Tuesday, April 15, 2025
Homeតារាខ្មែរឆេង សូរិយា ចង់មករស់នៅស្រុកខ្មែរវិញ

ឆេង សូរិយា ចង់មករស់នៅស្រុកខ្មែរវិញ

ភ្នំពេញ ៖ អតីតតារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្មឆ្លងដែន, តោមាស រៃមាស អ្នកនាង ឆេង សូរិយា ដែលបានទៅរស់នៅសហរដ្ឋអាមេរិក ជាង២០ឆ្នាំមកហើយ ពេលនេះនាងបានមកលេងស្រុកកំណើត ជាថ្មី រយៈពេលជិត ១ឆ្នាំហើយ ដែលកូនប្រុសស្រី ទាំង៣នាក់របស់នាង ក៏មកជាមួយដែរ និងមិនទាន់កំណត់បេលវិលទៅអាមេរិក វិញនៅឡើយ ។ អ្នកនាងសូរិយា ឲ្យដឹងថា អ្នកនាង មិនបានទៅច្រៀងសម្ដែងនៅកម្មវិធីអង្គរសង្រ្កាន្ដ នៅខេត្តសៀមរាប ទេ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដោយ សារតែនាងនាំកូនៗ ទៅលេងស្រុកកំណើត នៅខេត្តតាកែវ ។

អ្នកនាងឆេង សូរិយា និងលោកឈឿន ឧត្តម

អ្នកនាងឆេង សូរិយា ប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ថា នាងចុះឡើងៗពីអាមេរិក មកកម្ពុជា តែមកលើកនេះ បានយូរជាងរាល់ដង គឺជិត១ឆ្នាំហើយ មិនទាន់ច្បាស់ថ្ងៃណាទៅអាមេរិក វិញទេ ខណៈដែលស្វាមីនាង កំពុងនៅអាមេរិក ។ អ្នកនាងសូរិយា និយាយថា នាងផ្អាកច្រៀងសម្ដែង ជាង២០ឆ្នាំ ក្រោយរៀបការ និងរស់នៅជាមួយស្វាមីនៅអាមេរិក តាំងពីឆ្នាំ២០០៤ ដែលពេលនេះ មានកូន៣នាក់ (ស្រី១ ប្រុស២) ហើយមកលេងស្រុក លើកនេះ កូនៗនាងក៏មកជាមួយដែរ ព្រោះតែនៅភ្នំពេញ នាងមានផ្ទះជួល ដែលតម្រូវឲ្យនាងចុះឡើងៗ ដើម្បីមើលផ្ទះជួល ។

អ្នកនាងឆេង សូរិយា និងឆោម និមល

អ្នកនាង ឆេង សូរិយា បញ្ជាក់ថា ទោះជានាងផ្អាកច្រៀងសម្ដែង រយៈពេលជាង ២ទសវត្ស ប៉ុន្ដែនាងនៅតែស្រលាញ់អាជីពចម្រៀង ហើយរំភើប សប្បាយចិត្ត ពេលបានជួបជុំអ្នករួមអាជីពចាស់ៗវិញ បន្ទាប់ពីបែកគ្នាជាច្រើនឆ្នាំ ។ ថ្មីៗនេះ អ្នកនាងបានច្រៀងកម្មវិធីរបស់ប៉ុស្ដិ៍បាយ័ន កម្មវិធីតន្រ្ដីស្រុកស្រែ និងសម្ភាសន៍កម្មវិធី 3 Fun ជាដើម ខណៈដែលកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នាងបានថតឲ្យខាងសមាគមទូរទស្សន៍កម្ពុជា នូវបទប្រពៃណីខ្មែរ មួយចំនួន ដើម្បីអបអរឆ្នាំថ្មី បុន្ដែកាលពីថ្ងៃទី៨ ខែមេសា នាងអាកខានថតឲ្យខាងសមាគមសិល្បករខ្មែរ ដោយសារតែមានបញ្ហាសុខភាពតិចតួច ។ អ្នកនាងសូរិយា ថ្លែងថា នាងឃើញសិល្បករវ័យក្មេង នាពេលបច្ចុប្បន្ន មានការរីកចម្រើនខ្លាំង ជាមួយបច្ចេកវិទ្យាទំនើប ដែលពួកគេអាចបង្កើតមាតិកា ឬអ្វីដែលគេចង់បង្ហាញ តាមទូរស័ព្ទ បើទោះជាពេលខ្លះមានបញ្ហាខ្លះៗក៏ដោយ។ ជាមួយគ្នានេះដែរ នាងក៏ចាប់អារម្មណ៍ថា រាជធានីភ្នំពេញ មានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៀតផង ។

