Tuesday, September 17, 2024
Homeសង្គម និងជីវិតម៉ែឪបំបែកស្នេហា កូនក្រមុំនាំសង្សារផ្សំដំណេកក្នុងខ្ទមចាំចម្ការ

ម៉ែឪបំបែកស្នេហា កូនក្រមុំនាំសង្សារផ្សំដំណេកក្នុងខ្ទមចាំចម្ការ

សេចក្តីស្នេហា ដែលកើតឡើងពីបេះដូងកំលោះក្រមុំស្រលាញ់គ្នាស្មោះស្ម័គ្រ ទោះជាមានអ្នកតាមបំបែក ឬអត់ស៊ី មានស៊ី ក៏មិនិបោះបង់គ្នាចោលដែរ សុខចិត្តពង្រត់គ្នាទៅសាងក្បូនស្នេហ៍តែ២នាក់។ យ៉ាងណាមិញ គូស្នេហ៍វ័យក្មេងមួយនេះ ត្រូវបានឪពុកម្តាយទាំងសងខាង ព្យាយាមតាមបំបែកស្នេហ៍ ប៉ុន្តែមិនអាចកាត់ផ្តាច់ចំណងស្នេហ៍ពួកគេបានឡើយ សុខចិត្តនាំគ្នាទៅសុំខ្ទមចាំចម្ការរបស់គេផ្សំដំណេក សាងក្បូនស្នេហ៍រហូតមក…។

កំពង់ស្ពឺ៖ នាងធឿន វិន អាយុ២២ឆ្នាំ រស់នៅភូមិស្តុកអក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ពីចំណងស្នេហ៍របស់ខ្លួនឱ្យដឹងថា នាងមានម្តាយឈ្មោះផៃ ហូរ អាយុ៤៥ឆ្នាំ ឪពុកឈ្មោះ សាន ធឿន អាយុ៤២ឆ្នាំ។ រូបនាងជាកូនច្បង ក្នុងចំណោមបងប្អូន៨នាក់ (ស្រី៧ ប្រុស១)។ នាងមានប្តីឈ្មោះប៉ាក សុខហឿន អាយុ២៥ឆ្នាំ ដែលចំណងស្នេហ៍ពួកនាង បានកើតឡើងតាំងពីនាងទើបតែមានអាយុ១៦ឆ្នាំមកម៉្លេះ នៅអំឡុងឆ្នាំ២០១០ ប៉ុន្តែពន្លកស្នេហ៍ពួកនាងមិនត្រូវបានឪពុកម្តាយទាំងសងខាងស្វាគមន៍ឡើយ ដោយពួកគាត់សុទ្ធតែបានព្យាយាមតាមរារាំងបំបែកស្នេហ៍ តែទីបំផុតនៅតែមិនអាចធ្វើអ្វីស្នេហាស្មោះស្ម័គ្ររបស់នាងបាន។ បន្ទាប់មក គូស្នេហ៍ពួកនាងបាននាំគ្នាមកសុំខ្ទមចាំចម្ការរបស់អ្នកស្រុកទុកចោល ដើម្បីផ្សំដំណេកនិងបានសាងសុភមង្គលគ្រួសារ រួមរស់ជាមួយគ្នារហូតមកទល់សព្វថ្ងៃ ដោយបង្កើតបានកូនចំនួន៥នាក់ ប៉ុន្តែស្លាប់ទៅវិញអស់ខ្លះ នៅសល់តែប្រុស ស្រី២នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។

នាងធឿន វិន បង្ហាញរូបថតប្តី

នាងធឿន វិន បញ្ជាក់ថា តាមពិតទៅ ក្រុមគ្រួសារប្តីប្រពន្ធនាងមិនជា ទីទ័លក្រប៉ុន្មានទេ គ្រាន់តែពួកគាត់មិនពេញចិត្តចំណងស្នេហ៍នាង និងតាមព្យាយាមបំបែកស្នេហ៍មិនឱ្យរួមរស់យកគ្នាជាប្តីប្រពន្ធប៉ុណ្ណោះ ប៉ុន្តែ ដោយសារគូស្នេហ៍របស់នាងស្រលាញ់គ្នាស្មោះស្ម័គ្រ មិនអាចរស់នៅអត់គ្នាបាន ក៏នាំគ្នាមកផ្សំដំណេកនៅខ្ទមចាំចម្ការ និងសាងគ្រួសារខុសគន្លងប្រពៃណីតែម្តង ទោះជាអ្នកនៅជុំវិញខ្លួនយល់ឃើញយ៉ាងណា ក៏ប្តីប្រពន្ធពួកនាងមិនឈឺក្បាលវិលមុខដែរ។ ហើយកន្លងមក ប្តីប្រពន្ធនាងឧស្សាហ៍នាំគ្នាទៅក្រាបសំពះអង្វរឪពុកម្តាយទាំងសងខាង តែពួកគាត់គ្មានចិត្តមេត្តាសន្តោសប្រណី ទទួលស្គាល់ប្តីប្រពន្ធពួកនាងឡើយ។

