Tuesday, April 22, 2025
Homeតារាខ្មែរយុគ ចិន្ដា លែងចង់រៀបការ

យុគ ចិន្ដា លែងចង់រៀបការ

ភ្នំពេញ ៖ យុគ ចិន្ដា បានឆាចោលមង្គលការ ចំនួន៣ដងរួចមកហើយ គឺលើកទី១ ឆ្នាំ២០២១ (ដោយសាកូវីដ), លើកទី២ ឆ្នាំ២០២២ (ព្រោះម្ដាយទទួលមរណភាព), លើកទី៣ ឆ្នាំ២០២៣ (កាន់ទុក្ខម្ដាយ) និងជិត២ឆ្នាំចុងក្រោយនេះ ស្ងាត់ដំណឹងនាងចូលរោងការតែម្ដង បើទោះជាអ្នកនាងចិន្ដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា នឹងរៀបការនៅពេលដែលកូនស្រីយុគ ដាពេជ្រ ហៅស្រីអម ពេញវ័យ គម្រប់អាយុ ១៨ឆ្នាំ តាំងពីឆ្នាំ២០២៤ ក៏ដោយ។

          តើអ្នកនាងយុគ ចិន្ដា ហ៊ានរៀបការប្ដីជាចំហមែន ឬនាងចេះតែលើកពេលរហូត?

 លោកជីមមី ជំនួយការអ្នកនាងយុគ ចិន្ដា បានប្រាប់អ្នកព័ត៌មានយើងតាមទូរស័ព្ទទាក់ទងរឿងអ្នកនាងចិន្ដា រៀបការនេះ ដោយនិយាយខុសពីលើកមុនៗថា ឥឡូវមេរបស់លោក មានការប្រែប្រួលចិត្តហើយ ពោលគឺនៅឆ្នាំ២០២៥ នេះ ចិន្តា លែងចង់រៀបការតែម្ដង ។ ចំពោះមូលហេតុ ត្រូវបានជំនួយការអ្នកនាងចិន្ដា អះអាងថា ដោយសារតែអ្នកនាងចិន្ដា ជាប់រកស៊ីច្រើន មិនទំនេរ ជាក់ស្ដែងដូចជាពេលនេះនាងកំពុងតែសាងសង់រមណីយ ដ្ឋាន ឬរីសត (Resort) នៅស្រុកសែអំបិល ខេត្តកោះកុង ជាដើម ។

លោកជីមមី ថ្លែងថា «មេខ្ញុំ (អ្នកនាងចិន្ដា) គាត់លែងចង់រៀបការទៀតហើយ ។ បញ្ហាដោយសារតែគាត់រវល់ច្រើនណាស់ អ៊ីចឹងមិនបានគិតគួររឿងរៀបការទៀតទេ»។

 ថ្វីត្បិតតែលោកជីមមី បានអះអាងបែបនេះក្ដី ប៉ុន្ដែតាមព័តមានថា អ្នកនាងយុគ ចិន្ដា អាចនឹងប្ដូរចិត្តរឿងរៀបការនេះបានគ្រប់ពេល ព្រោះថាតារាដែលជិតស្និទ្ធនាងភាគច្រើន នៅតែជំរុញឲ្យអ្នកនាងចិន្ដា ចូលរោងការ ដើម្បីបញ្ចប់រឿងគេថា នាងជោគជ័យតែការសិល្បៈនិងជំនួញ ប៉ុន្ដែរឿងស្នេហា មិនច្បាស់លាស់។ ចំណែកគូស្នេហ៍របស់អ្នកនាងចិន្ដា ដែលគេស្គាល់ថាមន្រ្ដីសុរិយោដីម្នាក់នោះ លោកចាំតែសម្របខ្លួនតាមចិន្តា ជានិច្ច ពោលគឺសុខចិត្តរួមរស់ជាមួយគ្នាដោយមិនចាំបាច់រៀបការតទៅទៀត ឬចូលរោងការទៅតាមការសម្រេចចិត្តរបស់អ្នកនាងចិន្ដា តែម្នាក់គត់ ។

 យុគ ចិន្ដា បានសាងស្នេហាដោយបើកចំហជាមួយមន្ត្រីសុរិយោដីវ័យចំណាស់ម្នាក់ ជាច្រើនឆ្នាំមកហើយ ដែលពេលនេះ អ្នកទាំងពីររួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល នៅផ្ទះវីឡាដ៏ប្រណិត ក្នុងបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រៅពីចំណាយលុយសែនដុល្លារ សាងសង់រីសត នៅខេត្តកោះកុង អ្នកនាងចិន្ដា មានហាងមួយចំនួននៅភ្នំពេញ ដូចជាភោជនីយដ្ឋានចងចាំ Lounge, ហាងអាហារបួស, ហាងកាត់ដេរ និងផ្ទះជួលមួយចំនួនទៀត ។ អ្នកនាងចិន្ដា ត្រូវបានគេចាត់ទុកជាសេដ្ឋិនីម្នាក់ ក្នុងសិល្បៈ តែទោះជាមានលុយយ៉ាងណា ក៏នាងមិនចោលអាជីពចាស់ដែរ ពោលគឺនៅតែចេញមុខតាមកញ្ចក់ទូរទស្សន៍ដដែល បើទោះជាចុងក្រោយនេះ គ្មានកម្មវិធីណាលេចធ្លោខ្លាំងដូចមុនក៏ដោយ។ ការលែងខ្វល់រឿងរៀបការ របស់អ្នកនាងចិន្ដា នាពេលនេះ គឺក្រោយពេលដែលពិធីការិនីជើងចាស់រូបនេះ ទើបតែប្រារពខួបកំណើតគម្រប់អាយុ៤៨ឆ្នាំ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។          

គួរបញ្ជាក់ថាក្រៅពីអ្នកនាងយុគ ចិន្ដា តារាដែលឈប់កំណត់ថ្ងៃរៀបការនៅឆ្នាំ២០២៥ នេះ មានដូចជា អ្នកនាងពេជ្រ សោភា, ប៉ាច គីមមួយ និងម៉ា នីកា ជាដើម ៕

RELATED ARTICLES