វ៉ាស៊ីងតោន (សហរដ្ឋអាមេរិក) ៖ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោកស្រី គ្រិស្ទី ណឹម (Kristi Noem) ត្រូវបានចោរលួចកាបូបរបស់គាត់ ខណៈពេលដែលកំពុងញ៉ាំអាហារពេលល្ងាច នៅភោជនីយដ្ឋានដ៏ពេញនិយមមួយ នៅកណ្តាលទីក្រុងវ៉ាស៊ីងតោន ឌីស៊ី (Washington, D.C.) បណ្តាលឲ្យបាត់បង់ទ្រព្យសម្បតិ្តជាច្រើន រួមទាំងលុយជាង ៣ពាន់ដុល្លារ លិខិតឆ្លងដែន និងប័ណ្ណចេញចូលក្រសួង។ ករណីនេះ មន្ត្រីជំនាញកំពុងពិនិត្យកាមេរ៉ា CCTV ដើម្បីតាមចាប់ជនល្មើស។

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ទូរទស្សន៍ CNN បានរាយការណ៍ថា លោកស្រី គ្រិស្ទី ណឹម (Christie Noem) រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានរងគ្រោះក្នុងអំពើលួចកាបូប ខណៈលោកស្រីកំពុងទទួលទានអាហារពេលល្ងាច ជាមួយក្រុមគ្រួសារ នៅភោជនីយដ្ឋាន Capital Burger ក្នុងទីក្រុង វ៉ាស៊ីងតោន ឌីស៊ី កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ។
តាមប្រភពមន្ត្រីសន្តិសុខម្នាក់ បានពិនិត្យឃើញថា កាមេរ៉ាខាងក្នុងហាង ថតបានរូបភាពបុរសស្បែកស មិន ស្គាល់អត្តសញ្ញាណ ពាក់ម៉ាស់ បានដើរចូលទៅលួចយកកាបូបរបស់លោកស្រីរដ្ឋមន្ត្រី រួចចាកចេញពីហាងដោយរលូន។ នៅក្នុងកាបូបនោះ មានវត្ថុសំខាន់ៗជាច្រើន ដូចជា ប័ណ្ណបើកបរ ថ្នាំពេទ្យ លិខិតឆ្លងដែន សោ ផ្ទះ ប័ណ្ណក្រសួងសន្តិសុខ មានសែកទទេជាច្រើនថង់គ្រឿងសម្អាង និងសាច់ប្រាក់ប្រហែល ៣០០០ដុល្លារ។

អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិអាមេរិក បាននិយាយថា លោកស្រីរដ្ឋមន្ត្រី កំពុងធ្វើដំណើរជាមួយកូនៗ និងចៅៗរបស់គាត់ សម្រាប់បុណ្យ Easter និងបានដកសាច់ប្រាក់យ៉ាងច្រើន ដើម្បីចំណាយលើអាហារគ្រួសារ សកម្មភាព និងអំណោយថ្ងៃឈប់សម្រាក។
ភ្លាមៗក្រោយកើតហេតុខាងលើ អង្គភាពស៊ើបការណ៍ បានចាប់ផ្តើមការស៊ើបអង្កេត និងត្រៀមខ្លួនជាស្រេច ដើម្បីតាមដានចលនានៃមូលប្បទានបត្រ និងប្រតិបត្តិការហិរញ្ញវត្ថុ ដែលអាចពាក់ព័ន្ធនឹងការលួចកាបូបខាង លើនេះ៕