ភ្នំពេញ ៖ តារាចម្រៀង សេន យូរី នៅតែធ្វើឲ្យគេចាប់អារម្មណ៍តាមរយៈបទ «ជិះសេះ» ដោយនាងចាប់ដៃជាមួយលោកខាន់ ស៊ីអឿន ដែលបទនេះត្រូវបានគេយកទៅចាក់រាំច្រៀងតាមសង្រ្កាន្ដមួយចំនួន បើទោះជាមានការិះគន់ថា ចម្រៀងនេះ បើស្ដាប់តែចំណងជើង ហាក់ដូចជាអាសអាភាសក្ដី ។ ការនៅតែមានទីផ្សាររបស់ស្រីស្រស់ យូរី នេះ បញ្ជាក់ថា អាជីពសិល្បៈរបស់នាង ខុសពីស្នេហា ពោលគឺទោះជាពេលនេះតារាល្បីៗរបស់ហង្សមាស បានចាកចេញសឹងតែអស់ទៅហើយក្ដី ប៉ុន្ដែយូរី នៅក្រាញក្នុងទ្រនំធំនេះបន្ដទៀត ហើយថែមទាំងចេញច្រៀងតាម Concerts ធំៗជាបន្ដទៀតផង ទោះជាមានការបង្ហើបថា ដំបៅក្នុងបេះដូងនាងនៅមិនទាន់បានជាសះស្បើយ ព្រោះតែលោកថៅកែ ជា នី ផ្ដាច់ស្នេហាកណ្ដាលទី គ្មានស្ដាយអនុស្សាវរីយ៍បន្ដិចក្ដី តែតារាសិចស៊ីរូបនេះ នៅតែលេងក្បាច់រាំសាហាវៗលើឆាកតន្រ្ដី ហាក់ដូចជាគ្មានទុក្ខសោកបន្ដិចសោះឡើយ ។


ក្រៅពីបទ «ជិះសេះ» យូរី ក៏ល្បីបទ «ទាស្រវឹង» ផងដែរ ខណៈដែលនៅហង្សមាសពេលនេះមានតែនាងម្នាក់ប៉ុណ្ណោះ ដែលជាតារាពូកែលេងក្បាច់រាំជាងគេ ថ្វីត្បិតមានការលើកឡើងថា យូរី ស៊ីតែបទញាក់ បទស្លូវ នាងពិបាកយកឈ្នះតារាផ្សេងៗទៀតក៏ដោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តាមព័ត៌មានថា ថៅកែបានផ្ដល់សិទ្ធិពិសេសឲ្យតារាសាច់សខ្ចីនេះទៀតផង ពោលគឺនាងអាចធ្វើបទពីខាងក្រៅបាន ចេញនៅផលិតកម្ម បន្ថែមពីលើក្រុមហ៊ុនទម្លាក់បទឲ្យច្រៀង។ បញ្ហានេះហើយដែលគេជឿថា យូរី មិនទាន់ប្រញាប់រត់ចោលហង្សមាសដូចមិត្តរួមអាជីពទេ ព្រោះនាងនៅតែមានបទថ្មីៗចេញ ហើយថែមទាំងក្ដាប់បានឱកាសកើបលុយពី Concerts ទាំងក្នុងនិងក្រៅ Studio ទៀតផង។

តាមព័ត៌មានថា យូរី អាចនឹងក្ដាប់ឱកាសសម្ដែងភាពយន្ដ លើកដំបូងរបស់ខ្លួនទៀតផង នាពេលខាងមុខនេះ ព្រោះការថតកុន ជាបំណងប្រាថ្នារបស់នាងមួយច្រកទៀត ដើម្បីឲ្យមានសកម្មភាពសិល្បៈកាន់តែច្រើន ។ ប៉ុន្ដែមិនទាន់ដឹងថា តើថៅកែ នឹងឲ្យយូរី ថតជាតួឯក ឬជាតួរងនោះទេ។

តាមប្រភពថាយូរី បានប្រេះឆាស្នេហា៣លើកហើយ អំឡុងពេលដែលនាងឈរជើងនៅផលិតកម្ម ៣ផ្សេងគ្នា ក្នុងអាជីពជាង ១០ឆ្នាំ គឺ Rock, សាន់ដេ និងចុងក្រោយ ទើរនៅហង្សមាស។ ប៉ុន្តែយូរី បានបែងចែកដាច់ស្រឡះពីគ្នារវាងការងារសិល្បៈ និងស្នេហា ពោលគឺនាងនាងមិនដែលបង្ហាញទុក្ខសោក ឈឺចាប់បេះដូង ឲ្យអ្នកណាម្នាក់បានឃើញឡើយ បើទោះជាគេដឹងថា នាងរីករាយតែនៅលើឆាកតន្រ្ដី ប៉ុន្ដែនៅក្រៅឆាក ពេលខ្លះនាងស្រងូតស្រងាត់ម្នាក់ឯងក្ដី ។ ប្រភពខ្លះថា យូរី មិនមែនបេះដូងនៅទំនេទេ គ្រាន់តែនាងមិនបង្ហាញស្នេហា ជាចំហ ព្រោះខ្លាចជាន់ដានចាស់។ តាមព័តថា មានប្រុសទាំងក្នុងនិងក្រៅស្រុក ចាំត្រងស្នេហាយូរី តែភាគ ច្រើនបុរសទាំងនោះជាប្រុសវ័យចំណាស់ ។

យូរី នៅតែលេងស្ទីលចាស់ដដែល ពោលគឺផ្ដោតលើការផលិតបទញាក់ ច្រើនជាងស្លូវ ។ ចំណែក Fan របស់យូរី មិនចង់ឃើញនាងជោគជ័យបទ «ជិះសេះ» ហើយនៅរងាបេះដូងបែបនេះទៀតឡើយ ក្រោយចែកផ្លូវពីថៅកែហាង ជាង៣ឆ្នាំទៅហើយ៕