នាងធឿន វិន បានឱ្យដឹងទៀតថា នាងដឹងខ្លួនឯងធ្វើខុសឆ្គងជាមួយឪពុកម្តាយនិងក្រុមគ្រួសារធ្ងន់ធ្ងរណាស់ ដែលមានថ្លើមធំ ហ៊ានចេញពីផ្ទះមករួមរស់ជាមួយប្តីឥតខាន់ស្លា ប៉ុន្តែនាងមិនស្តាយក្រោយ ហើយមិនមានវិប្បដិសារីទេ ទោះបីនាងបានប្រគល់ព្រហ្មចារីឱ្យប្រុសថ្លើមថ្លៃឆីនៅក្នុងខ្ទមចាំចម្ការនេះ ក៏មិនទាស់ខុសអ្វីឡើយ ព្រោះប្តីនាងជាមនុស្សស្រលាញ់ប្រពន្ធកូន និងឧស្សាហ៍ខំប្រឹងធ្វើការណាស់។ ថ្វីត្បិតតែប្តីមានឋានៈធ្វើជាកម្មករសំណង់ បានប្រាក់កម្រៃ២៥០០០ ទៅ៣០០០០រៀល ក្នុង១ថ្ងៃ ពិតមែន តែប្តីយកលុយបានពីញើសឈាមឱ្យប្រពន្ធគ្រប់ចំនួនទាំងអស់ មិនដែលបាត់១កាក់ ១សេនទេ ព្រមទាំងផ្តល់ភាពកក់ក្តៅឱ្យក្រុមគ្រួសារជានិច្ច។

នាងធឿន វិន បន្ថែមថា ជាងនេះទៀត ទោះជានៅក្នុងរដូវវស្សាក្នុងខ្ទមកម្សត់ ដែលប្តីប្រពន្ធនាងកំពុងរស់នៅមានសភាពធ្លុះធ្លាយទឹកភ្លៀងសាចចូលទទឹកពិតមែន តែក្នុងចិត្តនាងរស់នៅមានអារម្មណ៍កក់ក្តៅណាស់។ តែអ្វីដែលនាងព្រួយចិត្តនោះ មិនដឹងរយៈពេលប៉ុន្មានខែឆ្នាំទៀតទៅ ទើបឪពុកម្តាយទាំងសងខាងទន់ចិត្តព្រមលើកលែងទោស ទទួលស្គាល់ប្តីប្រពន្ធនាងជាសាច់ឈាមវិញនោះ? តែយ៉ាងណា នាងមិនអស់សង្ឃឹមទេ ព្រោះកាត់ទឹកមិនដាច់ កាត់សាច់មិនបាន សំខាន់ឱ្យតែប្តីប្រពន្ធនាងស្រលាញ់គ្នាស្មោះស្ម័គ្រ ខំប្រឹងរកស៊ីឱ្យមានបាននៅថ្ងៃណាមួយ បើពួកគាត់មិនអាណិតប្តីប្រពន្ធនាង ក៏អាណិតដល់ចៅដែរ។

អ្នកស្រីឡាយ ម៉ៅ អាយុ៥២ឆ្នាំ ជាម្តាយលោកសុខហឿន បានឱ្យដឹងថា កាលពីកូនប្រុសបង្កាត់ភ្លើងស្នេហ៍ជាមួយគូសង្សារដំបូង គាត់មិនមានគំនិតបំបែកបំបាក់ស្នេហ៍របស់ពួកគេឡើយ ថែមទាំងទៅរកគ្រូហោរឱ្យជួយគន់គូរ មើលខែឆ្នាំពួកគេទៀតផង ប៉ុន្តែគ្រូហោរចំនួន៣នាក់ឯណោះ សុទ្ធតែឆ្លើយដូចគ្នាថា ខែឆ្នាំពួកគេមិនល្អឡើយ យកគ្នាជាប្រពន្ធប្តីរកស៊ីមិនឡើងទេ ថែមទាំងអាច មានគ្រោះថ្នាក់ស្លាប់ម្នាក់ៗទៀតផង ទើបក្រុមគ្រួសារទាំងសងខាងមិនយល់ព្រម ក៏តាមបំបែកស្នេហ៍ពួកគេមិនឱ្យមានទំនាក់ទំនងនឹងគ្នាទៀត ប៉ុន្តែគូស្នេហ៍ពួកគេមានះណាស់ រត់ទៅរួមរស់ក្នុងខ្ទមចាំចម្ការ ក្នុងនាមជាប្តីប្រពន្ធអត់ខាន់ស្លា មកដល់សព្វថ្ងៃ។ ចំណែកឪពុកម្តាយទាំងសងខាង ក៏មិនទាន់មានគម្រោង ឬសញ្ញាណាមួយផ្សំផ្គុំឱ្យពួកគេមានខាន់ស្លាត្រឹមត្រូវ ឬទទួលស្គាល់ដែរ ដោយបណ្តោយឱ្យពួកគេរស់នៅតាមយថាកម្មមួយរយៈសិន។

អ្នកស្រីឌីម ផាត អាយុ៤២ឆ្នាំ និងលោកឆេង ឆុង អាយុ៣៩ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា គូស្នេហ៍របស់នាងធឿន វិន ពិតជាស្រលាញ់គ្នាស្មោះស្ម័គ្រណាស់។ កាលពីពួកគេនៅជាគូសង្សារនឹងគ្នា ក្រុមគ្រួសារទាំងសងខាងតាមធ្វើទុក្ខបុកម្នេញ បំបែកស្នេហ៍ពួកគេ ប៉ុន្តែមិនអាចធ្វើអ្វីពួកគេបានឡើយ។ ទើបតែក្រោយពីពួកគេទាំងពីររួមរស់ជាប្រពន្ធប្តីឥតខាន់ស្លាមក ឪពុកម្តាយលែងតាមបំបែកស្នេហ៍ទៀត តែមិនទាន់ទទួលស្គាល់ពួកគេជាសាច់ឈាមវិញនៅឡើយទេ …៕     សុខ វណ្ណា

RELATED ARTICLES