Thursday, April 24, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ២០២៥ ជិះសេះលែងដៃ ?

ឱក សុគន្ធកញ្ញា ២០២៥ ជិះសេះលែងដៃ ?

ភ្នំពេញ ៖ រយៈពេល ១៤ឆ្នាំ (២០១០-២០២៤) ដែលឱក សុគន្ធកញ្ញា មានភាពប្រដមប្រសង ឬវ៉ាពេជ្រ សោភា មិនដាច់ឡើយ បើទោះជានាងតែងតែមានប្រៀបជាងសោភា អំឡុងពួកគេជ្រកទ្រនំជាមួយគ្នា ដូចជាកាន់កម្មវិធីប្រឡងចម្រៀងធំៗ ច្រើនជាងគេ និងចេញបទចម្រៀង បានតាមចិត្តចង់ជាដើម ។ ប៉ុន្ដែចាប់តាំងពីចុងឆ្នាំ២០២៤ នៅពេលពេជ្រ សោភា ដែលជ្រកនៅហង្សមាស ១៩ឆ្នាំ (២០០៥-២០២៤) បានចាកចេញ ហើយតារាស្រីល្បីៗជាច្រើនទៀត ដូចជា សុគន្ធ និសា, វី ឌីណែត, សុខ ស្រីនាង,​ ពេជ្រ សូលីកា, រ៉េត ស៊ូហ្សាណា និងប៉ាច គីមមួយ ជាដើម បានស្ពាយបង្វេចចេញពីផលិតកម្មនេះដែរ ធ្វើឲ្យមានការលើកឡើងថាឱក សុគន្ធកញ្ញា លែងមានគូប្រជែង ឬជិះសេះលែងដៃ ។

តើឱក សុគន្ធកញ្ញា ដែលរៀបការប្ដី ជិត៦ឆ្នាំ និងមានកូន២នាក់ ទៅហើយនោះ នៅតែនាំមុខគេនៅផលិតកម្មបងថ្លៃបានដែរឬទេ ?

តារាសម្ដែងជើងចាស់ អ្នកស្រី ឌី សាវ៉េត បានប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ថា មនុស្សត្រូវតែមានគូស្រករ ជារឿងរបស់ធម្មជាតិ ដោយស្រ្ដីមានប្ដី បុរសមានប្រពន្ធ។ អ្នកស្រីសាវ៉េត ថា ទោះ ជាពេលនេះ មិនបានតាមដានបទចម្រៀងថ្មីៗរបស់សុគន្ធកញ្ញា ប៉ុន្ដែអ្នកស្រីមើលឃើញថា ក្រោយពេលកញ្ញា មានស្វាមីនិងកូនហើយ នៅតែបន្ដអាជីពចម្រៀងនេះ បញ្ហាសំខាន់គឺរក្សាចំណងស្នេហាឲ្យបាន ប្ដីប្រពន្ធកុំប្រចណ្ឌគ្នា មិនមែនប្រពន្ធថតឱបតួប្រុសណាតាមបទចម្រៀង ហើយប្ដីខឹងនោះទេ តែត្រូវយល់ពីតម្លៃសិល្បៈ ថាសកម្មភាពនោះ មានតែក្នុងឆាក ក្រៅឆាក នាងឱបប្ដីតើ!

អ្នកស្រី ឌី សាវ៉េត បន្ថែមថា ដោយសាតែស្វាមីសុគន្ធកញ្ញា ជាអ្នកធ្វើការនៅក្នុងរង្វង់សិល្បៈស្រាប់ ហេតុនេះប្រាកដជាយល់ពីអាជីពប្រពន្ធច្បាស់ណាស់ អ៊ីចឹងបញ្ហាវាមិនងាយកើតមានទេ ។ អ្នកស្រីសាវ៉េត យល់ដែរថា បើគ្រួសារតារាចម្រៀងល្បីមួយ រក្សាចំណងស្នេហា គ្មានភាពប្រេះស្រាំទេ នោះក៏អាចរក្សារបាននូវភាពល្បីល្បាញតទៅទៀត ព្រោះតារាខ្លះ មានប្ដី និងកូនធំៗអស់ហើយ ពួកគេនៅតែបន្ដអាជីពសិល្បៈធម្មតា អត់ឈប់ទៅណាទេ ហើយករណីនេះ សុគន្ធកញ្ញា ក៏ដូចគ្នា។

