធំ» នៅថ្ងៃទី៥ ខែមសា ឆ្នាំ២០២៥ ថា «ឆ្នាំនេះ ចូលឆ្នាំខ្មែរ ខ្ញុំនៅផ្ទះ និយាយទៅ យាមផ្ទះស្អាតតែម្ដង ។ ពីមុន បានម៉ាក់ គាត់នៅមើលផ្ទះ កូនៗដើរលេងចូលឆ្នាំអីចឹងទៅ ប៉ុន្ដែឥឡូវអត់ពីគាត់ គឺមានតែខ្ញុំ ជាបង នៅផ្ទះ ហើយឲ្យប្អូនៗទៅដើរលេងវិញ។ ខ្ញុំដឹងថា ឆ្នាំហ្នឹងសង្រ្កាន្ដធំ នៅខេត្តសៀមរាប តែមិនអីទេ ខ្ញុំអាចមើលបងប្អូនសប្បាយនៅទីនោះ តាមទូរទស្សន៍ ក៏បាន ។ និយាយទៅ ផ្ទះខ្ញុំ មានចិញ្ចឹមឆ្កែ ច្រើន​ក្បាល អីចឹងមិនអាចដើរចោលផ្ទះទាំងអស់គ្នាបានទេ គឺត្រូវតែមានអ្នកនៅផ្ទះ ហេតុនេះឆ្នាំហ្នឹង ខ្ញុំសូមដេកផ្ទះហើយ»។

គួររំលឹកថា ឌួង ហ្សូរីដា បានរស់នៅជាមួយម្ដាយ និងប្អូនស្រីនាង ២នាក់ កំព្រាឪពុកតាំងពីតូច ហើយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ម្ដាយនាង លោកស្រីយ៉ាលីន សុខលីម បានទទួលមរណភាព នៅមន្ទីពេទ្យមួយ នៅប្រទេសថៃ ដោយជំងឺមហារីក ។ ក្នុងនាមជាបងស្រី ហ្សូរីដា បានដឹកនាំគ្រួសារ ប្អូនៗ បានយ៉ាងល្អ ដោយបង្កើតមុខរបរ ហាងកាត់ដេរសម្លៀកបំពាក់ និងហាងកាហ្វេ ឲ្យពួកគេគ្រប់គ្រងរៀងៗខ្លួន ដែលសរុបគិតត្រឹមឆ្នាំ២០២៥ នេះ នាងមានក្រុមហ៊ុនមិនក្រោម ៤ទៅ៥ ។ ចំណែកហាងកាត់ដេរ ដាណាម៉ា បន្សល់ពីអ្នកម្ដាយនាងដែលដំណើរការ ជាង១៦ឆ្នាំ មកហើយនោះ ហ្សូរីដា ថាពេលនេះ ហាងនៅតែដំណើរការល្អ បើទោះជាមនុស្សភាគច្រើន កំពុងតែរងវិបត្តិសេដ្ឋកិច្ច និងហាងខ្លះ ត្រូវប្រឈមបិទទ្វារក៏ដោយ។

 ឌួង ហ្សូរីដា ថ្លែងថា «ហាងកាត់ដេរខ្ញុំ មានការគាំទ្រ រឹតតែខ្លាំង ពីសំណាក់មហាជន  ព្រោះហាងខ្ញុំ មានការទទួលស្គាល់ គាំទ្រពីថ្នាក់ដឹកនាំ  លោកជំទាវ ជានារីៗតាមក្រសួងច្រើន ដោយសាតែសម្លៀកបំពាក់របស់យើង ភាគច្រើនធ្វើពីហូលខ្មែរ ម៉ូដសុភាព ថ្លៃថ្នូរ អ៊ីចឹងម្នាក់ៗដែលត្រូវការសម្លៀកបំពាក់បែបនេះ គឺសំដៅមករកយើងតែម្ដង»។

 ទោះជា ឌួង ហ្សូរីដា ហាក់ផ្ដោតលើការធ្វើជំនួញ ជាងការងារសិល្បៈ ប៉ុន្ដែនាងមិនផ្ដាច់ខ្លួនពីអាជីព MC ទាំងស្រុងទេ ពោលគឺតែងតែលេចមុខធ្វើពិធីករ MC នៅតាមបណ្ដាកម្មវិធីសប្បុរសធម៌ និងតាមក្រសួងនានា ជាញឹកញាប់ ។ ប៉ុន្ដែគួរឲ្យស្ដាយ សង្រ្កាន្ដធំ ឆ្នាំនេះ នៅខេត្តសៀមរាប (អង្គរសង្ក្រាន្ត) ដែលហ្សូរីដា មិនបានទៅធ្វើជាពិធីការិនី ឬរាំកម្សាន្ដជាមួយសិល្បករផ្សេងទៀត ដូចឆ្នាំមុនៗឡើយ ។ ចំណែករឿងរៀបការ ដោយ​សារតែខ្លួនជាមេគ្រួសារ ត្រូវដឹកនាំប្អូនៗ ២នាក់ទៀត គឺប្អូនទី២ ឌួង កូហ្សូណា និងប្អូនទី៣ ឌួង ហ្សូរីម៉ា លើការគ្រប់គ្រងអាជីវកម្មរៀងៗខ្លួននោះ ហេតុនេះទោះជាពេលនេះ ហ្សូរីដា មានវ័យច្រើនបន្ដិចហើយ តែនៅមិនទាន់មានដំណឹងចូលរោងការនៅឡើយ ៕

កញ្ញាឌួង ហ្សូរីដា និងប្អូនស្រីកញ្ញាឌួង កូហ្សូណា

RELATED ARTICLES