 គួររំលឹកថា ឆេង សូរិយា ធ្លាប់ច្រៀងបទល្បីៗជាច្រើន នៅផលិតកម្មឆ្លងដែន ដោយនាងចាប់ដៃគូជាមួយលោកឯក ស៊ីដេ ខណៈដែលនៅផលិតកម្មតោមាស រៃមាស ទស្សនិកជនក៏ពេញចិត្តសំនៀងរបស់នាង ជាច្រើនបទផងដែរ ពិសេសបងប្អូនខ្មែរនៅក្រៅស្រុក។ អ្នកនាងសូរិយា ចេញបទចម្រៀងច្រើន នាអំឡុងឆ្នាំ ២០០០-២០០៣ ហើយនៅឆ្នាំ២០០៤ នាងបានរៀបការនៅអាមេរិក ជាមួយស្វាមីជាអាណិកជនខ្មែរ ជាអ្នករកស៊ីនៅទីនោះ ក្រោយពីបានស្គាល់គ្នា នៅពេលដែលអ្នកនាងទៅច្រៀងនៅអាមេរិក រយៈពេល៦ខែ ។ បច្ចុប្បន្ន អ្នកនាងសូរិយា រស់នៅរដ្ឋ Washington  បន្ទាប់ពីផ្លាស់មកពីការស់នៅពីរដ្ឋមីននីសូតា (Minnesota) ដោយសារតែនៅតំបន់នោះត្រជាក់ខ្លាំងពេក ។

លោកហេង ប៊ុនលាភ ,អ្នកនាងអឿន ស្រីមុំ,ឈឿន ឧត្តម ,ឆេង សូរិយា និងញ៉ែម សុគន្ធ

ឆ្លើយតបសំណួរថា តើអ្នកនាងឆេង សូរិយា មានគម្រោងមករស់នៅស្រុកខ្មែរវិញ ជាអចិន្ត្រៃយ៍ ឬនៅបន្ដចុះឡើង? អ្នកនាងសូរិយា ឆ្លើយថា នាពេលបច្ចុប្បន្ន នាងនិងស្វាមី រួមទាំងកូនៗ តែងតែចុះមកកម្ពុជា ជាញឹកញាប់ គឺចុះឡើងៗ។ ប៉ុន្ដែសម្រាប់ថ្ងៃអនាគត ពេលនាងចាស់ទៅ នាងប្រាកដណាស់ថា នឹងមករស់នៅស្រុកកំណើតវិញ ។ ចំណែកស្វាមីនាង គឺលោកតែងតែសម្របខ្លួនតាមនាងជានិច្ច បើនាងមកនៅស្រុកខ្មែរ គាត់នឹងមកតាមនាងដែរជាមិនខាន ។

ក្រៅពីអ្នកនាងឆេង សូរិយា អតីតតារាដែលមានស្វាមីជាអាណិកជនខ្មែរ នៅអាមេរិក មានដូចជា អ្នកនាងគឹម លក្ខិណា, វ៉េត រតនា, សារ៉ាយ សក្ខណា និងមាស សុម៉ាលី ជាដើម ៕

RELATED ARTICLES