 ឱក សុគន្ធកញ្ញា ត្រូវបានស្វាមីចាត់ទុករូបនាង ប្រៀបដូចជាព្រះនាង ដោយមុននេះបានរៀបចំឲ្យនាងច្រៀងជា Solo Concerts ជាបន្ដបន្ទាប់ មិនខ្វល់ពីតារាល្បីៗផ្សេងទៀតដែលសម្រុកគ្នាដើរចេញ។ ប៉ុន្ដែសុគន្ធកញ្ញា គ្មានបទល្បីផ្ទុះខ្លាំងដូចមុនឡើយ ហើយក្រោយវាយលុក Solo Concerts នៅភ្នំពេញ, បាត់ដំបង និងកំពង់ចាម មកពេលនេះគ្មានដំណឹងនាងចង់ច្រៀងម្នាក់ឯង នៅខេត្តផ្សេងៗទៀតទេ ប៉ុន្ដែបានចេញច្រៀងតាមក្លឹប និង Pub ដូចតារាល្បីៗផ្សេងទៀតដែរ ។ Fan ខ្លះលើកឡើងថា នៅពេលដែលសុគន្ធកញ្ញា អត់ដៃគូប្រជែងខ្លាំងដូចមុនបែបនេះ ទោះជានាងនៅតែជាតួឯករបស់ហង្សមាស ក៏ទីផ្សារចម្រៀងរបស់នាង មិនខ្លាំងដូចមុនមានប្ដីដែរ។

 អ្នកស្រី ឌី សាវ៉េត បន្ថែមទៀតថា ការជ្រកនៅហង្សមាស និងមានស្វាមី ជាអ្នកគ្រប់គ្រងនៅទីនោះហើយ ឱក សុគន្ធកញ្ញា ជាអ្នកមានទេពកោសល្យសិល្បៈម្នាក់នោះ មិនជាបញ្ហាចោទក្នុងការដែលធ្វើឲ្យនាងអាចចាប់អាជីពចម្រៀងតទៅទៀត ក្រោយមានស្វាមីនិងកូននោះទេ ។ អ្នកស្រីក៏មិនភ្លេចជូនពរឲ្យសុគន្ធកញ្ញា មានក្ដីសុខសុភមង្គល និងបន្ដអាជីពចាស់ ហើយបណ្ដុះគ្រាប់ពូជសិល្បៈបន្ថែមទៀត។ ប៉ុន្តែបញ្ហាសំខាន់ អ្នកស្រីនៅតែសង្កត់ថា សូមកុំឲ្យសុគន្ធកញ្ញា និងស្វាមី មានការប្រចណ្ឌគ្នា ក្នុងការធ្វើការងារសិល្បៈនេះ ព្រោះបើធ្វើរឿងនេះបាន មិនត្រឹមតែរក្សារកេរ្ដិ៍ឈ្មោះក្នុងសិល្បៈនោះទេ ប៉ុន្ដែក៏ធ្វើឲ្យសុភមង្គលកាន់តែរឹងមាំផងដែរ ។

 ចំណែកលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងដែរថា សមត្ថភាពដូចសុគន្ធកញ្ញា កុំថាឡើយកូន២ ទោះជាកូន៥ ក៏នៅតែល្បីដែរ ឲ្យតែមានបទចម្រៀងនៅចេញ និងធ្វើខ្លួនឲ្យសមជាតារា នៅចំពោះមុខមហាជន ។          

តាមព័តមានថា ដោយសារតែឱក សុគន្ធកញ្ញា មិនទាន់ចង់បន្ធូដៃពីអាជីពចាស់នេះហើយ ទើបគម្រោងយកកូនទី៣ របស់នាង ត្រូវបានផ្អឹបទុកមួយអន្លើសិន បើទោះជានាងនិងស្វាមី សុទ្ធតែចង់បានកូនស្រី ដូចគ្នា បន្ទាប់ ពីបានកូនប្រុស២ រួចមក ៕

RELATED ARTICLES