Tuesday, April 15, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដ សប្បាយចិត្ត កូនទី១ ចេះវាយស្គរ

ខេមរៈ សិរីមន្ដ សប្បាយចិត្ត កូនទី១ ចេះវាយស្គរ

ភ្នំពេញ ៖ ខេមរៈ មន្ដស្នេហ៍ អាយុជាង១២ឆ្នាំ ជាកូនប្រុសទី១ របស់ខេមរៈ សិរីមន្ដ ត្រូវបានឪពុកចាប់ផ្ដើមបើកផ្លូវត្រួសត្រាយឲ្យដើរតាមគន្លងរបស់ខ្លួនហើយ ប៉ុន្ដែចេញមកបើកឆាកនោះ មិនមែនច្រៀងដូចឪពុកទេ តែគឺរូបគេមានទេពកោស្យវាយស្គរដៃ ក្នុងចម្រៀងរបស់ឪ បទ «Khmer Vibe» ។

 លោកខេមរៈ សិរីមន្ដ បានបង្ហាញអារម្មណ៍ថា លោកសប្បាយចិត្តនៅពេលដែលឃើញកូនប្រុសចេះវាយ ស្គរដៃ ឧបករណ៍បុរាណខ្មែរ ។ ប៉ុន្ដែយ៉ាងណា ទាំងលោកប៊ុនថៃ និងភរិយាអ្នកនាងគួយ ផល្លី មិនធ្លាប់បង្ហាញកូនរៀនជំនាញសិល្បៈ ដោយហាត់ច្រៀង, រាំ និងឧបករណ៍តន្រ្ដីបុរាណទេ កន្លងមក ។ តែចាប់ពីពេលនេះទៅសិរីមន្ដ រុញកូនឲ្យស៊ាំជាមួយឆាកតន្រ្ដីហើយ ដែលទម្រាំរូបគេពេញវ័យ នឹងមិនខ្លាចឆាក ទើបបណ្ដោយឲ្យចាប់ដៃជាមួយឪពុកច្រៀងរាំតែម្ដង ។

  ការចាប់ផ្ដើមបណ្ដុះកូនប្រុសឲ្យចូលសិល្បៈ តាមគន្លងខ្លួនរបស់ខេមរៈ សិរីមន្ដ នាពេលនេះ គឺស្របពេលដែលតារាចម្រៀងរួមទ្រនំ លោកព្រាប សុវត្ថិ កំពុងតែឲ្យកូនប្រុសទាំង៣អុកឡុកតាមបណ្ដាឆាកតន្រ្ដី ខណៈដែលលោកជេសម៍ វិញក៏ទាញដៃកូនស្រី ចូលទ្រនំខ្លួនដែរ ទើបសិរីមន្ដ ដែលរង់ចាំតែកូនប្រុសពេញវ័យនោះ មិនអាចពន្យារពេលតទៅទៀត ក្នុងការឲ្យកូនត្រៀមស្នងតំណែងខ្លួន នាពេលខាងមុខឡើយ ។ ប៉ុន្ដែដោយសា​ចេញមកលើកដំបូង កូនប្រុសសិរីមន្ដ បញ្ចេញសមត្ថភាពវាយស្គរដៃ មិនទាន់បង្ហើរសំនៀងដូចឪពុកគេនោះ ទើបគេមិនទាន់អាចវាយតម្លៃបានទេថា តើអាចទៅរួចឬអត់?

  សូមបញ្ជាក់ថា ខេមរៈ សិរីមន្ដ ចាប់ដៃអ្នកនាងគួយ ផល្លី រយៈពេល ២១ឆ្នាំ ទទួលបានកូន ៣នាក់ គឺកូនប្រុសទី១ ឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុ១២ឆ្នាំ, កូនទី២ ស្រីឈ្មោះខេមរៈ ស្រ្ដី អាយុ៩ឆ្នាំ និងកូនទី៣ ស្រី ឈ្មោះខេមរៈ មន្ដរាជនី អាយុ៧ឆ្នាំ ។ ប្រភពបានឲ្យដឹងថា ខេមរៈ សិរីមន្ដ អាចនឹងរងចាំដល់ទៅ ៦ឆ្នាំ ទៀតពោលគឺនៅឆ្នាំ២០៣១ ដែលពេលនោះកូនទី១ ឈានចូលវ័យ ១៨ឆ្នាំ ទើបសិរីមន្ដ ឲ្យកូនច្បងខ្លួនអុកឡុកទីផ្សារចម្រៀង ពេញទី ដូចគ្នាទៅនឹងលោកព្រាប សុវត្ថិ ដែរ ។

  ក្រៅពីខេមរៈ សិរីមន្ដ តារាដែលបណ្ដុះកូនឲ្យដើរតាមគន្លងខ្លួន មានដូចជាលោកហួរ ឡាវី, ព្រាប សុវត្ថិ, ខាន់ ជេមស៍ ,កែវ កល្យាណ និងសឿន ផាភួង ជាដើម ។ សម្រាប់លោកប៊ុនថៃ វិញ ពេលនេះអាយុ៤០ឆ្នាំគត់ ប៉ុន្ដែតាំងពីចូលជ្រកនៅ Galaxy ជាង២ឆ្នាំនេះ តារាកូន៣អុកឡុកទីផ្សារចម្រៀង កាន់តែខ្លាំងឡើងៗ រហូតធ្វើឲ្យតារារួមទ្រនំខ្លះពិបាកទប់ទល់ទៀតផង ក្នុងនោះក៏មានទាំងលោកព្រាប សុវត្ថិ ម្នាក់ដែរ ។ ប៉ុន្ដែតាមព័តមានថា ថៅកែ Galaxy ចង់រក្សាទុកតារាទាំងពីរ ឲ្យនៅទ្រនំខ្លួន ជាបន្ដទៀត ពោលគឺមិនទុកម្នាក់ ឲ្យម្នាក់ទៀតរត់ចេញនោះទេ ហេតុនេះម្ចាស់ផលិតកម្មនឹងមិនឲ្យសិរីមន្ដ វ៉ាព្រាប សុវត្ថិ ឡើយ ។

  មហាជនរង់ចាំមើលថា ខេមរៈ សិរីមន្ដ នឹងឲ្យកូនទី១ ចូលផលិតកម្ម Galaxy តាមខ្លួនមុនកំណត់ ឬឲ្យបន្ដនៅវាយស្គរដៃ ខាងក្រៅផលិតកម្មបន្ដតទៅទៀត ព្រោះចង់ឲ្យកូនចេះឧបករណ៍តន្រ្ដីបុរាណច្រើន ទើបទាញមកចូលច្រៀងសម័យ ឬយ៉ាងណា ? …៕

RELATED ARTICLES